កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ក្រុងព្រះសីហនុ  ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា(CSX) នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានសហការរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ក្រោមប្រធាន​បទ​ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរទស្សនកិច្ចចំណតផែកុងតឺន័រ» នៅខេត្តព្រះសីហនុ ក្នុងគោលបំណងបញ្ជ្រាបព័ត៌មានថ្មីៗរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុជូនទៅកាន់វិនិយោគិន និងផ្តល់ឱកាសដល់វិនិយោគិនឱ្យបានដឹងពីសកម្មភាព និងវឌ្ឍនភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឯកឧត្តម ហុង សុ​ហួរ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(ផមក)ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា តំណាងក្រុមហ៊ុនវិនិយោគ វិនិយោគិន និងនិស្សិតជាច្រើននាក់ផងដែរ។

ថ្លែងបើកវេទិកា ឯកឧត្តម លូ គឹមឈន់ បានលើកឡើងពីសារៈសំខាន់ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ចក្ខុវិស័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ឯកឧត្តមប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា៖ កំពង់ផែគឺជាច្រកទ្វារសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់បំផុតរបស់កម្ពុជា។ ការអភិវឌ្ឍមិនមែនផ្ដោតតែលើសំណង់បេតុងប៉ុណ្ណោះទេ ប៉ុន្តែគឺការបង្កើនប្រសិទ្ធភាពដឹកជញ្ជូន តាមរយៈការវិនិយោគលើកំពង់ផែទឹកជ្រៅ និងប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិកម្ម។

ឯកឧត្តមបានបន្ថែមថា៖ គោលដៅរបស់កំពង់ផែគឺកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីទាក់ទាញក្រុមហ៊ុនផលិតកម្មពហុជាតិមកកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាសាធារណៈ កំពង់ផែប្រកាន់ខ្ជាប់នូវគោលការណ៍ និងសសរស្តម្ភហិរញ្ញវត្ថុទាំង៣ ៖ទី១. ភាពសំបូរបែបនៃប្រភពចំណូល៖ ក្រៅពីសេវាលើកដាក់ទំនិញ ក្រុមហ៊ុនពង្រីកសេវាឡូជីស្ទិក និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសឱ្យមានប្រសិទ្ធភាព។ ទី២. វិន័យនៃការប្រើប្រាស់មូលធន៖ ការសម្រេចចិត្តវិនិយោគនីមួយៗត្រូវផ្អែកលើទិន្នន័យច្បាស់លាស់ ដើម្បីធានាបាននូវផលចំណេញត្រឡប់មកវិញ និងទី៣. តម្លាភាព៖ ការអនុវត្តតាមស្តង់ដារអន្តរជាតិ និងការផ្ដល់ព័ត៌មានជាសាធារណៈជូនដល់វិនិយោគិន។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា៖ ផែនការសម្រាប់អនាគតគឺកំពង់ផែមានផែនទីបង្ហាញផ្លូវហិរញ្ញវត្ថុរយៈពេល៥ឆ្នាំដើម្បីពង្រីកខ្លួនឱ្យកាន់តែខ្លាំង និងបានលើកទឹកចិត្តឱ្យវិនិយោ​គិនមើលឱ្យលើសពីគ្រឿងចក្រ និងកុងតឺន័រ ជាពិសេសត្រូវមើលឱ្យឃើញពី “ច្រកទ្វារនៃសក្ដានុពលសេដ្ឋកិច្ច” និងស្ថិរភាពរបស់ក្រុមហ៊ុន។

ឯកឧត្តមបានគូសបញ្ជាក់ថា៖


«កំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនត្រឹមតែជាសហគ្រាសរដ្ឋដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាក្រុមហ៊ុនដែលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្បាស់លាស់ និងមានតម្លាភាពខ្ពស់ក្នុងទីផ្សារមូលបត្រ»។

ឯកឧត្តម ហុង សុខហួរ  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានថ្លែងថា ៖ វេទិកាក្រុមហ៊ុនចុះបញ្ជីត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ​២០១៨​​មកក្នុងគោលបំណង​ពង្រឹង និងពង្រីកទំនុកចិត្ត ក៏ដូចជាសមត្ថភាពវិភាគទៅកាន់វិនិយោគិន និងវិនិយោគិនសក្តានុពលមុននឹងសម្រេចចិត្តវិនិយោគប្រកបដោយទំនុកចិត្ត។ ការរៀបចំកម្មវិធីបែបនេះ នឹងធ្វើឱ្យវិនិយោគិនអាចសម្រេចចិត្តបានកាន់តែល្អប្រសើរក្នុងការវិនិយោគទៅលើភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជី ពិសេសគឺការវិនិយោគរយៈពេលវែង។

ឯកឧត្តមបានលើកឡើងថា៖

«ប្រសិនបើវិនិយោគិនមិនយល់ច្បាស់ពីដំណើរការអាជីវកម្មក្រុមហ៊ុន ស្ថានភាពអាជីវកម្ម និងទិសដៅអនាគតរបស់ក្រុមហ៊ុននោះទេ ពួកគាត់មិនអាចវិនិយោគក្នុងទំហំទឹកប្រាក់ធំប្រកបដោយទំនុកចិត្តបានឡើយ។ ដូចនេះកម្មវិធីនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិនគ្រប់រូប ហើយយើងនឹងបន្តធ្វើនៅតាមក្រុមហ៊ុនចុះបញ្ជីផ្សេងៗទៀតផងដែរ ដើម្បីជាប្រយោ​ជន៍សម្រាប់វិនិយោគិនរបស់យើង»។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា៖ ទីផ្សារមូលបត្រមួយអាចដំណើរការទៅបានល្អ តម្រូវឱ្យមានទាំងក្រុមហ៊ុនចុះបញ្ជីល្អៗ និងវិនិយោគិនប្រកបដោយចំណេះដឹង និងព័ត៌មានពិតប្រាកដ។ វេទិកានេះកំពុងបន្ថែមចំណេះដឹង និងព័ត៌មានល្អៗជូនដល់វិនិយោគិន ដើម្បីឱ្យវិនិយោគិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន និងកាន់តែមានទំនុកចិត្តមកកាន់ក្រុមហ៊ុនចុះបញ្ជីតាមរយៈជំនួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ស្ថានភាព​ហិរញ្ញវត្ថុ ទិសដៅអភិវឌ្ឍក្រុមហ៊ុនក៏ដូចជាបញ្ហាប្រឈមនានា។

ឯកឧត្តមបានបញ្ជាក់ថា៖ ប្រធានបទ« សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ» សមស្របជាមួយនឹងស្ថានភាពអាជីវកម្ម និងកង្វល់នានារបស់វិនិយោគិនទៅលើភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ ដោយវិនិយោគិនអាចស្រាយនូវចម្ងល់របស់ខ្លួនថា តើក្នុងស្ថានភាពហិរញ្ញវត្ថុរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតម្លៃហ៊ុនត្រឹមប្រហែល ​១៣០០០រៀលនាពេលបច្ចុប្បន្ននេះ អាចវិនិយោគបានទេ ស្របពេលដែលវិស័យកំពង់ផែ ជាច្រកទ្វារនៃការតភ្ជាប់សេដ្ឋកិច្ចដ៏មានសក្តានុពលបំផុតមួយរបស់ប្រទេសកម្ពុជា ​ខណៈពេលដែលមានបញ្ហាប្រឈមនានា រួមទាំងភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិសេដ្ឋកិច្ចសកល។

គួរបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្លាប់ទទួលបានការសរសើរអំពីអភិបាលកិច្ចសាជីវកម្មល្អឆ្នើមប្រចាំឆ្នាំ២០២៥ ខណៈពេលដែលប្រទេសកម្ពុជាបានបន្តដំណើររបស់ខ្លួនឆ្ពោះទៅរកការធ្វើទំនើបកម្មសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងតំបន់ ក្រុមហ៊ុនចុះបញ្ជីដ៏រឹងមាំ និងមានការគ្រប់គ្រងល្អ ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ បង្កើត​ការងារ និងកសាងទំនុកចិត្តរយៈពេលវែងនៅក្នុងទីផ្សារមូលបត្រកម្ពុជា។

ភាពជោគជ័យនៃទីផ្សារភាគហ៊ុនមិនអាស្រ័យតែលើសកម្មភាពជួញដូរប៉ុណ្ណោះទេ វាអាស្រ័យលើភាពធន់ និងចក្ខុវិស័យរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ នៅ​ពេលដែលក្រុមហ៊ុនចុះបញ្ជីមានអភិបាលកិច្ចសាជីវកម្ម ការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងផ្ទៃក្នុងដែលរឹងមាំ ក្រុមហ៊ុនមិនត្រឹមតែបង្កើនទំនុកចិត្តសម្រាប់ភាគហ៊ុនិកប៉ុណ្ណោះទេ ថែមទាំងទទួលបានចំណាប់អារម្មណ៍ពីវិនិយោគិនក្នុង និងក្រៅស្រុក ឱ្យស្គាល់ពីប្រតិបត្តិការអាជីវកម្ម ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញអោយមានការប្រកួតប្រជែងទាំងក្នុង និងក្រៅតំបន់ផងដែរ។

ដោយឡែក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាសហគ្រាសសាធារណៈ ដែលមានការគាំទ្រខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ រីកចម្រើនទៅតាមកំណើននៃសេដ្ឋកិច្ចជាតិ ជាភាគហ៊ុនមានហានិភ័យទាប និងមានប្រវត្តិបែងចែកភាគលាភខ្ពស់។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ជាស្ថាប័ន ដែលទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុច្រើនពីប្រទេសជាដៃគូដែលនាំឱ្យស្ថាប័ននេះមានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ និងជាភាគហ៊ុនដែលមានសក្តានុពលខ្ពស់ក្នុងការវិនិយោគ។

សូមរំលឹកផងដែរថា ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាភាគហ៊ុនដែលមានប្រវត្តិកើនឡើងតម្លៃខ្លាំងមួយ ដែលធ្លាប់កើនពីថ្លៃ IPO ត្រឹម ៥ ០៤០រៀល កាលពីឆ្នាំ២០១៧ កើនដល់ ២៣ ៨០០រៀល ដែលមានកំណើនប្រមាណ ៣៧០% ក្នុងរយៈពេលត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបានចុះបញ្ជី។ កត្តាដែលធ្វើឱ្យមានការកើនឡើងថ្លៃភាគហ៊ុនដ៏ខ្លាំងនាពេលនោះគឺទំនុកចិត្ត និងការជឿជាក់ពីសក្តានុពលអាជីវកម្មរបស់កំពង់ផែផ្ទាល់តែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *