ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនទាំងក្នុង ទាំងក្រៅប្រទេសវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការទាក់ទាញអ្នកវិនិយោគក្នុង និងក្រៅប្រទេស ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសធំៗចំនួនពីរទៀត នឹងលេចជារូបរាង ដោយមួយក្រោមទុនវិនិយោគរបស់ជប៉ុន និងមួយទៀតក្រោមការវិនិយោគរបស់វិនិយោគិនក្នុងប្រទេស ។
តំបន់សេដ្ឋកិច្ចពិសេសចំនួន២ដែលនឹងលេចរូបរាបនៅពេលឆាប់ៗនេះ រួមមាន ៖
១. តំបន់សេដ្ឋកិច្ចរបស់ជប៉ុននៅខេត្តពោធិ៍សាត់ ៖ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្ហើបថានឹងវិនិយោគដោយក្រុមហ៊ុន Minebea Cambodia ក្នុងទំហំទឹកប្រាក់ចំនួន ៦៥០លានដុល្លារអាមេរិក ដោយគ្រោងត្រៀមផ្ទៃដីចំនួន៥០ហិកតា ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះដែរ នឹងជំរុញការវិនិយោគបន្ថែមទៀតទៅកាន់ខេត្តពោធិ៍សាត់ ជាពិសេសការវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលទើបតែសាងសង់រួច និងបានប្រកាឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗមកនេះដែរ ។ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ ក៏ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសថៃផងដែរ ស្របនឹងច្រកអន្តរជាតិថ្មី បានណងអៀន ក៏នឹងត្រៀមបើកដំណើរការនៅពេលឆាប់ៗនេះដែរ ។

២.តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបកណ្ដាល (RGKSEZ ) ៖ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង ដែលក្រុមហ៊ុននេះ មានតំបន់សេដ្ឋកិច្ចពិសេសមួយរួចទៅហើយនៅភ្នំពេញ គឺតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ។ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបកណ្ដាល គ្រោងនឹងចាប់ផ្ដើមដំណើរការជាមួយផ្ទៃដីប្រមាណ១២០ហិកតា ស្ថិតនៅក្នុងខេត្តកណ្ដាលដែលវានឹងតភ្ជាប់ជាមួយតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។
ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសធំៗចំនួនពីរនេះ រាជរដ្ឋាភិបាលក៏បានស្នើនិងលើកទឹកចិត្តដល់ភាគីចិន ជួយជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការទាក់ទាញការវិនិយោគពី ក្នុងនិងងក្រៅប្រទេសពីព្រោះថាបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញឱ្យឃើញថាគម្រោងវិនិយោគថ្មីៗនៅកម្ពុជាដែលចុះបញ្ជីក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមួយចំនួនក៏មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដែរ ។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍ ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២៤នេះ កម្ពុជាទទួលគម្រោងវិនិយោគទាំងថ្មីនិងគម្រោងពង្រីកផលិតកម្មចំនួន១០៦គម្រោងមានទុនប្រមាន២,២ភាគរយ ក្នុងនោះ ៣៣គម្រោង បានដាក់ទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។

តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២បន្ថែមទៀតនេះដែរ រំពឺងថានឹងទាក់ទាញបាននូវគម្រោងវិនិយោគក្នុងនិងក្រៅប្រទេសបន្ថែម ជាពិសេសនឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុកជាច្រើនកន្លែង និងអាចផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងផ្ទាល់និងប្រយោល ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content