ចិន និងអាល្លឺម៉ង់ ពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

បរទេស៖ រដ្ឋាភិបាលចិន និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាជំរុញកិច្ចអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក្នុងអំឡុងពេលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងជាលើកដំបូងបន្ទាប់ពីរូបលោកចូលកាន់តំណែង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CCTV ។

នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានលើកឡើងថា ស្របពេលនៃការចាប់ផ្តើមផែនការរយៈពេល ៥ ឆ្នាំលើកទី ១៥ របស់ប្រទេសចិននៅឆ្នាំនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-អាល្លឺម៉ង់ នឹងចាប់យកឱកាសជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខដូចគ្នា។

នៅក្នុងកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ Friedrich Merz លោក Li បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយអាល្លឺម៉ង់ដោយប្រើប្រាស់យន្តការសន្ទនាឲ្យបានពេញលេញរួមគ្នា មានដូចជា កិច្ចពិគ្រោះយោបល់របស់រដ្ឋាភិបាល, ការពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកិច្ចទំនាក់ទំនងគោលនយោបាយ ជាមួយនឹងការកែលម្អទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ជាដើម។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចិន ក៏បានអំពាវនាវឱ្យភាគីទាំង២ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជា រថយន្ត និងសារធាតុគីមី និងការពង្រីកកិច្ចសហប្រតិបត្តិការដល់វិស័យដែលកំពុងរីកចម្រើន រួមមានបញ្ញាសិប្បនិមិត្ត (AI) និងជីវឱសថ។ មិនត្រឹមតែប៉ុណ្ណោះ ចិននឹងនាំចូលផលិតផលដែលមានគុណភាពខ្ពស់បន្ថែមទៀតពីអាល្លឺម៉ង់ ព្រមទាំងលើកទឹកចិត្ត និងគាំទ្រសហគ្រាសចិនក្នុងការវិនិយោគនៅក្នុងប្រទេសនេះថែមទៀត ដោយបង្ហាញក្តីសង្ឃឹមថា អាល្លឺម៉ង់ នឹងផ្តល់នូវបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងស្ថិរភាព។

ជាមួយគ្នានេះដែរ លោក Li Qiang បានអំពាវនាវបន្ថែមថា ប្រទេសទាំង២ គួរតែគាំទ្រដល់សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ និងសហគ្រាសរបស់ពួកគេ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា ការបណ្តុះទេពកោសល្យ និងការធ្វើពាណិជ្ជកម្មលើរបកគំហើញនៃវិទ្យាសាស្ត្រ។ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំៗទាំងពីរ ចិន និងអាល្លឺម៉ង់ គួរតែធ្វើការរួមគ្នាដើម្បីការពារពហុភាគីនិយម និងពាណិជ្ជកម្មសេរី ដើម្បីបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលមានភាពត្រឹមត្រូវ និងសមធម៌សម្រាប់ជំរុញសន្ទុះវិជ្ជមានបន្ថែមទៀតទៅក្នុងសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។ បន្ថែមពីលើនេះ ស្របពេលដែលអាល្លឺម៉ង់គឺជាសមាជិកដ៏សំខាន់នៅក្នុងសហភាពអឺរ៉ុប (EU) ចិនសង្ឃឹមថា អាល្លឺម៉ង់នឹងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងចិន-សហភាពអឺរ៉ុបផងដែរ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបង្ហាញពីអារម្មណ៍រីករាយក្នុងការដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់ប្រទេសចិន ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងពេញលេញ និងរំពឹងខ្ពស់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច – ពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅជាមួយប្រទេសចិន។

លោក Merz បានលើកឡើងថា បើទោះបីជាទីតាំងភូមិសាស្រ្តអាល្លឺម៉ង់ និងចិនស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរួមគ្នាត្រូវបានធ្វើឡើងយ៉ាងជិតស្និទ្ធបំផុត។ លើសពីនេះ អាល្លឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយប្រទេសចិន និងរក្សាកិច្ចសន្ទនាទៀងទាត់ក្នុងវិស័យផ្សេងៗប្រកបដោយស្មារតីស្មោះត្រង់ និងបើកចំហ។ លើកសពីនេះ អាល្លឺម៉ង់ មានឆន្ទៈធ្វើការជាមួយប្រទេសចិនដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយតុល្យភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។ មិនត្រឹមតែប៉ុណ្ណោះ អាល្លឺម៉ង់ ក៏មានឆន្ទៈក្នុងការបង្កើនទំនាក់ទំនង និងការសម្របសម្រួល លើកកម្ពស់ទំនាក់ទំនងរវាងសហភាពអឺរ៉ុប ជាមួយចិនផងដែរ៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *