មៀនប៉ៃលិន ត្រូវបានសហគ្រិនក្នុងស្រុកយកមកកែច្នៃ និងលើកតម្កើងគុណតម្លៃ

បាត់ដំបង ៖ សហគ្រាសក្នុងស្រុកបានរួមចំណែកយ៉ាងខ្លាំងក្នុងការជួយលើកតម្កើងផលិតផលក្នុងស្រុក ជាក់ស្ដែង មៀនប៉ៃលិនដែលកំពុងជួបវិបត្តិក្នុងការនាំចេញនាពេលថ្មីៗនេះ ត្រូវបានយកមកកែច្នៃដោយសហគ្រាសកែច្នៃផ្លែឈើស្រស់មួយកន្លែងស្ថិតនៅខេត្តបាត់ដំបងធ្វើជាផ្លៃមៀនកំប៉ុងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញទៅកាន់ក្រៅប្រទេសផងដែរ។

មៀនប៉ៃលិន ឬគេហៅថា តាង៉ែន ត្រូវបានឆ្លងកាត់កែច្នៃប្រកបដោយអនាម័យមានស្ដង់ដារ និងត្រូវបានវេចខ្ចប់យ៉ាងស្រស់ស្អាតនៅក្នុងកំប៉ុងកែវ ក្នុងនាមជាផលិតផលថ្មីមួយប្រភេទ ដែលត្រូវបានបង្កើតឡើងដោយសហគ្រាស Navita និងបានដាក់លក់នៅលើទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញទៅទីផ្សារក្រៅប្រទេសនាពេលខាងនេះ។

លោក អ៊ុយ ចេងហេង ជាម្ចាស់សហគ្រាស ណាវីតា (Navita Food Production) មានទីតាំងនៅភូមិបាឡាត់ សង្កាត់អូរម៉ាល់ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា លោកបានបង្កើតសហគ្រាសនេះឡើងក្នុងគោលបំណងចង់កែច្នៃ និងវេចខ្ចប់ភោគផលកសិកម្មឱ្យមានតម្លៃ ដែលអាចជួយលើកស្ទួយទីផ្សារកសិកម្មផង លើកកម្ពស់ទីផ្សារផលិតផលធម្មជាតិផង និងផ្ដល់ការងារដល់ប្រជាជនក្នុងតំបន់ផងដែរ។

ដោយឡែកសម្រាប់យុទ្ធនាការទិញផ្លែមៀនប៉ៃលិន ដែលគាំទ្រដោយរាជរដ្ឋាភិបាលនៅពេលបច្ចុប្បន្ននេះ ជាការរួមចំណែកក្នុងការលើកកម្ពស់ទីផ្សារកសិកម្ម លោកបានយកមៀនប៉ៃលិននេះទៅកែច្នៃជាមៀនកំប៉ុងថែរក្សាទុកក្នុងទឹកសៃរ៉ាប់ ឬ សាច់មៀនក្នុងកែវ និងមៀនស្ងួតដែលមានរសជាតិឈ្ងុយឆ្ងាញ់។  

ចំពោះផលិតផលមៀនរក្សាទុកក្នុងកែវដែលទើបតែបញ្ចេញលក់បានប្រមាណជាង ២សប្ដាហ៍កន្លងមកនេះ ម្ចាស់សហគ្រាសកែច្នៃផ្លែឈើស្រស់រូបនេះបានបន្តថា ក្នុងដំណាក់កាលដំបូង ក្នុងរយៈពេលមួយខែ កែច្នៃ និងផលិតជាមៀនកំប៉ុងក្នុងចន្លោះពី ១៥-២០ តោនតែប៉ុណ្ណោះ ពោលគឺភាគច្រើនផលិតតាមតម្រូវការរបស់អតិថិជន។

បច្ចុប្បន្នសហគ្រាសនេះមានបុគ្គលិកជាង១០នាក់ ដែលអាចឆ្កឹះសាច់ផ្លែមៀនបាន ៧០០គីឡូក្រាមទៅ ១តោនក្នុងមួយថ្ងៃ ហើយលោកក៏មានគម្រោងចង់បង្កើនចំនួនបុគ្គលិកដើម្បីអាចឆ្កឹះមៀនឱ្យបាន២តោនក្នុងមួយថ្ងៃ។ មៀនក្នុងកែវនេះត្រូវបានធ្វើតេស្តគំរូផលិតផលកាលពីដើមឆ្នាំ២០២១ និងគ្រោងបញ្ចេញលក់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារមានបញ្ហាទីផ្សារនាំចេញមៀនប៉ៃលិននេះ គេក៏ឆ្លៀតឱកាសចេញលក់ផលិតផលថ្មីនេះតែម្ដង។

លោក អ៊ុយ ចេងហេង បានមានប្រសាសន៍ថា ផលិតផលមៀនក្នុងកែវនេះត្រូវបានផលិតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ហើយក៏អាចកាត់បន្ថយនូវផលិតនាំចូលពីប្រទេសជិតខាងដែលពុំមានគុណភាព។ លោកបន្តថា ផលិតលរបស់សហគ្រាសរបស់លោកមានគុណភាពល្អ ដោយសារពុំមានដាក់សារធាតុរក្សាទុកបានយូរដូចផលិតផលនាំចូល និងមានកម្រិតស្ករទាបដែលពលរដ្ឋខ្មែរអាចបរិភោគបានយ៉ាងមានសុវត្ថិភាព។ ចំណែកឯតម្លៃ គឺ ៣ដុល្លារក្នុងមួយកំប៉ុងកែវ ហើយកែវនេះទៀតសោតក៏អាចលាងសម្អាតទុកប្រើប្រាស់បានផងដែរ។

គួរបញ្ជាក់ដែរថា លោក អ៊ុយ ចេងហេង បានចាប់ផ្ដើមអាជីវកម្មមួយនេះក្នុងដើមទុនដំបូងប្រមាណជាង ៣០ម៉ឺនដុល្លារដែលបានមកពីគ្រួសារ និងកម្ចីធនាគារមួយចំណែក។ ការចាប់ផ្ដើមដំណើរផលិតនេះគឺនៅចុងឆ្នាំ២០២០ និងចេញលក់ជាបន្តបន្ទាប់ចាប់តាំងពីចុងខែកុម្ភៈឆ្នាំ២០២១ ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណកន្លះឆ្នាំប៉ុណ្ណោះ។ 

បច្ចុប្បន្នផលិតផលរបស់សហគ្រាសមួយនេះមានដូចជា ដំណាប់ស្រកានាគពណ៌ស និងពណ៌ក្រហម ដំណាប់ស្វាយ ដំណាប់ម្នាស់ ដែលសុទ្ធសឹងត្រូវបានផលិតដោយក្បួនធម្មជាតិ ។

ទាក់ទងនឹងដំណើរការនៃសហគ្រាសនេះ លោកបានបង្ហើបថាមានផលលំបាកច្រើនដោយសារលោកជាសហគ្រិនវ័យក្មេងទើបចូលប្រឡូកក្នុងវិស័យនេះ មិនទាន់មានបទពិសោធន៍។ ម៉្យាងវិញទៀត បញ្ហាទីផ្សារក៏ជួបការលំបាក ព្រោះវាជាផលិតផលថ្មីពុំទាន់មានគេស្គាល់។ យ៉ាងណាមិញ លោកក៏ទទួលបានជំនួយពីអង្គការក៏ដូចជាស្ថាប័នផ្សេងៗក្នុងការប្រឹក្សាផ្លូវច្បាប់ ការធ្វើទីផ្សារ និងនាំគំរូផលិតផលចេញទៅបរទេសដូចជា បារាំង អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ជាដើម។ នេះជាអ្វីដែលម្ចាស់សហគ្រាសនេះបានរៀបរាប់ប្រាប់។ 

យ៉ាងណាក៏ដោយថ្ងៃអនាគត លោក ចេងហេង មានចក្ខុវិស័យចង់ពង្រីកអាជីវកម្មរបស់លោកឱ្យលោកឱ្យក្លាយជាក្រុមហ៊ុនមួយដែលលេចឡើងក្នុងផ្នត់គំនិតរបស់ប្រជាជនមុនគេ នៅពេលដែលគិតចំណីអាហារមានគុណភាព សុវត្ថិភាពមិនប៉ះពាល់ដល់សុខភាព។ 

ចំពោះអ្នកដែលស្រឡាញ់ការកែច្នៃផលិតផលកសិកម្ម លោកក៏ចូលរួមលើកទឹកចិត្តឱ្យចាប់ផ្ដើមធ្វើវាជាដំណាក់កាលៗ កុំចាំដល់ពេលដែលល្អឥតខ្ចោះទើបចាប់ផ្តើមនោះទេ ប៉ុន្តែក៏ត្រូវមានផែនការ និងជំនាញច្បាស់លាស់ផងដែរ។
ចុងក្រោយ លោកក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋពុំគួរគិតតែពីផលិតផលមានតម្លៃថោក និងបរិមាណច្រើនដែលនាំចូលពីបរទេស ឬបង្កើតក្នុងស្រុកប៉ុន្តែគ្មានគុណភាពអនាម័យនោះទេ តែគួរគិតពីផលប៉ះពាល់ចំពោះសុខភាពជាចម្បង ខណៈដែលផលិតផលក្នុងស្រុកជាច្រើនក៏មានគុណភាពខ្ពស់ មានស្ដងដារ មិនចាញ់ផលិតផលនាំចូលនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦