បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា រដ្ឋមន្រ្តីក្រសួងការបរទេសរបស់សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មថ្មីលើមេដឹកនាំសាសនាអ៊ីរ៉ង់ មន្ត្រីជាន់ខ្ពស់ និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធ ដើម្បីគាំទ្រប្រជាជនអ៊ីរ៉ង់តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និង ការដែលផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ីសម្រាប់ប្រើប្រាស់មកវាយប្រហារលើអ៊ុយក្រែន។
កាលពីថ្ងៃចន្ទកន្លងទៅនេះ បុគ្គលចំនួន ២០ នាក់ត្រូវបានដាក់ទណ្ឌកម្មក្រោមករណីការរំលោភសិទ្ធិមនុស្ស ខណៈដែលមនុស្ស ៤ នាក់ទៀត និងអង្គភាពជាច្រើនទៀតត្រូវបានរងទណ្ឌកម្មផងដែរជុំវិញបញ្ហាផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក។ ការដាក់ទណ្ឌកម្មនេះ រួមមានទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។
រដ្ឋមន្ត្រីខាងសហភាពអឺរ៉ុបបានរិះគន់ចំពោះថា អាវុធដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ដែលប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ។ សហភាពអឺរ៉ុបក៏បានអះអាងថាខ្លួនមានភស្តុតាងដែលចាប់បានអ៊ីរ៉ង់បានលក់យន្តហោះគ្មានមនុស្សបើកទៅឱ្យរុស្ស៊ី ចាប់តាំងពីមានសង្គ្រាមនៅក្នុងខែកុម្ភៈមកម្ល៉េះ។ បើទោះបីជាមានការបដិសេធពីសំណាក់អ៊ីរ៉ង់ និងរុស្ស៊ីក៏ដោយ ប៉ុន្តែរូបភាពនៃយន្តហោះគ្មានមនុស្សបើក Shahed-១៣៦ Kamikaze ហើយបានប្តូរឈ្មោះនៅក្នុងប្រទេសរុស្ស៊ីថាជា Geran-២ ដែលមានលក្ខណៈប្លែកពីគេ ត្រូវបានគេផ្សព្វផ្សាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនពិតជាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកតិចតួចទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែការផ្គត់ផ្គង់នេះកើតឡើងមុនពេលមានជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។ នេះគឺជាមូលហេតុដែលធ្វើឱ្យមេដឹកនាំលោកខាងលិចជាច្រើនសង្ស័យថា ទីក្រុងតេហរ៉ង់អាចនឹងផ្គត់ផ្គង់នូវគ្រឿងអាវុធមីស៊ីលផ្លោងដល់រុស្ស៊ីក្នុងពេលឆាប់ៗនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេស ក៏បានព្រមានអ៊ីរ៉ង់ថា ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ក្នុងការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតទៅដល់រុស្ស៊ី ជាពិសេសការផ្គត់ផ្គង់មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលនឹងធ្វើឱ្យមានការគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយសហភាពអឺរ៉ុបនឹងឆ្លើយតបចំពោះទង្វើណាមួយ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយអ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។
ចាប់តាំងពីខែកញ្ញាបន្ទាប់ពីការស្លាប់របស់ Mahsa Amini ដែលត្រូវបានចាប់ខ្លួនពីបទរំលោភលើរបៀបនៃការស្លៀកពាក់ដ៏តឹងរឹងរបស់សាធារណរដ្ឋអ៊ីស្លាម បានធ្វើឱ្យប្រជាជនអ៊ីរ៉ង់តវ៉ាប្រឆាំងនឹងការរឹតបន្តឹងរបស់រដ្ឋាភិបាលលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាល បានប្រែក្លាយទៅជាការបះបោរដ៏ខ្លាំងខ្លាដោយប្រជាជនអ៊ីរ៉ង់មកពីគ្រប់ផ្នែកនៃសង្គម ឥឡូវនេះបានបង្កជាបញ្ហាប្រឈមដ៏ធំបំផុតមួយដល់មេដឹកនាំរបស់ប្រទេស។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ៖ សហភាពអឺរ៉ុប នឹងចាត់វិធានការណាមួយដែលយើងអាចធ្វើបានដើម្បីគាំទ្រស្ត្រីវ័យក្មេង និងក្រុមបាតុករដោយសន្តិវិធី។ សហភាពអឺរ៉ុបនឹងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយ៉ាងឃោរឃៅដោយអាជ្ញាធរអ៊ីរ៉ង់ ដែលធ្វើឱ្យក្រុមបាតុកររួមទាំងស្ត្រី និងកុមារបាត់បង់ជីវិតរាប់រយនាក់៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។