ធនាគារអភិ​វឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមផ្តល់កម្ចី៣០លានដុល្លារ លើការប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤       

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា តាមរយៈធនាគារអភិ​វឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រាជរដ្ឋាភិបាលបានត្រៀមផ្តល់កម្ចី៣០លានដុល្លារ   ដែលកញ្ចប់ថវិកានេះធ្វើឡើងក្នុងគោលដៅលើកស្ទួយខ្សែច្រវាក់កែច្នៃស្វាយចន្ទីក្នុងស្រុក  ដើម្បីកាត់បន្ថយការនាំចេញគ្រាប់ចន្ទីស្រស់ទៅបរទេសដោយការប្រមូលទិញគ្រាប់ស្វាយ​ចន្ទីសម្រាប់រដូវកាលឆ្នាំ២០២៤។

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះថា  រាជរដ្ឋាភិបាល បានរៀបចំនូវយន្តការសំខាន់ជាច្រើនក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីជំរុញឱ្យវិស័យនេះឱ្យមានភាពរឹងមាំ ដោយបច្ចុប្បន្នធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានត្រៀមកញ្ចប់ថវិកាប្រមាណ៣០លានដុល្លារ  សម្រាប់ផ្តល់កម្ចីលើការប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍន៍វិស័យដ៏មានសក្តានុពលនេះ រាជរដ្ឋាភិបាលបានបញ្ចេញទុនជាបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មដំណាំស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម   និងធនាគារសហគ្រាសធុនតូច និងមធ្យម(SME Bank) ។

ឯកឧត្តម ផាន់ ផល្លា បានបញ្ជាក់ថា សម្រាប់វិស័យ​ស្វាយចន្ទី កន្លងមកនេះ ARDB បានផ្តល់កម្ចីប្រមាណ៣០លានដុល្លារ ហើយក៏បានត្រៀម (ផ្តល់កម្ចី) ៣០លានដុល្លារទៀត លើការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងរដូវកាលនេះ។ ដោយឡែក ធនាគារសហគ្រាសធុនតូច និងមធ្យម  ក៏ទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាលប្រមាណ១០០លានដុល្លារ សម្រាប់ផ្តល់ទៅឱ្យសហគ្រាសធនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី ព្រមទាំងជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជាឱ្យរីកចម្រើន។ 

ឯកឧត្តម ផាន់ ផល្លា បញ្ជាក់បន្ថែមថា ៖

« យើងអនុញ្ញាតឱ្យអ្នកដែលមានបំណងចង់បង្កើតសិប្បកម្ម ឬសហគ្រាសកែច្នៃស្វាយចន្ទីនេះ គឺចាប់ពីកែច្នៃចន្ទីឡើងទៅ អាចមកសុំកម្ចីបានពីធនាគារសហគ្រាសធុនតូច និងមធ្យមបាន ហើយហិរញ្ញប្បទានដែលផ្ដល់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម មានអត្រាការប្រាក់ត្រឹម ៥,៥ភាគរយក្នុងមួយឆ្នាំ ឬស្មើ ០,៤១ ភាគរយក្នុងមួយខែប៉ុណ្ណោះ»។

តាមរយៈការត្រៀមខ្លួនរបស់សមាគម​ស្វាយចន្ទី​កម្ពុជា ​(​ស​.​ស​.​ក​)​ និង SME Bank បានបង្ហាញ​ពីក្ដី​រំពឹង​ខ្ពស់ថា​នឹង​អាច​ទាក់ទាញ​បាន​នូវ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​បន្ថែមទៀតក្នុងការ​វិនិយោគ​លើ​ការកែច្នៃ​បង្កើត​រោងចក្រ​ស្វាយចន្ទី​នៅ​កម្ពុជានាពេលខាងមុខ​ និងដើម្បីលើកស្ទួយវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា ក៏ដូចជាជំរុញការនាំចេញគ្រាប់ស្វាយ​ចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ ធនា​គារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា បាន និងកំពុងបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងចីរភាព។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ម្ចាស់សហគ្រាសទាំងអស់ដែលជាសមាជិកនៃសមាគមស្វាយចន្ទីកម្ពុជា អាចស្នើសុំគម្រោងហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ជាមួយនឹងការបញ្ចុះអត្រាការប្រាក់ស្របតាមលក្ខខណ្ឌដៃគូសហការ។

សូមបញ្ជាក់ថា ឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ ៦៥ម៉ឺនតោន។ ក្នុងចំណោមនោះមានគ្រាប់ស្វាយចន្ទី​៦១,៨ម៉ឺនតោន បាននាំចេញ មានន័យថា គ្រាប់ស្វាយចន្ទីជាង៩០ភាគរយ បាននាំចេញក្នុងទម្រង់ជាគ្រាប់ចន្ទីឆៅមិនទាន់កែច្នៃ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ ហិកតា ផ្តល់ទិន្នផលសរុប ៧០៩ ៤១៩ តោន ក្នុងឆ្នាំ ២០២៣។ នៅក្នុងវិស័យស្វាយចន្ទី គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមាន​ ៤២សហគ្រាស ក្នុងនោះជាសមាជិករបស់សមាគមមានចំនួន ៣៥សហគ្រាស។ រោងចក្រខ្នាតមធ្យម ដែលមានសមត្ថភាពផលិតគ្រាប់ចន្ទីឆៅបាន៧ពាន់តោន ក្នុងមួយឆ្នំាមានចំនួន៣ ស្ថិតនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងនៅខេត្តព្រះវិហារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ