ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានឱ្យដឹងថា ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រើននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា ។

តាមរយៈការផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេច នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា ទំនប់ដូនទ្រី គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។
ទំនប់ដូនទ្រីបានសម្រេចការសាងសង់ទាំងស្រុង១០០ភាគរយ ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមានដូចជា៖
ទី១- ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប ។ទី២- សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រ គូប/វិនាទី ។ ទី៣- រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងប្រវែង ៤៦២ ម៉ែត្រនិង ទី៤- សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ (Multi-Stage Intake Tower) ដែលមានវិមាត្រ ៨ ម៉ែត្រ (ទទឹង) × ២៤ ម៉ែត្រ (ប្រវែង) × ៤៩ ម៉ែត្រ (កម្ពស់) បំពាក់ដោយទ្វារសំរាប់ប្រតិបត្តិការចំនួនបួន ដែលនីមួយៗមានទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកប្រព័ន្ធធារាសាស្ត្រ ពិសេសបង្កើតអាងស្តុកទឹក ដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់ សម្រាប់បម្រើដល់វិស័យកសិកម្មនិងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ ទឹកជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្រចតុកោណ ហើយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្ម តាមរយៈក្រសួងធនធានទឹកនិងឧតុនិយមជាប្រតិបត្តិករ។

សូមជម្រាបថា កាលពីថ្ងៃ២៤ ខែវិច្ឆិកា កន្លងទៅ សម្តេចធិបតីហ៊ុនម៉ាណែត ក៏ធ្លាប់បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ដែលអាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប ដែលនឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា ដោយមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន៖ ទី១/ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីចំនួន២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែម ទាំងរដូវប្រាំង និងរដូវវស្សា។ទី២/ កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។ទី៣/ បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និងទី៤/ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ។

គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងទំនប់អាងទឹកលេខ២សម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧៕




វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content