ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ ៦.៥២% ដែលមានតម្លៃប្រមាណ ៥៣៨លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទើបចេញផ្សាយនៅពាក់កណ្ដាលខែតុលាកន្លងទៅនេះ។

តួលេខនេះ ជាផ្នែកមួយបង្ហាញថា រលកធ្វើពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរ ដែលកើតចេញពីក្ដីឈឺចាប់នៃការរំលោភបំពានអធិបតេយ្យភាពកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥ មកនោះ គឺនៅតែខ្លាំងក្លា រក្សាបានជាស្មារតីជាតិនិយម និងពង្រឹងសមត្ថភាពខ្លួនឯងក្នុងទិសដៅលើកកម្ពស់ផលិតផលខ្មែរ និងរក្សាស្ថិរភាពទីផ្សារក្នុងស្រុកយូរអង្វែង។
រលកធ្វើពហិការដ៏ខ្លាំងក្លា និងមានរយៈពេលយូររបស់ពលរដ្ឋខ្មែរលើកនេះ អាចមានហេតុផលលើសពីអ្វីដែលគ្រប់គ្នាមើលឃើញក្នុងព្រឹត្ដិការណ៍ផ្ទុះអាវុធដាក់គ្នារវាងយោធាថៃ និងកម្ពុជាបណ្ដាលឱ្យមានអ្នករងរបួស និងពលីទាំងសងខាង គឺកើតចេញពីប្រវត្ដិសាស្ដ្រ នៃភាពតានតឹងអូសបន្លាយ និងការចិញ្ចឹមចិត្ដរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជានៅតាមបណ្ដាយព្រំដែន។
នៅខែតុលា កាលពី ១៨ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ថៃ បានបង្កជម្លោះបង្កើតភាពតានតឹងនៅតាមព្រំដែនជាលើកដំបូង ក្រោយពីកម្ពុជាស្គាល់សុខសន្ដិភាពផ្ទៃក្នុងពេញលេញនៅចុងឆ្នាំ១៩៩៨ បានប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាព្រំដែនសន្ដិភាព កិច្ចសហប្រតិបត្ដិការល្អ ពាណិជ្ជកម្មបើកទូលាយជាមួយគ្នាអស់រយៈពេលជិត ១០ឆ្នាំ។ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ប្រែជាអួរអាប់ភ្លាមៗ ក្រោយយោធាឈុតខ្មៅថៃ បានព្យាយាមរុលចូលគ្រប់គ្រងបរិវេណវត្ដកែវសិក្ខាគិរីស្វារៈ ក្បែរប្រាសាទព្រះវិហារ បន្ទាប់ពី UNESCO ប្រកាសជាផ្លូវការដាក់ប្រាសាទព្រះវិហាររបស់ខ្មែរចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក។
ក្រោយៗមកទៀត នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានក្លាយជាជំងឺរ៉ាំរ៉ៃ ពិបាកនឹងព្យាបាល ដោយភាគីថៃតែងតែភ្ជាប់បញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនទៅរឿងព្រំដែន។ នៅចុងខែឧសភា ឆ្នាំ២០២៥ របត់ថ្មីនៃជម្លោះរឿងទឹកដី បង្ហាញពីស្មារតីជាតិនិយម បានផ្ទុះឡើងព្រមគ្នាជាមួយនឹងបងប្អូនវីរៈកងទ័ពខ្មែរជួរមុខ តទល់នឹងសត្រូវឈ្លានពានដោយផ្ទាល់ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលនៅចាំគាំទ្រពីក្រោយ បានធ្វើពហិការផលិតផលសៀម ដោយនាំគ្នាងាកមកប្រើផលិតផលក្នុងស្រុកឱ្យអស់លទ្ធភាព ហើយបង្វែរការនាំចូលសម្ភារៈ និងគ្រឿងហូបចុកប្រចាំថ្ងៃពីប្រទេសផ្សេងៗ ដើម្បីបំពេញតម្រូវការលើទីផ្សារ។
ជាតារាកំប្លែងម្នាក់ ធ្លាប់គាំទ្រ ទទួលទានកាហ្វេ AMAZONE ចាក់សាំង PTT និងទិញទំនិញថៃ ក្នុងហាង SEVEN ELEVEN ស្ទើរមិនលស់ថ្ងៃនាពេលកន្លងមក នាយក្ដី នឹកស្ដាយក្រោយ ហើយក្នុងទ្រូងនៅតែឈឺអួលងំ ពេលនឹកសម្ដីមើលងាយ និងការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ចំពោះពាក្យថា “កំហឹងភ្លើងចំបើង” ឬ “ពហិការផលិតផលថៃបានតែមួយឆាវ” ត្រូវបាន នាយក្ដី បញ្ជាក់យ៉ាងខ្លីថា ពាក្យទាំងនេះមិនគួរប្រើសម្រាប់រូបលោកឡើយ ព្រោះក្នុងចិត្ដលោកបានសច្ចារួចហើយថា នឹងពហិការអស់មួយជីវិត។

លោក ឈុន ភក្ដី ហៅ នាយក្ដី បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី១៩ ខែតុលា ថា បច្ចុប្បន្ន លោកបានប្រែក្លាយការឈឺចាប់ទៅជាការពង្រឹងសមត្ថភាពខ្លួនឯង និងសង្គមជាតិ តាមរយៈការបង្កើតសិប្បកម្មផលិតសាប៊ូខ្នាតតូចមួយឈ្មោះ “សាប៊ូខ្មែរយើង” ជាមួយម្ដាយនៅឯស្រុកពញាឮ ខេត្ដកណ្ដាល។ លោកចាប់ផ្ដើមពីទុន ៣៨ម៉ឺនដុល្លារ ដើម្បីដំឡើងម៉ាស៊ីនដែលមានសមត្ថភាពផលិតសាប៊ូកក់សក់ ដុសខ្លួន និងសាប៊ូលាងចាន ប្រមាណ ៤០០០ដប ក្នុង ១ថ្ងៃ សម្រាប់ចែកចាយនៅលើទីផ្សារក្នុងស្រុក។
ក្នុងនាមជានាយកអ្នកគ្រប់គ្រងខ្សែច្រវ៉ាក់ផលិតកម្មផង និងគ្រប់គ្រងផ្នែកទីផ្សារផង លោក ឈុន ភក្ដី សង្កេតឃើញថា គុណភាព និងចំនួនផលិតផលក្នុងស្រុកកំពុងប្រកួតប្រជែងតម្លៃជាមួយនឹងផលិតផលនាំចូលពីក្រៅប្រទេសយ៉ាងខ្លាំងក្លា បើទោះបីប្រភពនាំចូលពីថៃ ត្រូវបានផ្អាកហើយក្ដី។ បញ្ហានេះ បានធ្វើឱ្យលោកកាត់បន្ថយកម្លាំងពលកម្ម ដោយពីមុនប្រើមនុស្ស ៥០នាក់ មកនៅត្រឹមជាង ១០នាក់ ដើម្បីកាត់បន្ថយថ្លៃដើមចំណាយលើប្រាក់ខែ និងការហូបចុកប្រចាំថ្ងៃបុគ្គលិកឱ្យសមស្របនឹងចំណូល។
លោក ឈុន ភក្ដី បន្ថែមថា នៅក្នុងកាលៈទេសៈនេះ លោកត្រូវរក្សាលំនឹងសិប្បកម្មឱ្យនៅដើរជាធម្មតាសិន ហើយរូបលោកផ្ទាល់នឹងចេញទៅរៀនបច្ចេកទេសបន្ថែម និងនាំចូលសំបកដបសាប៊ូដែលមានរូបរាងថ្មី ប្លែកៗពីបណ្ដាប្រទេសជឿនលឿនយកមកអភិវឌ្ឍខ្លួន ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ខណៈដែលលោកតស៊ូ ក្រាញននៀលជាមួយបុគ្គលិកជាង ១០ចុងក្រោយ រហូតទទួលផលវិជ្ជមានថ្មី។
ជុំវិញការប្រកួតប្រជែងគុណភាព និងតម្លៃលើទីផ្សារ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ឯកឧត្ដម ហែម វណ្ណឌី បានទទួលស្គាល់ថា ក្នុងរបបទីផ្សារសេរី សហគ្រាសធុនតូច និងមធ្យមរបស់ខ្មែរ ពិតជាពិបាកប្រកួតប្រជែងមែន។ សិប្បកម្មទាំងនេះ ភាគច្រើនផ្ដើមចេញពីអាជីវកម្មគ្រួសារ និងអាជីវកម្មតូចតាចដែលសមត្ថភាពផលិតនៅមានកម្រិត ដែលត្រូវពង្រឹងខ្លួនបន្ថែម។
ឯកឧត្ដមរដ្ឋមន្ដ្រី ហែម វណ្ណឌី បានគូសបញ្ជាក់ថា ចាប់តាំងឆ្នាំ២០២៥ ក្រោយបញ្ហាព្រំដែនកម្ពុជា-ថៃឡើងកម្ដៅ រហូតឈានដល់ការធ្វើពហិការផលិតផលសៀមកន្លងមកនោះ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកមានសន្ទុះខ្លាំងក្លា ដែលអាចចាត់ទុកថា នេះជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកដើម្បីពង្រឹងខ្លួនឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្ដែង។

កំណត់ត្រាចុះបញ្ជីរោងចក្រ-សហគ្រាស ក្នុងប្រព័ន្ធឌីជីថលរបស់ក្រសួងឧស្សាហកម្ម បានបង្ហាញថា រោងចក្រ-សហគ្រាសថ្មីៗ បានបង្កើតឡើងច្រើន ស្របពេលដែលពលរដ្ឋខ្មែរនៅបន្ដធ្វើពហិការទំនិញថៃ។ ជាក់ស្ដែង រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៦ មានរោងចក្រ-សហគ្រាសបង្កើតថ្មីចំនួន ១ ០៧៦ មូលដ្ឋាន ក្នុងចំណោមរោងចក្រ-សហគ្រាសទាំងចាស់ទាំងថ្មីសរុប ៤ម៉ឺនមូលដ្ឋាន ក្នុងនោះមានសហគ្រាសផលិតភេសជ្ជៈ និងម្ហូបអាហារចំនួន ២៧ ០០០ មូលដ្ឋាន ដោយប្រើកម្លាំងពលកម្មជាងកន្លះលាននាក់។
ចំពោះការប្រកួតប្រជែងផលិតផលក្នុងស្រុក ជាមួយនឹងផលិតនាំចូលដោយក្រុមហ៊ុនធំៗពីក្រៅប្រទេស គេឃើញមានផលិតផលចិន វៀតណាម នាំចូលមកជំនួសតំណែងថៃ និងចាក់បំពេញតម្រូវការទីផ្សារក្នុងស្រុកភាគច្រើនដោយប្រទេសចំនួន៥ រួមមាន៖ សហរដ្ឋអាមេរិក សិង្ហបុរី កូរ៉េខាងត្បូង ប៉ូឡូញ និងហ្វីលីពីន។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ ប្រទេសហ្វីលីពីន បានឈរនៅលំដាប់លេខរៀងទី១ គឺបង្កើនការនាំចូលផលិតផលរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជារហូតដល់ ២៥៩.៦% និងតាមពីក្រោយដោយសិង្ហបុរី កើន ១៤៣.៤%។ រីឯប្រទេស ប៉ូឡូញ ឈរនៅលំដាប់លេខរៀងទី៣ គឺកើនរហូតដល់ ១២៧.១% ។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មើលឃើញថា ការធ្វើពហិការនេះ មានផលជះវិជ្ជមានច្រើនជាងអវិជ្ជមាន ដោយផលិតក្នុងស្រុកចាប់ផ្ដើមងើបឡើង និងបង្អាក់សេដ្ឋកិច្ចថៃមួយផ្នែកតាមរយៈការនាំចូលផលិតផលគេមកស្រុកខ្មែរ ហើយយកលុយទៅទិញអាវុធមកប្រឆាំងខ្មែរ។ លោកបន្តថា សកម្មភាពពហិការផលិតផលសៀម ហើយងាកមកគាំទ្រផលិតខ្មែរ និងប្រទេសដទៃវិញ ជាសញ្ញាបង្ហាញថា មានការវិវត្តប្រកបដោយនិរន្តរភាព និងធន់សម្រាប់កម្ពុជា។

លោកបណ្ឌិត ជ័យ តិច បានផ្ដល់ជាអនុសាសន៍ថា ដើម្បីទប់ខ្លួនឱ្យរឹងមាំពីបញ្ហាសេដ្ឋកិច្ច និងការប្រែប្រួលទីផ្សារពីគ្រប់មជ្ឈដ្ឋាននៅលើទីផ្សារកម្ពុជា គឺទី១ ពលរដ្ឋខ្មែរខ្លួនឯងត្រូវបន្ដលើកតម្កើង គាំទ្រផលិតខ្មែរ រីឯអ្នកផលិតវិញ ត្រូវពង្រឹងគុណភាពផលិតផលជាមួយនឹងតម្លៃសមរម្យ ហើយមន្ត្រីជំនាញដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវបើកឱកាស ផ្ដល់ជំនាញបន្ថែមសម្រាប់សិប្បកម្មខ្នាតតូច និងមធ្យម ដើម្បីអាចពង្រីកខ្លួនជាមួយសមត្ថភាពពេញលេញ ឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្ដែង។
ចំពោះការរក្សាស្មារតីឈឺចាប់ ហើយពង្រឹងសមត្ថភាពខ្លួនឯងពីការរំលោភបំពានរបស់ថៃ លោកបណ្ឌិត បានផ្ដល់ជាគំនិតថា កម្ពុជា គួរចងក្រងឯកសារប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃដាក់នៅក្នុងកម្មវិធីសិក្សារបស់កូនខ្មែរតជំនាន់។ ធ្វើបែបនេះ លោកបណ្ឌិតយល់ថា ការធ្វើពហិការផលិតផល គ្រាន់តែជាផ្នែកមួយអាចនឹងសាបរលាបទៅវិញនៅថ្ងៃណាមួយ ប៉ុន្ដែបើប្រវត្ដិសាស្ដ្រត្រូវបានចងក្រងទុកយ៉ាងជាក់លាក់ កុំថាឡើយយូរប៉ុណ្ណា ការឈឺចាប់នឹងដិតដាមឈានទៅបន្សាបឥទ្ធិពលផលិតផលសៀមបានយ៉ាងមានប្រសិទ្ធភាព៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content