​បរទេស ៖ សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់។

​យោង​តាម​ការ​ចេញផ្សាយ​ដោយ​កាសែត​ប៊ុលហ្គារី​ ​Novinata ​បាន​ឲ្យ​ដឹង​ថា ​តំណាងរាស្ត្រ​បក្ស​ប្រជា​ធិបតេយ្យ​ជិត​ ៥​០ នាក់ នៅក្នុង​សភា​តំណាងរាស្ត្រ​អាមេរិក​ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ចំពោះ​ប្រធានាធិបតី​ ​Trump ​ព្រមទាំង​រដ្ឋ​មន្ត្រី​ក្រសួង​សង្គ្រាម​ លោក​ Pete ​Hegsett ​ដើម្បី​ស្នើសុំ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការចំណាយ​ទៅលើ​សកម្មភាព​យោធា​អាមេរិក​ប្រឆាំង​ទៅនឹង​អ៊ីរ៉ង់​។ នៅក្នុង​លិខិត​​ដែល​ត្រូវបាន​ផ្តល់​ជូន ​NB​C News ​សមាជិក​សភា​ទាំងនោះ​បាន​ចង្អុលបង្ហាញ​ថា​ ​ប្រតិបត្តិការ​ដែល​ដើម​ឡើយ​ត្រូវ​បាន​បង្ហាញ​ថា​នឹង​មាន​រយៈពេល​ពីរ ​សប្តាហ៍​នោះ​ ពេល​នេះ​បាន​អូសបន្លាយ​​ក្លាយ​ទៅ​ជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ដែល​មាន​រយៈពេល​ជាង​ ​១៥០ ​ថ្ងៃ​ទៅ​វិញ ខណៈដែលក្រុម​អ្នក​ប្រជា​ធិបតេយ្យ​បាន​ប៉ាន់ស្មា​ន និង​អះអាង​ថា​ ​ចំណាយ​ជាក់ស្តែង​គឺ​បាន​កើនឡើង​លើស​ពី​ ​៣៧ ពាន់​លាន​ដុល្លាររួច​ទៅហើយ​ ​ហើយ​យោធិន​អាមេរិក​ចំនួន​ ១៨ ​រូប​បាន​ពលី​ជីវិត​ចាប់​តាំងពី​ជម្លោះ​នេះ​បាន​ចាប់ផ្តើម​។​ លិខិត​នេះ​ក៏​បាន​គូសបញ្ជាក់​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច​លើ​ពលរដ្ឋ​អាមេរិក​ផងដែរ​។ ជាក់ស្ដែង តម្លៃ​ទំនិញ​នៅក្នុង​ប្រទេស​បាន​កើនឡើង​យ៉ាង​ខ្លាំង ​ហើយ​បន្ទុក​ហិរញ្ញវត្ថុ​នៃ​សង្គ្រាម​ដែល​កំពុង​បន្ត​​នេះ​ ​ក៏កំពុងតែ​ជះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​លើ​គ្រួសារ​ និង​ពលរដ្ឋ​អាមេរិក​។

​តាមរយៈ​ការ​ស្នើសុំ​ទិន្នន័យចំណាយនេះ​ ​តំណាងរាស្ត្រ​បាន​ដាស់​តឿន​ឱ្យ​រដ្ឋបាល ​លោក Trump ផ្តល់​នូវ​តម្លាភាព​កាន់តែ​ធំ​អំពី​ខ្តង់ចំណាយ​ពិតប្រាកដ​នៃ​ជម្លោះ​នេះ​ ​និង​ផលវិបាក​របស់​វា​ចំពោះ​ថវិកា​ជាតិ ​និង​សង្គម​។ ​គួរ​ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​អំឡុង​ពេលបន្តភ្លើងសង្គ្រាម ​មន្ទីរ​ប៉ង់តាហ្គោន​ ក៏​កំពុង​ព្យាយាម​ស្វែងរក​ការ​អនុម័ត​នូវ​មូលនិធិ​បន្ថែម​រហូតដល់​ទៅ​ ២០០​ពាន់​លាន​ដុល្លារ​ទៀត​នៅក្នុង​គម្រោង​ថវិកា​យោធា​ថ្មី​ ដើម្បី​បំពេញ​ឃ្លាំង​ស្តុក និង​ទ្រទ្រង់​ប្រតិបត្តិការ​យោធា​បន្ថែម​ទៀត​៕

Leave a Reply

Your email address will not be published.Required fields are marked *