Sailun ជារោងចក្រផលិតសំបកកង់រថយន្តដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរ១០០ភាគរយ

ភ្នំពេញ ៖ Sailun ម៉ាកយីហោសំបកកង់រថយន្តខ្មែរ និងជារោងចក្រដំបូងគេនិងធំជាងគេនៅកម្ពុជា ។ រោងចក្រផលិតសំបកកង់រថយន្តរបស់ Sailun ក៏ជារោងចក្រដែលប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ១០០ភាគរយផងដែរ ដែលជាការរួមចំណែកដល់ការប្រើប្រាស់ផលិតផលក្នុងស្រុកបានកាន់តែច្រើន ។
បើតាមលោកគឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ទទួលសិទ្ធិចែកចាយផលិតសំបកកង់រថយន្ត Sailun ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ខេត្តស្វាយរៀងបានឱ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្ត Sailun អាចចាត់ទុកថាជារោងចក្រដែលប្រើប្រាស់ជ័រកៅស៊ូធម្មជាតិក្នុងស្រុកច្រើនជាងគេ គឺរហូតដល់៩៦ភាគរយ ចំណែក៤ភាគរយទៀតគឺជាជ័រកៅស៊ូគីមី ។ ក្នុងនោះន័យរោងចក្រ Sailun បានប្រើប្រាស់ជ័រកៅស៊ូធម្មជាតិក្នុងស្រុករហូតដល់១០០ភាគរយហើយនៃតម្រូវការជ័រកៅស៊ូធម្មជាតិក្នុងរោងចក្រ ។
លោកបន្តថា បច្ចុប្បន្ននេះ រោងចក្រផលិតសំបកកង់រថយន្ត Sailun បានប្រើប្រាស់ជ័រកៅស៊ូធម្មជាតិក្នុងស្រុកប្រមាណ១៥ម៉ឺនតោន ហើយអានឹងចមានកំណើនបន្ថែមទៀត ក្នុងពេលតម្រូវការសំបកកង់រថយន្តដែលផលិតចេញពីរោងចក្រមានកំណើនខ្ពស់ ទាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ ដូច្នេះ លោកបារម្ភថាជ័រកៅស៊ូក្នុងស្រុកមិនអាចផ្គត់ផ្គង់ឱ្យរោងចក្រគ្រប់គ្រាន់ទេ ហើយបើសិនជាមិនគ្រប់គ្រាន់ ជម្រើសតែមួយគឺនាំចូលមកបង្គ្រប់ ។
លោកស៊ីណាត ក៏បានស្នើសុំដល់ម្ចាស់ចម្ការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូសូមឱ្យជួយបម្រុងកៅស៊ូទុកពេលរដូវសំបូរជ័រ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់ឡានមិនថាកង់ឡានរបស់ Sailun ឬរោងចក្រផលិតសំបកកង់ឡានដទៃទៀតទេ។នៅក្នុងរដូវកាលរដូវមិនសូវមានជ័រកៅស៊ូជាពិសេសនៅអំឡុងខែកុម្ភៈ ឬមីនា ដែលជាពេលដើមកៅស៊ូជ្រុះស្លឹក ខ្សត់ជ័រ ។
លោកបន្ថែមថា បច្ចុប្បន្ននេះ សំបកកង់ឡានម៉ាក Sailun កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្នុងទីផ្សារក្នុងនិងក្រៅប្រទេស ហើយបច្ចុប្បន្ននេះដែរ រោងចក្រក៏ផលិតសំបកកង់ឡានមិនទាន់គ្រប់គ្រាន់នឹងតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស ដោយត្រូវបង្កើនការផលិតបន្ថែម ហើយបើសិនជារោងចក្រពង្រីកការផលិតទៀត ក៏នឹងត្រូវការជ័រកៅស៊ូបន្ថែមទៀងផងដែរ ។
នៅក្នុងពិធីសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ គីមស៍ រ៉ាប់បើក្នុងខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៧ ឧសភា ២០២៦ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេចគឺជាគោលដៅធំរបស់កម្ពុជា ។ ការកែច្នៃនៅក្នុងប្រទេស មិនត្រឹមតែជួយដល់កសិករដែលដាំដុះប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើតការងារដល់កម្មករ បុគ្គលិក និងខ្សែច្រវាក់ផ្សេងទៀតដូចជាការដឹកជញ្ជូនពីចម្ការទៅរោងចក្រកែច្នៃ ឬរោងចក្រផលិតសំបកកង់ឡានជាដើម ។
សម្ដេចធិបតី បានបន្តថា កាលពីពេលរោងចក្រផលិតសំបកកង់ឡានបើកដំណើរការដំបូងនៅកម្ពុជា មានការនាំចូលកៅស៊ូពីខាងក្រៅប្រទេសមកបម្រើក្នុងខ្សែច្រវាក់ផលិតកម្ម ជាពិសេសនាំចូលពីប្រទេសថៃ តែក្រោយពេលសម្ដេចបានណែនាំឱ្យគិតគូរពីការប្រើប្រាស់កៅស៊ូក្នុងស្រុក ក៏បានឃើញថាក្នុងពេលបច្ចុប្បន្ននេះ រោងចក្រផលិតសំបកកង់ឡាន Sailun នៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុករហូតដល់១០០%។
លោកឆេង ថុង ប្រធានក្រុមប្រឹក្សាអភិបាលនៃសហគមន៍កសិកម្មសំបូរមានជ័យ បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ចាប់តាំងពីការកកើតរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជាមក ឃើញថាទីផ្សារកៅស៊ូរបស់កសិករមានស្ថិរភាពល្អ ដោយរក្សាបានតម្លៃមួយដែលអាចទទួលយកបាន មិនធ្លាក់ថ្លៃពេក ហើយក៏មិនថ្លៃពេកដែរ ។
លោកបន្តថា ដោយសារតែមើលឃើញពីស្ថិរភាពតម្លៃកៅស៊ូនៅកម្ពុជាក្នុងប៉ុន្មានឆ្នាំរក្សាតម្លៃល្អ កសិករនៅក្នុងសហគមន៍គ្រោងនឹងពង្រីកការដាំដុះកៅស៊ូបន្ថែម ហើយសម្រាប់កៅស៊ូណាដែលចាស់ឱ្យទិន្នផលតិចក៏ត្រូវកាប់ចេញដើម្បីដាំថ្មីផងដែរ៕

Leave a Reply

Your email address will not be published.Required fields are marked *