ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី រៀបចំវេទិកាកំពូលទីផ្សារមូលធនលើកទី១ សំដៅកៀរគរវិនិយោគិន បរទេសមកកម្ពុជាបន្ថែម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សិក្ខាសាលាស្តីពី “វេទិកាកំពូល លើកទីមួយ ស្តីពីទីផ្សារមូលធន នៅកម្ពុជា” បានប្រារព្ធឡើងដោយជោគជ័យនៅសណ្ឋាគារ សុខា ភ្នំពេញ រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា​ ដែលរៀបចំដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក។ សម្រាប់វេទិកានេះ ក្នុងនាមជាអ្នកផ្សព្វផ្សាយដ៏សំខាន់មួយសម្រាប់ទីផ្សារមូលធនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទីផ្សារមូលធន។ ជាក់ស្ដែង នៅក្នុងវេទិកាកំពូលលើកទី១ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្ដម បណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករ​មូលបត្រ​កម្ពុជា និង ​ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារ​មូលបត្រ​កម្ពុជា តំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៍បានចូលរួមផងដែរ។

ក្រៅពីនោះ ក៏មានអ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិ វិនិយោគិនអន្តរជាតិមកពីតំបន់នានា រួមមាន​ប្រទេស​សិង្ហបុរី សាធារណៈរដ្ឋប្រជាមានិតចិន ហុងកុង និងសហគ្រិនកម្ពុជាលំដាប់កំពូល​ ដោយផ្តោតលើទីផ្សារមូលធនកម្ពុជាតាមទស្សនៈសកល ហើយពិភាក្សារួមគ្នាអំពីការអភិវឌ្ឍន៍ និងអនាគតនៃទីផ្សារមូលធន សរុបប្រមាណជាង ៥០០នាក់ផងដែរ។

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍទីផ្សារមូលធន និងវិស័យមូលបត្រ ហើយ​យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលមានគោលបំណងជំរុញយ៉ាងសកម្ម តាមរយៈការធ្វើពិពិធកម្មឧស្សាហកម្ម ដែលអាចឱ្យក្រុមហ៊ុនកាន់តែច្រើនរីកចម្រើនតាមរយៈទីផ្សារមូលធន និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុជាចាំបាច់។ នេះមិនត្រឹមតែរួមចំណែកដល់ការរីកលូតលាស់នៃក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និង​កោតសរសើរដល់ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាកំពូលក្នុងវិស័យទីផ្សារមូលធនប្រកបដោយវិជ្ជាជីវយ៉ាងខ្ពស់ជាទីបំផុត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖

«ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក មិនត្រឹមតែជំរុញការអភិវឌ្ឍន៍ទីផ្សារមូលធនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្មុងការអញ្ជើញស្ថាប័នបរទេសល្បីៗលំដាប់អន្តរជាតិជាច្រើន ដើម្បីចែករំលែកពីសារៈសំខាន់នៃការចុះបញ្ជីក្រុមហ៊ុន និងតភ្ជាប់ជាមួយមូលនិធិអន្តរជាតិ ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងសង្ឃឹមថា ព្រះរាជាណាចក្រកម្ពុជាអាចក្លាយជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ​ដែល​ទើប​នឹង​ចេញ​ថ្មី​នៅ​អាស៊ី​អាគ្នេយ៍។»

ក្នុងឱកាសនេះផងដែរ ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃផ្សារមូលបត្រកម្ពុជា (“ផ.ម.ក”)បានមានប្រសាសន៍ថា ទីផ្សារមូលធនរបស់កម្ពុជាកំពុង​បន្តអភិវឌ្ឍ ដោយមានគោលដៅជួយក្រុមហ៊ុនឯកជននៅកម្ពុជា កៀរគរមូលធនឲ្យបានរាប់ពាន់​លាន​ដុល្លារអាមេរិក។

ឯកឧត្ដមប្រតិភូ​បាន​លើក​ឡើងផងដែរ​ថា ៖

«បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​កម្ពុជា​ចំនួន ២៣ ក្រុមហ៊ុន ដែល​មូលនិធិ​ប្រមូល​បាន​នៅ ផ.ម.ក មាន​ចំនួន​លើស​ពី ៤០០ លាន ​ដុល្លារអាមេរិក។ បរិមាណជួញដូរប្រចាំថ្ងៃនៅ ផ.ម.ក បានកើនឡើងជិត ១៤ ដង ពី ២០ ០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨ ដល់ ៣០០ ០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ បច្ចុប្បន្ននេះ មានគណនី ជួញដូរមូលបត្រថ្មី ចំនួន ១ ០០០ ត្រូវបានបើក ជារៀងរាល់ថ្ងៃ នៅ ផ.ម.ក»។

ឯកឧត្ដមប្រតិភូក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យមូលបត្រ ត្រូវយកចិត្តទុកដាក់ ស្វែងយល់ និងចូលរួមជាមួយផ្សារមូលបត្រកម្ពុជា និងផ្សព្វផ្សាយពីទីផ្សារមូលបត្រកម្ពុជា ដើម្បីទាក់ទាញវិនិយោគបរទេសមកស្វែងយល់ និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោក តឹង​ ចិនយៀក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានមាន ប្រសាសន៍ថា៖

«ផ្អែកលើបទពិសោធន៍ការយល់ដឹងអំពីទីផ្សារមូលបត្រ ប្រកបដោយភាព​ចាស់ទុំរបស់ខ្ញុំ ខ្ញុំបានមើលឃើញពីការផ្លាស់ប្តូរជាច្រើននៅក្នុងទីផ្សារមូលធន​ ស្របគ្នាជាមួយនឹង​ការកែទម្រង់ប្រព័ន្ធពន្ធដាររបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយពាក់ព័ន្ធនានា។ ខ្ញុំអាចព្យាករណ៍បានថាក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងមានរលកនៃ ការបោះផ្សាយ​លក់មូលបត្រជាសាធារណៈ លើកដំបូង (IPO) យ៉ាងច្រើន​ ទាំងនេះនឹងនាំមកនូវភាពរឹងមាំ និងវិបុលភាពថ្មីដល់ទីផ្សារមូលបត្រកម្ពុជា ហើយផ្តល់ឱ្យអ្នកវិនិយោគនូវផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់»។

ជាមួយគ្នានេះ លោកក៏បានប្រកាសថា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងបើកដំណើរការ មូលនិធិ សម្រាប់ដំណាក់ការ Pre-IPO ក្នុងពេលឆាប់ៗនេះ ដែលនឹងបណ្តាក់ទុននៅក្នុងក្រុមហ៊ុន ក្នុងស្រុកដើម្បីជួយឱ្យក្រុមហ៊ុនទាំងនោះអោយមានភាពរីកចម្រើន។ មូលនិធិទាំងនេះនឹងមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្រុមហ៊ុន បង្កើតភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។

អ្នកស្រី ប៊ុត កេរ៉ាឌី នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក៏បានធ្វើបទបង្ហាញស្តីពី “ទសវត្សរ៍មាសរបស់កម្ពុជា” និងថែមទាំងបានគូសបញ្ជាក់ពីទីផ្សារមូលធនកម្ពុជាក្នុងការត្រៀមខ្លួន​ឈានចូលទសវត្សរ៍មាស ហើយកម្ពុជាក៏នឹងឈានទៅរកការចុះបញ្ជីសាជីវកម្មផងដែរ។

ក្នុងនាមជាអ្នកផ្សព្វផ្សាយដ៏សំខាន់នៃទីផ្សារមូលធនកម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ទទួលបានអាជ្ញាបណ្ណពេញលេញ ដើម្បីជួយក្រុមហ៊ុននានាក្នុងដំណាក់កាលដ៏សំខាន់នេះ ដើម្បីឲ្យមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចុះបញ្ជីជោគជ័យ និងភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ អន្តរជាតិដែលកំពុងរីកចម្រើន។ ក្រុមជំនាញវិជ្ជាជីវៈនិងពោរពេញដោយបទពិសោធន៍របស់ក្រុមហ៊ុន នឹងផ្តល់ការគាំទ្រ និងប្រើប្រាស់បទពិសោធន៍ទីផ្សារសកល ដើម្បីជួយបង្កើតយុទ្ធសាស្ត្រចុះបញ្ជីលក់មូលបត្រ ល្អបំផុតសម្រាប់ក្រុមហ៊ុនទាំងនោះ។ នេះបើតាមការឱ្យដឹងពី អ្នកស្រី ប៊ុត កេរ៉ាឌី។

ក្នុងវេទិកាកំពូលនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់ជាសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន First Securities (Hong Kong) Limited ក្រុមហ៊ុន Singapore Global Trust Pte Ltd. និង Corporate Connections Cambodia ផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំនាញមកពីទីផ្សារមូលធនអន្តរជាតិ ដូចជា ក្រុមហ៊ុន China Cinda ដែលជាក្រុម ហ៊ុនគ្រប់គ្រងមូលនិធិដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទាំង ៤ នៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន Singapore Trust Pte. Ltd. ក្រុមហ៊ុន First Capital Global Management និង Global Investment Banks។

មិនត្រឹមតែធ្វើការចែករំលែកប្រកបដោយជំនាញ វិជ្ជាជីវៈលើ ទីផ្សារមូលធនប៉ុណ្ណោះទេ ថែមទាំង​បាន​ប្រា​ស្រ័យទាក់ទងជាមួយវិនិយោគិននៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងធ្វើការផ្លាស់ប្តូរ​យោបល់ជាមួយសហគ្រិនកម្ពុជា ក្នុងការចុះបញ្ជីក្រុមហ៊ុន ដោយជួយក្រុមហ៊ុនកាន់តែច្រើនឱ្យ​យល់​កាន់តែច្បាស់ពីការអភិវឌ្ឍទីផ្សារមូលធន និងចាប់យកកាលានុវត្តភាពនាពេល​អនាគត​ផងដែរ។

ការណ៏នេះ លើកទឹកចិត្តឱ្យក្រុមហ៊ុននៅកម្ពុជាអាចចាប់យករលកនៃការចុះបញ្ជីលក់នៅទីផ្សារមូលធន ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយអាចជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចជាតិរបស់កម្ពុជា និងការរីកលូតលាស់នៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

យោងតាមរបាយការណ៍ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក មានគម្រោងបង្កើតការវាយតម្លៃ ក្រុមហ៊ុនកំពូលទាំង ១០០ នៅកម្ពុជា ហើយនឹងបន្តការរៀបចំវេទិកាកំពូលទីផ្សារ មូលធនបែប នេះតទៅទៀត​ ដើម្បីបន្តជំរុញការរួមបញ្ចូលទីផ្សារមូលធនកម្ពុជា ជាមួយទីផ្សារមូលធនអន្តរជាតិ និងផ្តល់ការណែនាំប្រកបដោយជំនាញវិជ្ជាជីវៈក្នុងការជួយគាំទ្រក្រុមហ៊ុនទាំងនោះ ​ក្នុងការ បោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ ជាទីបញ្ចប់វេទិកាកំពូលលើកទី១ ស្តីពីទីផ្សារមូលធនកម្ពុជារបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានបញ្ចប់ដោយជោគជ័យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ