ក្អមយក្ស ជាឈ្មោះយីហោតូបលក់នំបញ្ចុកឆ្ងាញ់មួយកន្លែង ដែលកំពុងមានប្រជាប្រិយភាព និងមានអតិថិជនគាំទ្រយ៉ាងច្រើន ដោយសារមានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ ទីតាំងល្អធំទូលាយស្អាត ងាយស្រួលអង្គុយទទួលទាន ស្ថិតនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលបើកលក់ចាប់ពីម៉ោង ៦កន្លះព្រឹករហូតដល់ម៉ោង៧យប់។
លោក ឈុន ចិន្ដា វ័យ ៤៥ឆ្នាំ ជាម្ចាស់តូបលក់នំបញ្ចុកឆ្ងាញ់ខាងលើនេះបានរៀបរាប់ប្រាប់ AMS ឱ្យដឹងថា មុខរបរលក់នំបញ្ចុកនេះលោកទើបតែចាប់ប្រកបរយៈពេលជិត១ឆ្នាំប៉ុណ្ណោះ ដោយសារតែមានចំណូលចិត្ត មានជំនាញផ្នែកដាំស្ល និងមើលឃើញពីការពេញនិយមទទួលទានរបស់មនុស្សទូទៅ ជាពិសេសក្រោយពេលផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខចាប់បើកដំណើរការ ដែលវាជាឱកាសល្អសម្រាប់អាជីវកម្មមួយនេះ ខណៈដែលការចំណាយដើមទុនលើកដំបូងត្រឹមតែ៧០០ដុល្លារតែប៉ុណ្ណោះ។
លោកបន្តទៀតថា ៖
“ការលក់នៅទីនេះគឺមានភាពងាយស្រួល ដោយសារនៅក្នុងផ្សារមានទីធ្លាធំទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយអតិថិជនក៏មានច្រើនរាប់ទាំងបងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារស្រាប់ និងមានអ្នកមកពីខាងក្រៅ ជាពិសេសអ្នកធ្វើការនៅក្បែរផ្សារ និងបណ្តាកម្មកររោងចក្រក្នុងតំបន់ផងដែរ”
លោកបានបញ្ជាក់ឱ្យដឹងដែរថា មូលហេតុដែលធ្វើឱ្យអតិថិជននិយមគាំទ្រច្រើនបែបនេះដោយសារតែរសជាតិឈ្ងុយឆ្ងាញ់អាចទទួលយកបាន ហើយតម្លៃក៏សមរម្យ ខណៈដែលភ្ញៀវភាគច្រើនជាបងប្អូនកម្មកររោងចក្រក៏ដូចជាអ្នករស់នៅក្នុងបុរីជិតៗនេះ ដែលពួកគាត់និយមដើរផ្សារ អាចមកទិញ និងទទួលទានផ្ទាល់ ឬអាចកម្ម៉ង់ឱ្យដឹកដល់បុរីក៏បាន។
ចំពោះនំបញ្ចុកក្អមយក្សដែលកំពុងដំណើរការលក់យ៉ាងមមាញឹកនេះមានពីរប្រភេទគឺ ប្រភេទនំបញ្ចុកសម្លរប្រហើរ មានតម្លៃត្រឹមតែ ៤ ០០០រៀលសម្រាប់មួយចាន និងប្រភេទសម្លរការី ដែលមានតម្លៃ ៦ ០០០រៀល សម្រាប់មួយចាន ហើយជារៀងរាល់ថ្ងៃអាចលក់បានជាមធ្យមជាង ១០គីឡូក្រាមសាច់នំបញ្ចុក ស្មើនឹងប្រមាណ ៤០ម៉ឺនរៀល ហើយថ្ងៃខ្លះអាចលក់អស់ដល់ ២០គីឡូក្រាមសាច់នំក៏មាន។
លោកបន្តថា ៖
“សម្រាប់ការធ្វើអាជីវកម្មប្រចាំថ្ងៃនៃនំបញ្ចុកក្អមយក្សរបស់ខ្ញុំដូចជាមិនមានអ្វីដែលពិបាកនោះទេ ពោលគឺព្រឹកឡើងបើកទ្វារតូបគឺមានអតិថិជនមកដល់ ហើយការស្វែងរកវត្ថុធាតុដើមសម្រាប់ដាំស្ល និងគ្រឿងផ្សំផ្សេងៗដូចជាបន្លែស្រស់ ត្រី សាច់ ជាដើមក៏មានភាពងាយស្រួល ព្រោះមានម៉ូយដែលជាអ្នកលក់នៅផ្សារនេះស្រាប់ គ្រាន់តែទូរស័ព្ទទៅប្រាប់ពួកគាត់ គឺគាត់យកមកដាក់ឱ្យដល់តូបតែម្ដង ពោលគឺមិនចាំបាច់ពិបាកទៅរកទិញនៅឯណានោះឡើយ”
ជាមួយនឹងភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនំបញ្ចុកក្អមយក្សដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនទូទៅនេះ លោក ឈុន ចិន្តា ក៏បានបង្ហាញពីភាពរីករាយផងដែរ ដែលក្រៅពីអាចរកបានចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រសើរនោះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានបំពេញក្ដីស្រមៃរបស់លោកដែលចង់បើកអាជីវកម្មមួយនេះជាយូរណាស់មកហើយ ប៉ុន្តែមិនអាចមានលទ្ធភាពដំណើរការបានដោយសារតែតម្លៃជួលទីតាំងថ្លៃពេក ប៉ុន្តែពេលនេះអាជីវកម្មដែលលោកប្រាថ្នាត្រូវបានលេចចេញជារូបរាងហើយ។
ជាមួយគ្នានេះ លោក ចិន្ដា ក៏បានប្រាប់ពីគោលបំណងទៅថ្ងៃអនាគតផងដែរ ដោយលោកចង់ពង្រីកអាជីវកម្ម នំបញ្ចុកក្អមយក្សឱ្យបានធំទូលាយ និងមានសាខាបន្ថែម រួមជាមួយនឹងការបង្កើតប្រភេទទឹកសម្លរថ្មីៗឱ្យបាន៤មុខ សម្រាប់បំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។ ជាចុងក្រោយ លោក និងក្រុមគ្រួសារក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ «នំបញ្ចុកក្អមយក្ស» ជាពិសេស គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលបានជួយបំពេញក្ដីស្រមៃរបស់លោក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content