កំពង់ចាម ៖ មុខរបរចិញ្ចឹមគោ ស្ដាប់ទៅដូចជាសាមញ្ញ និងហាក់មិនសូវត្រូវបានគេឱ្យតម្លៃខ្ពស់នោះទេ ប៉ុន្តែក្រោយពេលសិក្សាលម្អិតពីមុខរបរមួយនេះទើបដឹងថាចំណូលដែលទទួលបានពីការចិញ្ចឹមគោនេះមានចំនួនច្រើនដែលនឹកស្មានមិនដល់។

លោក យិន បូរ៉ាន់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ននេះកំពុងតែរីករាយជាមួយនឹងការជាអ្នកចិញ្ចឹម និងគ្រប់គ្រងលើកិច្ចការចិញ្ចឹមយ៉ាងយកចិត្តទុកដាក់ ខណៈដែលលោកបានបញ្ជាក់ប្រាប់ថា មុខអាជីពជាអ្នកចិញ្ចឹមគោមួយនេះត្បិតមិនសូវមានមុខមាត់ខ្ពស់ក្នុងសង្គមដូចអ្នកធ្វើការនៅក្នុងការិយាល័យ ឬអ្នកជំនួញទូទៅ ប៉ុន្តែបើនិយាយពីប្រាក់ចំណូលអាចនិយាយបានថា មានចំនួនច្រើនគួរសម រហូតមានអ្នកខ្លះនិយាយថា អ្នកដែលមានគោចិញ្ចឹមចាប់ពី១០ក្បាលឡើងទៅគឺជាដង្ខៅស្រុកស្រែ។

ម្ចាស់កសិដ្ឋានចិញ្ចឹមគោវ័យក្មេង លោក យិន បូរ៉ាន់ បាននិយាយប្រាប់ AMS ឱ្យដឹងថា មុខរបរចញ្ចឹមគោនេះ មិនសូវជួបផលលំបាកនោះទេ ហើយអាចរកចំណូលបានប្រចាំខែតាមរយៈការលក់កូនគោដល់អ្នកយកទៅចិញ្ចឹមសម្រាប់ប្រើប្រាស់ ឬលក់កូនគោសម្រាប់កាប់សត្វ ក៏ដូចជាលក់មេគោពូជជាដើម ខណៈដែលអតិថិជនដែលជាអ្នកទិញ មានទាំងអ្នកនៅក្នុងតំបន់ និងមកពីតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។
លោកបានបញ្ជាក់ថា ៖
“ចំពោះតម្លៃលក់កូនគោយកទៅចិញ្ចឹមបន្តសម្រាប់ប្រើប្រាស់ក្រោយពេលពេញវ័យ ដែលមានអាយុពី ៦-៧ ខែ ក្នុង១នឹម (២ក្បាល) អាចលក់បាន ៥លាន១០ម៉ឺនរៀល ហើយគោអាយុពី ៩-១០ខែ អាចលក់ក្នុងតម្លៃ ៦លាន ១០ម៉ឺនរៀល។ ដោយឡែកចំពោះគោយកសាច់វិញ អាចលក់ម៉ៅជាទ្រុងដោយចំណេញ១០ភាគរយ ឬលក់ក្នុងតម្លៃ ១៣ ៥00-១៤ 000រៀលក្នុង១គីឡូក្រាម”

បច្ចុប្បន្ននេះ ចំពោះកសិដ្ឋានចិញ្ចឹមគោរបស់លោក យិន បូរ៉ាន់ មានទំហំប្រមាណជាង ៤ហិចតា បែងចែកជា ២ក្រោល មាន ៩ទ្រុង ដោយមានកន្លែងដាំស្មៅ និងទីធ្លាសម្រាប់ព្រលែងគោ ដែលមានសរុបជាង ១០០ក្បាលឯណោះ និងអាចផ្គត់ផ្គង់កូនគោពូជសម្រាប់ចិញ្ចឹមប្រមាណ ១០ក្បាល និងប្រភេទគោយកសាច់ ១០ក្បាលក្នុងមួយខែ។
លោក បូរ៉ាន់ បានបញ្ជាក់ទៀតថា សត្វគោជាសត្វស្រួលចិញ្ចឹម និងងាយមើលថែ ដោយសារនៅពេលដែលវាឈឺវាមានរោគសញ្ញាដែលអាចឱ្យយើងដឹង និងព្យាបាលបានងាយ។ ចំណែកឯចំណីទៀតសោត នៅពេលព្រឹកលោកដាក់ជាចំបើង ពេលថ្ងៃដាក់ស្មៅដោយលាយជាមួយចំណីគោ ឬអាចលាយជាមួយពោត អំពៅ ឬដំឡូងពោលគឺកសិផលណាដែលធូរថ្លៃ ហើយពេលល្ងាចលោកឱ្យគោស៊ីចំបើងលាយកន្ទក់ និងទឹកស្ករត្នោតដែលជាចំណីអាចឱ្យគោឆាប់ធំលឿន។
សម្រាប់រយៈពេលពេលចិញ្ចឹមវិញ ចំពោះគោណាដែលគេបំប៉នដោយឱ្យចំណីសុទ្ធត្រឹមតែ ២-៣ ខែគេអាចលក់បាន។ ចំណែកគោដែលឱ្យស៊ីស្មៅត្រូវចិញ្ចឹមរយៈពេលពី ៤-៥ ខែទើបអាចចាប់លក់បាន។ យ៉ាងណាក៏ដោយ ត្បិតថា ការឱ្យគោស៊ីចំណីសុទ្ធឆាប់បានលក់តែត្រូវចំណាយដើមច្រើនលើតម្លៃចំណី ផ្ទុយទៅវិញបើប្រើស្មៅចំណាយពេលយូរតែគេអាចចំណេញច្រើនជាង។
គួរបញ្ជាក់ដែរថា គ្រួសាររបស់លោក យិន បូរ៉ាន់ ជាអ្នកប្រកបរបរចិញ្ចឹមសត្វគោជាយូរមកហើយ ដោយសារឪពុករបស់លោកជាអ្នកជំនាញផ្នែកចិញ្ចឹមសត្វស្រាប់ ។ ចំពោះដើមទុនដំបូងក្នុងការចាប់ផ្ដើមបើកជាកសិដ្ឋានខាងលើនេះ លោក និងក្រុមគ្រួសារបានចំណាយប្រមាណ ៥ម៉ឺនដុល្លារទៅលើការទិញទីតាំង រៀបចំធ្វើក្រោល ទិញគោពូជ និងសម្ភារៈផ្សេងទៀត។
ជាមួយនឹងការរៀបរាប់ប្រាប់ពីការចិញ្ចឹមគោខាងលើនេះ លោកក៏បានលើកឡើងពីកត្តាប្រឈមផងដែរ ដូចជា មិនមានតុល្យភាពនៃចរន្តទីផ្សារជាដើម ដោយសារនៅពេលមានតម្រូវការទីផ្សារច្រើនតម្លៃគោឡើងថ្លៃ ប៉ុន្តែនៅពេលសម្បូរគោច្រើនជាងតម្រូវការធ្វើឱ្យធ្លាក់ថ្លៃវិញ។ ម៉្យាងវិញទៀត កម្លាំងពលកម្មមិនគ្រប់គ្រាន់ដោយសារនៅក្នុងកសិដ្ឋានមានគោច្រើន ដូច្នេះតម្រូវជួលអ្នកខាងក្រៅបន្ថែម ប៉ុន្តែនៅពេលសត្វគោមានជំងឺម្ដងៗលោកបានសហការជាមួយអ្នកជំនាញផ្នែកបសុពេទ្យ។
នៅក្នុងឱកាសនេះផងដែរ លោក យិន បូរ៉ាន់ ក៏បានផ្ដាំផ្ញើទៅដល់បងប្អូនដែលមានមានដីទំនេរច្រើន ឬនៅតាមតំបន់ឆ្ងាយពីទីប្រជុំជន គួរសាកល្បងចិញ្ចឹមសត្វគោដើម្បីអាចទទួលបានផលប្រយោជន៍ត្រឡប់មកវិញ ព្រោះការចិញ្ចឹមគោហាក់មិនមានផលលំបាកពេកនោះទេ ខណៈដែលដែលស្មៅដែលជាចំណីចម្បងសម្រាប់សត្វគោមានស្ទើរគ្រប់ទិសទី៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content