សិស្សានុសិស្សប្រមាណ៥០០នាក់ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីជំនួយរបស់ជប៉ុន

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩២ ៥០៩ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរនាស្ថានទូតជប៉ុនប្រចាំភ្នំពេញ។

អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា បានទទួលថវិកា ៩២ ១៩១ ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានទទួលថវិកាចំនួន ១០០ ៣១៨ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភូមិថ្មីក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ។

សម្រាប់គម្រោងនៅខេត្តពោធិ៍សាត់ អគារសិក្សា១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៦ បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១នឹងត្រូវសាងសង់នៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។បច្ចុប្បន្ន សិស្ស​នៅសាលានេះមានការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាឈើនិងគ្រឿងសង្ហារឹមធ្វើអំពីឈើមានសភាពទ្រុឌទ្រោម។បរិស្ថាននៅទីនោះមិនសូវមានអនាម័យទេ ដោយសារកង្វះខាតនូវចំនួនកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ៣១៦នាក់និងគ្រូបង្រៀនចំនួន១០នាក់តាមរយៈការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។

រីឯគម្រោងនៅខេត្តបន្ទាយមានជ័យ អគារសិក្សា១ខ្នង៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៤បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១ នឹងត្រូវសាងសង់នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សាដោយសារ អគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើមានសភាពទ្រុឌទ្រោម។ ចំពោះបរិស្ថាននៅទីនោះមិនសូវមានអនាម័យទេ ដោយសារកង្វះខាតនូវចំនួនកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ។ គម្រោង នេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាពនិងផាសុកភាពជាងមុន ហើយ យើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន១៦៩នាក់ និងគ្រូបង្រៀនចំនួន៤ នាក់តាមរយៈការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា៖ សិស្សចំនួនជិត៥០០នាក់និងគ្រូបង្រៀនជាង១០នាក់នៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់និងសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជ​ន៍ពីជំនួយឥតសំណងដែលនឹងនឹងដើរតួយ៉ាងសំខាន់មួយក្នុងការកែលម្អគុណភាពអប់រំនៅក្នុងតំបន់។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានបន្តថា៖ចាប់តាំងពីឆ្នាំ១៩៩១រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណិ នៅកម្ពុជា​ដើម្បីជួយដោយ ផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោង។ ក្នុងរយៈពេលជាង៣០ឆ្នាំជាងចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែក ក្នុងគម្រោងចំនួន ៧០០ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណិ។ យើង មានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។

អ្នកស្រី ថៃ បូណេ នាយិកាប្រតិបត្តិ នៃអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា បានមានប្រសាសន៍ថា៖បច្ចុប្បន្ននេះ ការទទួលបានការអប់រំប្រកបដោយគុណភាពរបស់កុមារជាច្រើននៅក្នុងសហគមន៍ដាច់ស្រយាលនេះនៅមានកម្រិតនៅឡើយ។ ហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀតគឺការខ្វះខាតអគារសិក្សា។ ដូច្នេះការសាងសង់អគារសិក្សាថ្មីនេះនឹងផ្តល់ផលប្រយោជន៍រយៈពេលវែង និងជ្រាលជ្រៅចំពោះ អនាគតកុមារជនបទជាច្រើននាក់នៅក្នុងភូមិគល់ទទឹង ឃុំសន្ត្រៃ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ កុមារដែល មានអាយុពី ៦ ទៅ ១២ ឆ្នាំចំនួនប្រមាណ ៣៥០នាក់នឹងទទួលបាននូវបរិយាកាសសិក្សាប្រកបដោយគុណ ភាពខ្ពស់ និងមានសុវត្ថិភាពបន្ទាប់ពីអគារសិក្សានេះសាងសង់រួចភ្លាម។ នៅមានកុមារជាច្រើននាក់ទៀតដែលកំពុងរងចាំសិក្សានៅក្នុងអគារនេះនៅឆ្នាំសិក្សាបន្ទាប់ៗទៀត។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការវិនិយោគ លើវិស័យអប់រំនឹងផ្តល់អំណាចដល់កុមារជំនាន់ក្រោយ ឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ និងចាកចេញពីភាពក្រីក្រ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖សាលាបឋមសិក្សាភូមិថ្មីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយ មានអគារសិក្សា ១ខ្នង ០៣បន្ទប់ ធ្វើអំពីឈើប្រក់សង្ក័សី ដែលកសាងដោយសប្បុរសជនក្នុងសហគមន៍។ នៅអំឡុងឆ្នាំ ២០០៥ – ២០០៦ អាគារនេះបានរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ និងទឹកជំនន់ ប៉ុន្តែសិស្សានុសិស្សនៅ តែបន្តការសិក្សាក្នុងអគារនេះ រហូតដល់ឆ្នាំ២០១២ ទើបទទួលបានការជួសជុលក្រោមការឧបត្ថម្ភពីប្រជាជនក្នុង សហគមន៍ដែលជាមាតាបិតាសិស្ស។ នៅឆ្នាំ២០១៥ សប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក បានឧបត្ថម្ភអគារ សិក្សា ១ខ្នង ០៣បន្ទប់ ធ្វើអំពីថ្មប្រក់សង្ក័សី និងឆ្នាំ២០១៩ មានសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក មួយរូបទៀត បានឧបត្ថម្ភអគារសិក្សា ១ខ្នង ០២បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង ដែលកំពុងបម្រើឱ្យមានបង្រៀនថ្នាក់ មត្តេយ្យសិក្សា។ បច្ចុប្បន្នអគារសិក្សាសង់ពីឈើដែលបានជួសជុលនោះ មានសភាពទ្រុឌទ្រោមខ្លាំង ប៉ុន្តែ សិស្សានុសិស្សត្រូវបង្ខំចិត្តទៅរៀនទាំងមានការភ័យខ្លាច៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *