ភ្នំពេញ ៖ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា គោលនយោបាយរូបិយវត្ថុរបស់កម្ពុជាបន្តដើរតួសំខាន់ក្នុងការងើបឡើងវិញរបស់សេដ្ឋកិច្ច ដោយក្នុងនោះជំនឿទុកចិត្តលើប្រព័ន្ធធនាគារនៅមានកម្រិតខ្ពស់។

ធនាគារពិភពលោកបានលើកឡើងបន្តថា កំណើនឥណទានក្នុងស្រុករក្សាបានភាពរឹងមាំ ហើយអត្រាប្តូរប្រាក់ក៏មានស្ថិរភាពដែរ។ ប្រាក់ចំណូលក្នុងស្រុកឥឡូវនេះមានកំណើនស្ទុះងើបពេញលេញវិញហើយ រីឯការចំណាយត្រូវបានរំពឹងទុកថានឹងថមថយល្បឿនបន្តិចវិញ បន្ទាប់ពីមានការចំណាយច្រើនទៅលើវិធានការសង្គ្រោះពាក់ព័ន្ធនឹងជំងឺរាតត្បាតនៅក្នុងឆ្នាំកន្លងទៅ។ តាមរយៈនេះ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងរួមតូចបន្តិចមកវិញ បើទោះបីជាវានៅតែមានទំហំធំគឺ ៤,៦ភាគរយនៃផលិតសរុបក្នុងស្រុក (ផ.ស.ស) ក៏ដោយ ហើយឱនភាពនេះនឹងត្រូវបានបំពេញមួយផ្នែកធំតាមរយៈការប្រើប្រាស់កម្ចីពីខាងក្រៅប្រទេស។
ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុរបស់កម្ពុជា ធនាគារជាតិនៃកម្ពុជាគឺជាអ្នកកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុសំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន អតិផរណាត្រូវបានគ្រប់គ្រងឱ្យស្ថិតក្នុងកម្រិតទាបក្នុងអត្រាមធ្យមប្រចាំឆ្នាំតិចជាង ៥% ដែលសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
ទោះជាយ៉ាងនេះក្តី ក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ប្រសិទ្ធភាពនៃការអនុវត្តគោល នយោបាយរូបិយវត្ថុនៅមានកម្រិតនៅឡើយ ស្របពេលដែលធនាគារជាតិនៃកម្ពុជាពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដើរតួជាអ្នកឱ្យខ្ចីចុងក្រោយ។ បច្ចុប្បន្ន ឧបករណ៍គោលនយោបាយរូបិយវត្ថុដែលត្រូវបានប្រើប្រាស់ដើម្បីរក្សាស្ថិរភាពថ្លៃ គឺការដាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច និងការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍន៍ ឧបករណ៍គោលនយោបាយរូបិយវត្ថុបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ តាមរយៈការចេញផ្សាយមូលបត្រអាចជួញដូរបាន ការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនិងទីផ្សារ រូបិយវត្ថុ និងការពង្រឹងការប្រើប្រាស់ប្រាក់រៀល ។ល។
ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជារក្សាបានស្ថិរភាពល្អ ដែលត្រូវបានគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលបានរួមចំណែកស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ធ្លាប់មានប្រសាសន៍កាលពីថ្មីៗនេះថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជារំពឹងថាអត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ និង ៦% នៅឆ្នាំ២០២៣។
ឯកឧត្តមបានថ្លែងបន្តថា បន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ អត្រាអតិផរណា បានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ ៤,៤% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើងក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក។
ឯកឧត្តម ជា ចាន់តូ បានលើកឡើងថា ៖
“ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើន”
គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ឥណទានដល់វិស័យឯកជនសរុប ២១៦ ទ្រីលានរៀល (៥៣,១ ប៊ីលានដុល្លារអាមេរិក) កើនឡើង ២៣,៦% ធៀបនឹងចុងត្រីមាសទី២ ឆ្នាំ២០២១។
ឥណទានជាប្រភពទុនយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងបានបែងចែកទៅតាមប្រភេទជំនួញសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច រួមមាន វិស័យសំណង់ ការជួញដូរដុំនិងរាយ សេវាកម្ម កសិកម្ម អង្គភាពគ្រួសារ និងកម្មន្តសាល ជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content