ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅរាជធានី អាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៣ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការឈ្វេងយល់ពីសក្តានុពលធុរកិច្ច និងវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ធុរជន និងវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា បានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិព្រមទាំងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងទេសចរណ៍របស់ប្រទេសកម្ពុជាទៅកាន់ធុរជន វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ទន្ទឹមនឹងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានរៀបចំវេទិកាធុរកិច្ច និងវិនិយោគលើកទី៣ (3rd Cambodia-UAE Business and Investment Forum) នៅរដ្ឋធានីអាប៊ុយដាប៊ីនាព្រឹក ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាប៊ុយដាប៊ី ។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Ahmed bin Ali Al Sayegh រដ្ឋមន្រ្តីក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ តំណាងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនរដ្ឋ-ឯកជននៃប្រទេសទាំងពីរជាច្រើនរូប បានចូលរួមវេទិកា។ ក្នុងនោះសម្រាប់ភាគីកម្ពុជា មានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម សមាគមទេសចរណ៍ កសិ-ឧស្សាហកម្ម អចលនទ្រព្យ ធនាគារ និងកម្មន្តសាល។

ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍ថា៖វេទិកាធុរកិច្ច និងវិនិយោគនឹងជំរុញ និងទាក់ទាញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មសំដៅច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនធុរជន និងវិនិយោគិនដែលមានវត្តមាននាឱកាសនេះអំពីសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ក៏ដូចជាព័ត៌មានចាំបាច់នានាទាក់ទិននឹងកិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់, និងសេវាថែទាំវិនិយោគ ដើម្បីជាពុទ្ធិសម្រាប់ជំនួយស្មារតីជូនទៅដល់សមាសភាពចូលរួមក្នុងការគិតគូរពិចារណាអញ្ជើញមកធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬជាភាគហ៊ុនិកជាមួយដៃគូ។
ដោយឡែក នារសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thani Bin Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការចរចាពាក់ព័ន្ធនឹងសន្និសីទ MC13 និង ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី ព្រមទាំងការជំរុញការវិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕






វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content