World Bank ៖ សង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យអតិផរណាកើន ខណៈស្ថានភាពហិរញ្ញវត្ថុកាន់តែត្រូវបានរឹតបន្ដឹង

ក្រុងវ៉ាស៊ីនតោន ៖ បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩បានបង្កឡើង សង្គ្រាមរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យដំណើរថមថយនៃសេដ្ឋកិច្ចសាកលលោកកាន់តែធ្លាក់ល្បឿនរហូតមកដល់គ្រាមួយដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះកំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។ នេះបើតាមធនាគារពិភពលោកបានបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយមួយក្រោមចំណងជើងថា Global Economic Prospects ដែលសារព័ត៌មាន AMS ទទួលបាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

បញ្ហានេះបានកើនឡើងនូវហានិភ័យនៃអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច (stagflation) ដែលអាចធ្វើឱ្យបណ្តាប្រទេសមានចំណូលកម្រិតមធ្យម និងកម្រិតទាបជួបនូវផលវិបាក។ នៅក្នុងកម្រិតសាកល កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងស្រុតចុះពី ៥,៧ភាគរយក្នុងឆ្នាំ ២០២១ មកនៅត្រឹម ២,៩ ភាគរយក្នុងឆ្នាំ២០២២ ដែលទាបជាងច្រើនប្រៀបធៀបទៅនឹង ៤,១ភាគរយ ត្រូវបានប្រមើលទុកកាលពីខែមករាដើមឆ្នាំនេះ។ តាមការរំពឹងទុក កម្រិត ២,៩ ភាគរយនេះ នឹងនៅទ្រឹងសំកាំងរហូតដល់ឆ្នាំ២០២៣ និង២០២៤ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនបង្កការបន្ទុចបង្អាក់ដល់សកម្មភាពសេដ្ឋកិច្ច, ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ហើយក្នុងរយៈពេលខ្លីខាងមុខ តម្រូវការរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាក់ចុះ រីឯគោលនយោបាយអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុ និងរូបិយវត្ថុក៏នឹងត្រូវដកថយដែរ។

ជាលទ្ធផលនៃការខូចខាត សេដ្ឋកិច្ចដោយសារជំងឺរាតត្បាត និងសង្គ្រាម ចំណូលសម្រាប់មនុស្សម្នាក់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងឆ្នាំនេះ នឹងមានកម្រិត ៥ ភាគរយ ទាបជាងកម្រិតដែលធ្លាប់មានកាលពីមុនសម័យផ្ទុះជំងឺរាតត្បាតកូវីដ១៩។

លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) ប្រធានក្រុមធនាគារពិភពលោក មានប្រសាសន៍ដូច្នេះថា ៖

“សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ចកំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឱ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ”

លោក ម៉ាល់ប៉ាស់ បន្តទៀតថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះគឺត្រូវជំរុញផលិតកម្មឱ្យសកម្មថែមទៀត ហើយចៀសវាងឱ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្តូរក្នុងគោលនយោបាយផ្នែកសារពើពន្ធ រូបិយវត្ថុ អាកាសធាតុ និងបំណុល ក៏ជាកិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឱ្យបាននូវការបែងចែកធនធានមិនចំគោលដៅ និងសមភាព។

របាយការណ៍ Global Economic Prospects ដែលចេញផ្សាយក្នុងខែមិថុនានេះ ធ្វើការវាយតម្លៃជាលក្ខណៈ ប្រព័ន្ធជាលើកដំបូងអំពីការណ៍ថា តើគេអាចប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចសាកលនាពេលបច្ចុប្បន្ននេះ ទៅនឹងស្ថានភាពអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច (stagflation) កាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយរបៀបណា ជាមួយនឹងការសង្កត់ធ្ងន់ជាពិសេសលើសំណួរថា តើអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច នេះអាចនឹងជះឥទ្ធិពលដូចម្តេចខ្លះទៅលើទីផ្សារដែលកំពុងលេចឡើងថ្មី និងទៅលើបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីស្ថានភាពអតិផរណារួម និងដំណើរមិនចម្រើនខាងសេដ្ឋកិច្ចបាន គេចាំបាច់ត្រូវបង្កើនអត្រាការប្រាក់ខ្ពស់ក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលជាដើមចមបង្កឱ្យមានការផ្ទុះវិបត្តិហិរញវត្ថុតៗគ្នានៅតាមទីផ្សារដែលកំពុងលេចឡើងថ្មី និងក្នុងបណ្តាប្រទេសដែលកំពុងអភវិឌ្ឍសេដ្ឋកិច្ចនាសម័យនោះ។

លោក អាយហាន់ កូសេ (Ayan Kose) ប្រធានក្រុម Prospects Group នៃក្រុមធនាគារពិភពលោក មានប្រសាសន៍ដូច្នេះថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវតែថ្លឹងថ្លែងរវាងតម្រូវការនៃភាពចាំបាច់ដើម្បីរក្សាស្ថិរភាពសារពើពន្ធ ជាមួយនឹងតម្រូវការក្នុងការសម្រាលផលប៉ះទង្គិចរបស់វិបត្តិដែលកំពុងកើតមានផ្ទួនៗគ្នាទៅ លើពលរដ្ឋក្រីក្របំផុតរបស់ខ្លួននាពេលបច្ចុប្បន្ន។

លោក កូសេ បន្តទៀតថា ៖ “ការផ្សព្វផ្សាយឱ្យបានច្បាស់លាស់អំពីការសម្រេចចិត្តផ្នែកគោលនយោបាយរូបិយវត្ថុ, ការបង្កើនអានុភាពនៃក្របខណ្ឌគោលនយោបាយរូបិយវត្ថុគួរឱ្យទុកចិត្តបាន, និងការការពារឱ្យបាននូវឯករាជ្យភាពរបស់ធនាគារកណ្តាលទាំងអស់នេះ អាចមានប្រសិទ្ធភាពក្នុងការជួយគ្រប់គ្រងឱ្យបាននូវក្តីរំពឹងទុកចំពោះកម្រិតអតិផរណា និងក៏ជួយកាត់បន្ថយបានដែរនូវបរិមាណវិធានការរឹតបន្ដឹងផ្នែកគោលនយោបាយ ដែលចាំបាច់សម្រាប់ធ្វើឱ្យមានឥទ្ធិពលសមតាមបំណង ដែលចង់បានទៅលើអតិផរណា និងសកម្មភាពនានា។

មានទិដ្ឋភាពធំៗបី ដែលស្រដៀងគ្នាទៅនឹងស្ថានភាពក្នុងសម័យទសវត្សរ៍ឆ្នាំ១៩៧០ ក្នុងនោះគឺ អតិផរណា ដែលបង្កឡើងដោយសកម្មភាពរំខានឥតឈប់ឈរនៅខាងផ្នែកផ្គត់ផ្គង់ ផ្តើមចេញពីគោលនយោបាយរ៉ាប់រងខ្ពស់ផ្នែករូបិយវត្ថុ ដែលមាននៅតាមប្រទេសសេដ្ឋកិច្ចជឿនលឿនអស់ពេលជាយូរ, លទ្ធភាពដែលកំណើនសេដ្ឋកិច្ចត្រូវធ្លាក់ចុះ, និងភាពងាយរងគ្រោះដែលទីផ្សារថ្មីៗ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រឈមមុខ ជាពិសេសទាក់ទិនទៅនឹងការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុ ដែលជាភាពចាំបាច់សម្រាប់គ្រប់គ្រងកម្រិតអតិផរណាឱ្យបាន។

យ៉ាងណាក៏ដោយ ស្ថានភាពដែលកំពុងតែស្តែងឡើងនៅពេលនេះមានសភាពខុសគ្នាច្រើនទិដ្ឋភាពពីអ្វីដែលធ្លាប់មាននៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដូចជា៖ បច្ចុប្បន្ន តម្លៃប្រាក់ដុល្លារនៅតែរក្សាភាពរឹងមាំនៅឡើយ ខុសគ្នាស្រឡះពីទសវត្សរ៍ឆ្នាំ១៩៧០ ដែលតម្លៃរបស់វាចុះខ្សោយខ្លាំងមែនទែន; កំណើនភាគរយលើថ្លៃមុខទំនិញនៅមានទំហំតូចជាងប្រៀបទៅនឹងសម័យទសវត្សរ៍ឆ្នាំ១៩៧០ ហើយបញ្ជីសមតុល្យនៅតាមស្ថាប័នហិរញ្ញវត្ថុធំៗក៏នៅរក្សា បានភាពរឹងមាំនៅឡើយដែរ។ សំខាន់ជាងនេះទៅទៀតខុសពីទសវត្សរ៍ឆ្នាំ១៩៧០ ធនាគារកណ្តាលនៅតាមបណ្តាប្រទេសជឿនលឿន និងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បច្ចុប្បន្ននេះពួកគេមានអាណត្តិរបស់ខ្លួនច្បាស់លាស់ក្នុងការរក្សាស្ថេរភាពតម្លៃ ហើយនៅក្នុងអំឡុងពេលបីទសវត្សរ៍កន្លងទៅ ពួកគេខំកសាងបាននូវកេរ្តិ៍ឈ្មោះគួរឱ្យជឿជាក់បាននៅក្នុងការសម្រេចឱ្យបានគោលដៅអតិផរណានៅតាមប្រទេសរបស់គេរៀងៗខ្លួនផងដែរ។

អតិផរណាកម្រិតសាកលត្រូវបានរំពឹងទុកថានឹងមានកម្រិតមធ្យមក្នុងឆ្នាំក្រោយ ប៉ុន្តែវាអាចស្ថិតនៅក្នុងកម្រិតមួយ នៅហួសគោលដៅដែលប្រទេសជាច្រើនបានកំណត់ទុក។ របាយការណ៍នេះបានធ្វើការកត់សម្គាល់ដែរថា ប្រសិនអតិផរណាចេះតែបន្តកើន ការធ្វើតាមដំណោះស្រាយនៃបញ្ហាអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច ដូចកាលកន្លងមក អាចនឹងបណ្តាលឱ្យសេដ្ឋកិច្ចសាកលលោកដាំក្បាលចុះកាន់តែខ្លាំង អមដោយវិបត្តិហិរញ្ញវត្ថុនៅ តាមទីផ្សារថ្មីៗ និងនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

របាយការណ៍នេះក៏បានលើកឡើងផងដែរអំពីទស្សនវិស័យស៊ីជម្រៅអំពីថា តើសង្គ្រាមនៅអ៊ុយក្រែនជះឥទ្ធិពលដូច ម្តេចខ្លះទៅលើទីផ្សារថាមពល ដែលបង្កភាពអាប់អួរដល់ទស្សនវិស័យកំណើនសេដ្ឋកិច្ចសាកលោក។ សង្គ្រាមនេះ បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈហក់ឡើងយ៉ាងគំហុក សឹងតែនៅគ្រប់ផ្នែកទំនិញជួញដូរទាំងអស់ដែលពាក់ព័ន្ធថាមពល។ ថាមពលកាន់តែឡើងថ្លៃធ្វើឱ្យចំណូលពិតធ្លាក់ចុះ, ធ្វើឱ្យថ្លៃដើមនៃផលិតកម្មកាន់តែកើន, ស្ថានភាពហិរញ្ញវត្ថុកាន់ តែមានភាពរឹតបន្ដឹង, នឹងកាន់តែរឹតត្បិតដល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនៅក្នុងបណ្តាប្រទេស ដែលនាំចូលថាមពលពីក្រៅ។

នៅតាមបណ្តាប្រទេសជឿនលឿនឯណោះវិញកំណើនសេដ្ឋកិច្ចត្រូវបានព្យាករទុកថានឹងធ្លាក់ចុះយ៉ាងគំហុក គឺពីកម្រិត ៥,១ ភាគរយ ក្នុងឆ្នាំ២០២១ មកនៅត្រឹម ២,៦ ភាគរយ ក្នុងឆ្នាំ២០២២ មានន័យថា ធ្លាក់ចុះកម្រិត ១,២ ភាគរយ ដែលទាបជាងកម្រិតដែលបានប្រមើលទុកកាលពីខែមករាកន្លងទៅ។ កំណើនត្រូវបានរំពឹងទុកថានឹងរក្សា កម្រិតមធ្យមត្រឹម ២,២ ភាគរយនៅក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការបន្តចំហាយនៃការធ្វើអន្តរាគមន៍ ផ្នែកសារពើពន្ធ និងរូបិយវត្ថុចាប់តាំងពីសម័យរាតត្បាតជំងឺកូវីដ-១៩ មក។

នៅក្នុងចំណោមបណ្តាសេដ្ឋកិច្ចដែលលេចឡើងថ្មី និងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករទុកថានឹងធ្លាក់ចុះពីកម្រិត ៦,៦ ភាគរយ ក្នុងឆ្នាំ២០២១ មកនៅត្រឹមកម្រិត ៣,៤ ភាគរយ ក្នុងឆ្នាំ២០២២ ដែលបញ្ចាក់ថាទាបជាងកម្រិតប្រចាំឆ្នាំ ៤,៨ ភាគរយ ដែលគេធ្លាប់ឃើញនៅក្នុងចន្លោះពេលពីឆ្នាំ ២០១១ មកដល់ឆ្នាំ ២០១៥។ ផលប៉ះពាល់អវិជ្ជមានពីសំណាក់សង្គ្រាមនេះនឹងមានសភាពធំលើសលប់លើវិធានការជំរុញលើកទឹកចិត្ត សម្រាប់អ្នកនាំចេញទំនិញនានាក្នុងរយៈពេលខ្លីទៅទៀត ដោយសារតែថាមពលឡើងថ្លៃ។ ការប្រមើលទុកសម្រាប់កំណើនក្នុងឆ្នាំ២០២២ ត្រូវបានសើរើបន្ទាបមកវិញរហូតដល់ជិតទៅ ៧០ ភាគរយនៃបណ្តាសេដ្ឋកិច្ចលេចមុខថ្មី និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះភាគច្រើនជាប្រទេសនាំចូលទំនិញស្បៀងអាហារ និងបួនភាគប្រាំនៃប្រទេសមានចំណូលទាប។ របាយការណ៍នេះ បានគូសរំលេចអំពីភាពចាំបាច់ត្រូវមានចំណាត់ការច្បាស់លាស់ផ្នែកគោលនយោបាយនៅកម្រិតសាកល និងកម្រិតជាតិ ដើម្បីបញ្ចៀសឱ្យបាននូវវិបាកយ៉ាងអាក្រក់របស់សង្គ្រាមនៅអ៊ុយក្រែន ទៅលើសេដ្ឋកិច្ចពិភពលោក។ ចំណាត់ការនោះរួមមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសាកល ដើម្បីទប់ស្កាត់គ្រោះថ្នាក់ទៅលើអ្នកដែលរងគ្រោះដោយសារសង្គ្រាម, បង្កើតចំណាត់ការនានាធ្វើជាទ្រនាប់សម្រាប់រងការជះឥទ្ធិពលពីសំណាក់ប្រេងឥន្ធនៈឡើងថ្លៃគំហុក, ជំរុញល្បឿនសម្រាលបន្ទុកបំណុល និងពង្រីកការចាក់វ៉ាក់សាំងនៅតាមបណ្តាប្រទេសមានចំណូលទាប។ លើសពីនេះទៅទៀត ចំណាត់ការនេះត្រូវរួមបញ្ចូលការឆ្លើយតបយ៉ាងស្វាហាប់របស់ផ្នែកផ្គត់ផ្គង់នៅកម្រិតជាតិ ទន្ទឹមគ្នានឹងការខិតខំរក្សាទីផ្សារមុខទំនិញសាកលោកឱ្យបន្តដំណើរការបានល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ