ភ្នំពេញ ៖ បើទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែកំណើននេះនៅមានកម្រិតនៅឡើយ ដូច្នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែមតាមរយៈការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍សំដៅការគាំទ្រដល់ការងើបឡើងវិញនៃវិស័យនេះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស្តីពី «សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ មានភាពល្អប្រសើរក៏ដោយ បញ្ហាប្រឈមមួយចំនួនរួមមាន សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃអតិផរណាជាដើម បាន និងកំពុងបង្កនូវហានិភ័យថ្មី និងផ្តល់ផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលទាំងមូល។

ស្ថិតក្នុងបរិការណ៍នេះ ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ក្នុងគោលបំណងបន្តគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ជាក់ស្តែង កម្ពុជាបានចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពរឹងមាំដោយបានរក្សាអត្រាឆ្លងនៃជំងឺកូដ-១៩ ក្នុងកម្រិតអប្បបរមា។

ទន្ទឹមនេះ ក្រោយពីប្រទេសកម្ពុជាបានសម្រេចបើកពេញលេញឡើងវិញនូវគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា ជាពិសេសវិស័យសំខាន់ៗរួមមាន វិស័យកាត់ដេរ វាយនភណ្ឌ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានសន្ទុះងើបឡើងវិញយ៉ាងល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងខ្ពស់នៃការប្រើប្រាស់ និងការនាំចេញ។
ដោយឡែក សម្រាប់វិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងក៏ដោយ ប៉ុន្តែកំណើននេះនៅមានកម្រិតនៅឡើយជាមួយនឹងបរិការណ៍បច្ចុប្បន្នដែលកំពុងនៅប្រឈមនឹងកត្តាហានិភ័យសង្គម-សេដ្ឋកិច្ចមួយចំនួនផ្សេងទៀត ដែលបន្តផ្តល់ផលប៉ះពាល់ដល់និរន្តរភាពសម្រាប់ប្រតិបត្តិការជាច្រើននៅក្នុងវិស័យទេសចរណ៍ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។
ក្នុងស្មារតីនេះ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការនានាដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យស្របតាមនិន្នាការថ្មីៗ ជាពិសេសបន្តជំរុញលំនឹងអាជីវកម្ម ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការដាក់ចេញនូវវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ។
ក្នុងន័យនេះ ក្រោមកិច្ចសហការយ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមជូន វិស័យទេសចរណ៍ ដូចខាងក្រោម ៖
១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ។
២. លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ អាជីវកម្ម ទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣។
៣. បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។
ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវសេចក្តីណែនាំនេះទៅតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសកលក្នុងបរិបទថ្មីៗ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យមឱ្យត្រឡប់ទៅកំណើនសក្តានុពល សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content