ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៦នេះ វិនិយោគិនចិនដែលបានដាក់ទុនវិនិយោគនៅកម្ពុជាឈរនៅលំដាប់ទី២ ខណៈវិនិយោគិនកម្ពុជាបានឈរលំដាប់ទី១ ក្នុងនោះ រយៈពេល៧ខែដើមឆ្នាំ ២០២៦នេះ ចិនបានចុះបញ្ជីវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១,៨៦ពាន់លានដុល្លារអាម៉េរិក ។
យោងតាមរបាយការណ៍គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ ២០២៦នេះ កម្ពុជាទទួលបានទុនវិនិយោគចុះបញ្ជីសរុបចំនួន៤,៧ពាន់លានដុល្លារពីគម្រោងចំនួន២៧៦ ក្នុងនោះប្រភពទុនពីប្រទេសចិនដែលចុះបញ្ជីមានប្រមាណ ៣៥,៧៥ភាគរយ ឬស្មើនឹងប្រមាណ ១,៦៨ពាន់លានដុល្លារ និងបានឈរលំដាប់ទី២បន្ទាប់ពីប្រភពទុនវិនិយោគរបស់វិនិយោគិនកម្ពុជា។

តាមរបាយការណ៍បានបង្ហាញផងដែរថា ក្នុងខែកក្កដា កន្លងទៅនេះកម្ពុជាក៏ទទួលបានទុនវិនិយោគសរុបចំនួន៥២៥លានដុល្លារពីគម្រោងវិនិយោគចំនួន៣៣គម្រោង ក្នុងនោះដែរប្រភពទុនវិនិយោគដែលបានចុះបញ្ជីមកពីប្រទេសចិនមានប្រមាណ ៣៤,០៥ភាគរយ គិតជាទឹកប្រាក់ប្រមាណ ១៧៨លានដុល្លារអាម៉េរិក និងបន្តឈរនៅលំដាប់ទី២ដដែល ។
ជាការកត់សម្គាល់ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគដែលលេចធ្លោរមានដូចជា គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ ២គម្រោងនៅខេត្តមណ្ឌលគិរីមានទឹកប្រាក់រហូតដល់ ៣៦៨លានដុល្លារអាម៉េរិក គម្រោងវិនិយោគសណ្ឋាគារផ្កាយ៥ ចំនួន១.៣៤១បន្ទប់នៅក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៣០០លានដុល្លារអាម៉េរិក និងគម្រោងមួយចំនួនទៀត ។
សូមជម្រាបថា ដើម្បីទាក់ទាញវិនិយោគិនចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំនូវកម្មវិធីវេទិកានានា ផ្សព្វផ្សាយពីសក្ដានុពល និងឱកាសវិនិយោគល្អៗដល់បណ្ដាវិនិយោគិនមកពីប្រទេសចិន ក៏ដូចជាមកពីប្រទេសនានាលើពិភពលោក ។
ឯកឧត្តម អឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ទាំងវិនិយោគិនចិន និងទេសចរជនជាតិចិន ដែលមកដល់ប្រទេសកម្ពុជាមិនមានបញ្ហាលំបាកឡើយ ។ នៅក្នុងប្រទេសកម្ពុជា មានអ្នកចេះនិយាយភាសាចិនច្រើន ដូច្នេះ ពេលដែលវិនិយោគិន ឬទេសចរមកដល់កម្ពុជា អាចនិយាយភាសាចិនរបស់ខ្លួនដោយងាយស្រួល ។ ទាំងនេះហើយ ទើបធ្វើឱ្យកំណើនវិនិយោគិន និងទេសចរជនជាតិចិនកាន់តែច្រើនឡើង ។
ឯកឧត្តមបន្តថា ការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលក៏ជាកត្តាទាក់ទាញវិនិយោគិនចិន និងបរទេសផ្សេងទៀតចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាក់ស្ដែងការវិនិយោគលើអគារជាប់គាំងក្នុងខេត្តព្រះសីហនុ វិនិយោគិននឹងទទួលបានការលើកលែងពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាក្នុងករណីមានការផ្ទេរសិទ្ធិ លើកលែងពន្ធលើការនាំចូលសម្ភារៈមកសាងសង់អគារជាដើម ។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានចាត់ក្រុមការងារក្នុងការសម្របសម្រួលនីតិវិធីផ្សេងៗដើម្បីឱ្យការវិនិយោគ ប្រព្រឹត្តទៅដោយរលូន ។

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា វិនិយោគិនចិននៅតែជាវិនិយោគិនដែលសំខាន់ក្នុងការចូលបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយជាការកត់សម្គាល់ឃើញថា គម្រោងធំៗមួយចំនួន នៅតែជាប្រភពទុនរបស់ចិនដដែលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។ ការវិនិយោគរបស់ចិនគឺជាការរួមចំណែកមួយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា៕





វិថីហិរញ្ញវត្ថុ


























Account
Security
Favourite Content