កំពត ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន កើនរហូតទៅដល់ ១៤ ៥០០លានដុល្លារអាមេរិក មានកំណើនរហូតដល់ ១៩ភាគរយ បើប្រៀបនឹងឆ្នាំ២០២១ ហើយសម្តេចសង្ឃឹមថា ទំហំពាណិជ្ជកម្មនេះនឹងកើនឡើងថែមទៀត តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត គឺផ្លូវជាតិលេខ៣១ និងលេខ ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ឆ្នាំនេះចំនួនតួលេខនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានរហូតទៅដល់ ១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ ហើយនៅពេលខាងមុខ ខ្ញុំជឿថា យើងនឹងមានសមត្ថភាព ដើម្បីនឹងនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន”
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖
“មូលហេតុដែលធ្វើឱ្យទំហំពាណិជ្ជកម្មកើនឡើង ដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលធ្វើឱ្យកម្ពុជាអាចនាំចេញទំនិញទៅចិនកាន់តែច្រើន ដែលតាមរយៈនៃកិច្ចព្រមព្រៀង មិត្តចិនបានផ្តល់ភាពអនុគ្រោះ សម្រាប់ការនាំទំនិញរបស់កម្ពុជារហូត ៩៧.៥៣ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន ជាមួយនឹងប្រទេសដទៃទៀត”

ជាមួយការរំពឹងនាំចេញទៅចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងមក កម្ពុជាបាននាំចេញទំនិញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម ។ល។
ខណៈការនាំចូលពីចិនមកវិញ នូវទំនិញផលិតផលសម្រាប់បម្រើឱ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ ព្រមគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានចូលជាធរមានផងដែរ នៅដើមខែធ្នូ ឆ្នាំ២០២២។ ជាមួយការខិតខំប្រឹងប្រែងបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ រាជរដ្ឋាភិបាល ក៏កំពុងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាច្រើនទៀតផងដែរ ដើម្បីពង្រីកទីផ្សារដល់ទំនិញ និងកសិផលរបស់កម្ពុជាឱ្យរីកកាន់តែធំ។ គួរបញ្ជាក់ថា ឆ្នាំ២០២១ទំហំពាណិជ្ជ កម្មរវាងកម្ពុជានិងចិនបានឡើងដល់ជាង១១ ពាន់លានដុល្លារហើយនៅឆ្នាំ២០២២ ភាគីទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីឲ្យបានដល់ ១៥ ពាន់លានដុល្លារ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content