កំពង់ចាម ៖ អាចនិយាយបានថាជាការធ្វើពិពិធកម្មលើអាជីវកម្មជាលក្ខណៈគ្រួសារដោយការលក់ត្រីស្រស់ៗ ទៅជាអ្នកកែច្នៃត្រីងៀត ឬត្រីស្ងួត រហូតបង្កើតបានជាសិប្បកម្មខ្នាតតូចដែលអាចរកបានចំណូលបានច្រើនជាងមុនបន្ទាប់ពីមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជននៅក្នុងតំបន់ ក៏ដូចជានៅតាមបណ្តាខេត្តក្រុងផ្សេងៗផងដែរ។

អ្នកស្រី ធឿន ស្រីនី ជាម្ចាស់សិប្បកម្មកែច្នៃត្រីងៀតស្ថិតនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារ AMS ឱ្យដឹងថាកាលពីដើមឡើយអ្នកស្រីគ្រាន់តែជាអាជីវករទិញលក់ត្រីស្រស់តែប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានពេលខ្លះត្រូវប្រឈមនឹងការខាតបង់ព្រោះលក់មិនអស់គ្មានអ្នកទិញ ត្រីស្រស់ប្រែជាស្អុយ គ្មានតម្រូវការ។ ក្រោយមកក៏មានគំនិតយកត្រីស្រស់ច្នៃធ្វើជាត្រីស្ងួត ឬត្រីងៀត ដាក់លក់តាមទីផ្សារនៅក្នុងតំបន់ ហើយក៏ទទួលបានការគាំទ្រច្រើន និងទទួលបានចំណូលប្រាក់ចំណេញច្រើនជាងមុន។

អ្នកស្រីបញ្ជាក់ថា ៖
“ខ្ញុំបានចាប់ផ្ដើមកែច្នៃត្រីងៀតនេះជាង១០ឆ្នាំហើយ ដោយសារមើលឃើញពីតម្រូវការទីផ្សាររបស់ត្រីងៀតនេះល្អ មានអតិថិជនគាំទ្រច្រើន ហើយបើទោះជាលក់មិនដាច់ច្រើន ក៏មិនប្រឈមទៅនឹងការខាតបង់ច្រើននោះដែរ ព្រោះត្រីងៀតយើងអាចរក្សាទុកបានយូរជាងត្រីស្រស់”
ម្ចាស់សិប្បកម្មរូបនេះបន្ថែមថា ៖
“បច្ចុប្បន្ន សិប្បកម្មរបស់យើងខ្ញុំ មានកែច្នៃត្រីងៀតចំនួន៤ប្រភេទ រួមមាន ងៀតត្រីឆ្ដោ ត្រីរ៉ស់ ត្រីអណ្ដែង និងត្រីប្រា មានគ្រប់រសជាតិទៅតាមចំណង់ចំណូលចិត្តអតិថិជនដែលគាត់កម្ម៉ង់។ ដោយឡែករសជាតិដែលជាលក្ខណៈពិសេសរបស់សិប្បកម្ម គឺមានច្រើន ដូចជា រសជាតិប្រៃផ្អែម ហឹរ ប្រៃផ្អែម និងប្រៃល្មម ដែលធ្វើឡើងចំពោះត្រីងៀតប្រភេទត្រីរ៉ស់ និងត្រីឆ្ដោ”

ក្រៅពីនេះ អ្នកស្រីក៏មានកែច្នៃងៀតត្រីប្រា រសជាតិប្រៃផ្អែមហឹរ ត្រីប្រាហើម និងផ្អកត្រីប្រា ហើយចំពោះត្រីអណ្ដែងទៀតសោតក៏មានងៀតត្រីអណ្ដែងរសជាតិប្រៃផ្អែម ប្រៃផ្អែមហឹរ ក៏ដូចជាត្រីឆ្អើរ ដែលអ្នកស្រីទើបតែកែច្នៃ និងដាក់លក់លើទីផ្សារផងដែរ។
សម្រាប់ការសង្វាក់ផលិតកម្មនៃការផលិតវិញ ត្រូវបានអ្នកស្រីបង្ហើបឱ្យដឹងដែរថា ជាប្រចាំថ្ងៃសិប្បកម្មមួយនេះផលិតក្នុងបរិមាណតិចតួចប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ ប៉ុន្តែនៅពេលដែលមានអតិថិជន ឬអាជីវករដែលទិញយកទៅលក់បន្តកម្ម៉ង់ច្រើនទើបបង្កើនការផលិត។ ដោយឡែកចំពោះតម្លៃលក់នៅលើទីផ្សារគឺមានការបែងចែកខុសគ្នារវាងអតិថិជនដែលទិញយកទៅបរិភោគផ្ទាល់ និងអាជីវករដែលទិញយកទៅលក់បន្តយកចំណេញ ហើយក៏អាស្រ័យទៅតាមប្រភេទត្រីផងដែរ។ សម្រាប់ការលក់រាយប្រភេទត្រីងៀត (ត្រីឆ្ដោ) មានតម្លៃ ៦៥ ០០០រៀលក្នុងមួយគីឡូក្រាម ត្រីងៀត (ត្រីរ៉ស់) លក់ក្នុងតម្លៃ ៥៥ ០០០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះត្រីអណ្ដែង និងត្រីប្រា លក់ក្នុងតម្លៃចន្លោះពី ៣០ ០០០-៣៥ ០០០ រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រីបានបញ្ជាក់ថា ៖
“សម្រាប់អតិថិជនគោលដៅរបស់យើងភាគច្រើន គឺអាជីវករនៅក្នុងផ្សារស្គន់ ក៏ដូចជាបោះដុំទៅតាមផ្សារទំនើបនៅរាជធានីភ្នំពេញផងដែរ ហើយក្រៅពីនេះក៏មានអាជីវករតាមបណ្តាខេត្តនានា ដែលតែងតែទិញយកទៅចែកចាយបន្តទៅកាន់ដល់អ្នកដែលនិយមចូលចិត្តបរិភោគអាហារក្រៀមប្រភេទងៀតនេះផងដែរ”
ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការផលិតត្រូវបានអ្នកស្រី ធឿន ស្រីនី ម្ចាស់សិប្បកម្មកែច្នៃត្រីងៀតខាងលើនេះបានប្រាប់ឱ្យដឹងថា ដើម្បីផលិតនិងកែច្នៃត្រីងៀតបាន គឺត្រូវធ្វើឡើងជាច្រើនដំណាក់កាល រាប់តាំងពីការទៅមើលស្រះចិញ្ចឹមត្រី ថាតើគុណភាពទឹក និងសុខភាពត្រីមានសភាពបែបណា ការចាប់ត្រីស្របតាមពេលវេលាកំណត់ រហូតឈានដល់ដំណាក់កាលជ្រើសរើសត្រីយកមកវះ លាងសម្អាត និងបច្ចេកទេសប្រឡាក់គ្រឿងផ្សំកែច្នៃតាមរសជាតិ។
យ៉ាងណាមិញ ទោះបីការប្រកួតប្រជែងទីផ្សារច្រើនក៏ដោយ តែអ្នកស្រីមានបំណងចង់ពង្រីកសិប្បកម្មនេះឱ្យធំជាងពេលបច្ចុប្បន្ន និងធ្វើជាសហគមន៍ត្រីងៀតដែលសម្គាល់ពីភូមិសាស្ត្ររបស់ខ្លួន រួមជាមួយនឹងការផលិតជាប្រភេទ ត្រីប្រហុក ផ្អក ដែលជាអាហារប្រជាជនខ្មែរនិយមទទួលទាន និងអាចរក្សាទុកបានយូរ។ ម៉្យាងទៀត តាមរយៈសកម្មភាពទាំងនេះ ក៏អាចជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការផ្តល់ការងារ ហើយមួយចំណែកទៀតគឺអាចជួយរកទីផ្សារដល់អ្នកចិញ្ចឹមត្រីក្នុងវិស័យវារីវប្បកម្មផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content