ធនាគារជាតិនៃកម្ពុជា៖ «ការសន្សំប្រាក់» ជាវិធីការពារហិរញ្ញវត្ថុដ៏សំខាន់មួយ ជួយយើងពេលមានបញ្ហា ឬតម្រូវការបន្ទាន់

កំពត៖ «ការសន្សំប្រាក់» គឺជាវិធីការពារហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលអាចជួយដោះស្រាយនៅពេលមានបញ្ហា ឬតម្រូវការបន្ទាន់ជាយថាហេតុ ហើយការសន្សំ ក៏ជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាសុវត្ថិភាព បង្កើនទ្រព្យសម្បត្តិ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។ ការសន្សំប្រាក់ គេអាចធ្វើឡើងតាមរយៈវិធីសាស្ត្រផ្សេងៗ ដូចជា រក្សាទុកក្នុងកូនជ្រូកដី ទូដែក ឬនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលមានសុវត្ថិភាព និងទុកចិត្តបាន។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីទិវាសន្សំអាស៊ាន លើកទី៦ ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រឡាញ់» កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅក្រុងកំពត ខេត្តកំពត។

ឯកឧត្តមទេសាភិបាលរង បានលើកឡើងថា៖

«ការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានផ្លូវការ គឺមានអត្ថប្រយោជន៍ និងមានទំនុកដូចជា៖ ផ្តល់សុវត្ថិភាពក្នុងការថែរក្សាប្រាក់ ទទួលបានការពារតាមផ្លូវច្បាប់ ទទួលបានការប្រាក់បន្ថែម និងអាចដកបានគ្រប់ពេលគ្រប់ទីកន្លែងតាមតម្រូវការ។ លើសពីនេះទៅទៀត ការសន្សំជាមួយគ្រឹះស្ថានផ្លូវការ គឺអាចជួយគាំទ្រដល់ការប្រមូលផ្តុំមូលធនសម្រាប់វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ»។

ឯកឧត្តម យឹម លាត បានមានប្រសាសន៍បន្តថា៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្ត-ក្រុងនានា។ ដោយឡែក សម្រាប់ឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំទិវាសន្សំអាស៊ាន ក្រោមប្រធានបទ «សន្សំប្រាក់ ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រលាញ់» ដោយមានគោលដៅសំខាន់ៗដូចជា ៖ បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងលើកទឹកចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ, ផ្សព្វផ្សាយវប្បធម៌សន្សំ ស្មារតីសន្សំប្រាក់ដោយសេចក្តីស្រលា​ញ់ ដែលជាទំនួលខុសត្រូវសម្រាប់ថ្ងៃអនាគត និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល និងផ្លូវការ-ស្របច្បាប់ ដើម្បីបង្កើនទំនុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ និងការពារសុវត្ថិភាព។

ឯកឧត្តមបានលើកឡើងថា៖ ដោយមើលឃើញពីសារៈសំខាន់ និងភាពចាំបាច់នៃការលើកកម្ពស់វប្បធម៌សន្សំប្រាក់តាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលមានគោលដៅបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។

ឯកឧត្តមបានបន្ថែមថា៖

«ទោះបីជាមានការពង្រឹងការយល់ដឹងក៏ដោយ កន្លងមកនៅតែមានសកម្មភាពបោកប្រាស់ពីជនឆ្លៀតឱកាសមួយចំនួន ដែលប្រមូលប្រាក់ពីសាធារណជនក្រោមរូបរាងសន្សំ វិនិយោគ ឬឥណ​ទា​ន ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ហួសហេតុ។ ជាទូទៅ ពួកគេផ្តល់ប្រាក់តែដំបូងប៉ុណ្ណោះ បន្ទាប់មក គេចវេះ ឬរត់គេចខ្លួន បណ្តាលឲ្យជនរងគ្រោះបាត់ទាំងប្រាក់ដើម និងការប្រាក់។ បញ្ហានេះធ្វើឲ្យ​ប្រជា​​ពលរដ្ឋមួយចំនួនធ្លាក់ក្នុងវិបត្តិបំណុលដោយសារខ្ចីប្រាក់មកវិនិយោគក្នុងគម្រោងបោកប្រាស់។ ដូច្នេះ សូមសាធារណជន ប្រុងប្រយ័ត្ន និងពិនិត្យឱ្យប្រាកដថា អ្នកទទួលប្រាក់មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរមានសមត្ថកិច្ច។ សូមចំណាំថា មានតែធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើប៉ុណ្ណោះដែលអាចទទួលប្រាក់ពីសាធារណជន»។

ទាក់ទងនឹងការសន្សំប្រាក់នេះ ឯកឧត្តមទេសាភិបាលរង បានផ្តល់អនុសាសន៍ថា៖ នៅពេលចាប់ផ្តើមមានការងារ និងចំណូល គួរតែមានផែនការសន្សំច្បាស់លាស់ ដោយបែងចែកគោលបំណងសន្សំជា ៣ប្រភេទ៖ ទី១) សន្សំសម្រាប់គម្រោងអនាគត ដូចជា ទិញផ្ទះ ឬទ្រព្យអ្វីមួយ, ទី ២) សន្សំសម្រាប់គ្រាអាសន្ន ឬពេលឈឺថ្កាត់, និងទី ៣) សន្សំសម្រាប់ពេលនិវត្តន៍។ មុនពេលចំណាយប្រាក់ គួរតែមានកំណត់វិន័យផ្ទាល់ខ្លួនមួយចំនួន ដោយសួរខ្លួនឯងថា៖ តើការចំណាយនេះចាំបាច់ប៉ុណ្ណា? តើវាមានក្នុងផែនការចំណាយប្រចាំខែឬទេ? ការកំណត់ទាំងនេះអាចនឹងជួយឲ្យការចំណាយមានប្រសិទ្ធភាព និងរក្សាបានទម្លាប់សន្សំជាប្រចាំ។ សម្រាប់អ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន ការរកចំណូល និងការចំណាយ តែងមានការឡើង-ចុះ មិនថេរ ដូច្នេះ ការគណនាចំណេញ-ចំណាយពិតប្រាកដអាចពិបាក។ ដោយហេតុនេះ ការដកប្រាក់មួយផ្នែកមកសន្សំសម្រាប់ការពង្រីកអាជីវកម្ម ឬការវិនិយោគនៅថ្ងៃអនាគត គឺជាជំហានសន្សំឆ្លាតវៃ ដែលជួយឲ្យអាជីវកម្មមានស្ថិរភាព និងរីកចម្រើនបានយូរអង្វែង។ ការប្រើប្រាស់សេវាធនាគារផ្លូវការ ជាជម្រើសសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នករកស៊ី។

ឯកឧត្តមបានបញ្ជាក់ថា៖

«ការសន្សំ គួរតែចាប់ផ្តើមពីវ័យក្មេង ដោយបណ្តុះផ្នត់គំនិត និងវិន័យផ្ទាល់ខ្លួនក្នុងការចំណាយ។ ឪពុកម្តាយអាចជួយបង្កើតទម្លាប់សន្សំដោយបង្រៀនកូនឲ្យយល់អំពីតម្លៃនៃប្រាក់ និងសារៈសំខាន់នៃការសន្សំ និងការខិតខំមុនទិញបានរបស់អ្វីមួយ។ ទម្លាប់សន្សំប្រាក់ទៀងទាត់ ទោះតិចក្តី ឬច្រើនក្តី នឹងជួយបំពេញតម្រូវការហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន និងអនាគត សម្រាប់ខ្លួនឯង សម្រាប់មនុស្សជាទីស្រលាញ់ និងសម្រាប់ប្រទេសជាតិ»។

ជាមួយនេះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឲ្យបន្តពង្រឹងប្រតិ​បត្តិការ និងពង្រីកវិសាលភាពសេវាដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ធានាបាននូវប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។ ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឲ្យមានគុណភាព និងភាពជឿជាក់ នឹងក្លាយជាជំហានសំខាន់ក្នុងការលើកកម្ពស់ទំនុកចិត្តសាធារណៈ។

ថ្លែងក្នុងពិធីបើកទិវាសន្សំអាស៊ាន ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា៖ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រលាញ់» នឹងជួយបំផុសស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីការសន្សំប្រាក់ ដើម្បីជាប្រយោជន៍ដ៏មានសារៈសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ផ្សារភ្ជាប់ជាមួយអនាគតរបស់គ្រួសារប្រកបដោយសុវត្ថិភាព និងភាពសុខដុមរម្យនាសម្រាប់គ្រួសារ និងសហគមន៍ទាំងមូល ពីព្រោះថាការរៀបចំផែនការសន្សំ គឺជាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ឬអាចនិយាយថា ជាយន្តការធានានូវសុវត្ថិភាពហិរញ្ញវត្ថុ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយសម្រេចគោលដៅជីវិត ពិសេសកាត់បន្ថយបំណុល បង្កើតទំនៀមទម្លាប់ល្អសម្រាប់ហិរញ្ញវត្ថុគ្រួសារ ហើយក៏ជាឱកាសមួយដែលនឹងជួយបង្កើនទ្រព្យធនសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងកូនចៅៗតជំនាន់ផងដែរ។

ឯកឧត្តមអភិបាលរងបានបញ្ជាក់ថា៖

«សម្រាប់កម្ពុជារបស់យើង ការលើកកម្ពស់វប្បធម៌សន្សំ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីជួយឱ្យគ្រួសារកាន់តែមានស្ថិរភាព​ និងបង្កើនការចូលរួមក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការដែលវាជាផ្នែកគន្លឹះមួយនៃគោលបំណង​របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួម និងធានាថា អ្នកគ្រប់គ្នាមានឱកាសដូចគ្នាក្នុងការចូលរួមសេដ្ឋកិច្ចជាតិ»។

គួរបញ្ជាក់ដែរថា ទិវាសន្សំអាស៊ាននៅខេត្តកំពតនេះ  មានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អង្គភាពថ្នាក់ខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសិស្សានុសិស្ស សរុបប្រមាណជាង៦០០ រូប។ កម្មវិធីនេះ ក៏មានការប្រកួតប្រជែងរបស់សិស្សានុសិស្សមកពីវិទ្យាល័យចំនួន៥ដើម្បីបំផុស និងជំរុញវប្បធម៌សន្សំប្រាក់ និងកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយស ដែលបានបកស្រាយអំពីសារៈសំខាន់នៃ «ទម្លាប់ការសន្សំប្រាក់»។ កម្មវិធីក៏មានការចូលរួមតាំងពិព័រណ៍ផ្សព្វផ្សាយអំពីផលិតផលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងការចូលរួមប្រកួតប្រជែងឆ្លើយសំណួរយករង្វាន់ពីសិស្សានុសិស្សមកពីវិទ្យាល័យជុំវិញក្រុងកំពតយ៉ាងច្រើនកុះករផងដែរ។

ទិវាសន្សំអាស៊ាន ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី៣១ ខែតុលា គឺជាការផ្តួចផ្តើមរបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការសន្សំប្រាក់ សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសជាសមាជិក។ ការសន្សំប្រាក់ផ្តល់សារៈសំខាន់ក្នុងការធានាសុវត្ថិភាពហិរញ្ញវត្ថុ ដែលអាចឱ្យគ្រួសារមានលទ្ធភាពបំពេញតម្រូវការនានាក្នុងស្ថានភាពបន្ទាន់ និងសម្រេចបានគោលដៅអនាគតប្រកបដោយក្តីស្រលាញ់។ ទន្ទឹមនេះ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាត និងការបង្កើតទម្លាប់សន្សំជាប្រចាំ ជួយបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់សុភមង្គល និងស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ ព្រមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *