បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានបង្ហាញថា ការកកស្ទះធូលីដីនៅលើបន្ទះសូឡា អាចកាត់បន្ថយប្រសិទ្ធភាពក្នុងការស្រូបយកពន្លឺព្រះអាទិត្យ។ ដូចនេះហើយ ក្រុមហ៊ុនអ៊ីស្រាអែល Ecoppia បានផលិតមនុស្សយន្តមួយប្រភេទសម្រាប់សម្អាតផ្ទាំងសូឡា។
មនុស្សយន្តមានតួនាទីសម្អាតធូលីដីនៅលើផ្ទាំងសូឡា ដើម្បីឲ្យបន្ទះសូឡាអាចស្រូបយកពន្លឺព្រះអាទិត្យបានកាន់តែច្រើន។ ពួកវាអាចដំណើរបាននៅពេលយប់តាមបន្ទះសូឡា ដោយបោសធូលី និងកម្ទេចកម្ទីជាមួយនឹងក្រណាត់ជាប់ម៉ាស៊ីន និងប្រើលំហូរខ្យល់។ មនុស្សយន្តសម្អាតទាំងនេះដំណើរការដោយគ្មានទឹក និងសន្សំទឹកបានរាប់លានហ្គាឡុង។ លើសពីនេះ មនុស្សយន្តនេះដំណើរការដោយប្រើថាមពលពន្លឺព្រះអាទិត្យទាំងស្រុង។
មិនត្រឹមតែប៉ុណ្ណោះ ការប្រមូលផ្តុំនៃធូលីដី និងភាពកខ្វក់អាចកក ដូចជា ស៊ីម៉ងត៍នៅលើបន្ទះសូឡា នៅពេលដែលវាត្រជាក់នៅពេលយប់ និង ប៉ះទឹកសន្សើមពេលព្រឹក ដូច្នេះសូម្បីតែភ្លៀងខ្លាំងក៏មិនសម្អាតវាចេញដែរ។ នៅតំបន់ស្ងួត និងមានធូលី ដូចជា Central Valley រដ្ឋកាលីហ្វ័រញ៉ា តម្លៃនៃការសម្អាតអាចឡើងថ្លៃយ៉ាងឆាប់រហ័ស។ តំបន់ Coya ប្រទេសប៉េរូ ដែលជាទីតាំងនៅកន្លែងស្ងួតបំផុតមួយក្នុងពិភពលោក អាចគ្រោងនឹងចំណាយជាង ៧ លានដុល្លារសម្រាប់ដាក់មនុស្សយន្តនេះ។ ដូច្នេះហើយ តាមរយៈការដាក់មនុស្សយន្តសម្អាតសូឡានៅពេលយប់ ជួយសម្រួលបញ្ហាធូលីបានយ៉ាងច្រើន។
គួរឲ្យបញ្ជាក់ដែរថា Ecoppia គឺជាអ្នកផលិតមនុស្សយន្តមួយប្រភេទនេះ ដែលត្រូវបានតភ្ជាប់ជាមួយនឹង AI កម្រិតខ្ពស់ ដោយអាចសម្អាតសូឡាព្រះអាទិត្យប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងសន្សំសំចៃ។ គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំចំនួន ៣០ នៅទូទាំងពិភពលោកពីប្រទេសឈីលីដល់ប្រទេសឥណ្ឌាបានប្រើប្រាស់មនុស្សយន្តសម្អាតនេះ៕