បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump នឹងដាក់ពន្ធ ២៥ ភាគរយ ដែលជាទណ្ឌកម្មលើប្រទេសកូឡុំប៊ី ខណៈដែលថ្មីៗនេះ ជម្លោះរវាងប្រទេសទាំងពីរកំពុងកើតឡើងយ៉ាងក្តៅគគុក ដោយសាររដ្ឋបាលរបស់ លោក Trump បានប្តេជ្ញាថា នឹងអនុវត្តការនិរទេសទ្រង់ទ្រាយធំ។

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានរារាំងយន្តហោះយោធាអាមេរិកចំនួនពីរគ្រឿងដែលដឹកជនចំណាកស្រុកនិរទេសមិនឲ្យចុះចតនៅក្នុងប្រទេស។ ប្រធានាធិបតីរូបនេះបានលើកឡើងថា គាត់នឹងទទួលស្វាគមន៍ពលរដ្ឋកូឡុំប៊ីដែលជិះយន្តហោះស៊ីវិល មិនមែនចាត់ទុកពួកគេដូចជាឧក្រិដ្ឋជននោះទេ ហើយជនចំណាកស្រុកទាំងនោះត្រូវតែត្រលប់មកវិញដោយសេចក្តីថ្លៃថ្នូរ និងការគោរព។
ក្រោយមក Trump បានគំរាមថា គ្រប់ទំនិញទាំងអស់ដែលមកពីប្រទេសកូឡុំប៊ីចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក នឹងត្រូវដាក់ពន្ធភ្លាមៗ ហើយក្នុងរយៈពេលមួយសប្តាហ៍ពន្ធ ២៥ ភាគរយនឹងត្រូវបានដំឡើងដល់ ៥០ ភាគរយ។ យ៉ាងណាមិញ ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានឆ្លើយតបវិញថា លោកនឹងសងសឹកវិញដោយដាក់ពន្ធ ២៥ ភាគរយលើសហរដ្ឋអាមេរិកវិញដូចគ្នា។
យោងតាម BBC ដដែលបានឲ្យដឹងថា យន្តហោះយោធាពីរគ្រឿងហោះចេញពីទីក្រុង San Diego ត្រូវចុះចតនៅប្រទេសកូឡុំប៊ីកាលពីថ្ងៃអាទិត្យជាមួយនឹងជនចំណាកស្រុកដែលត្រូវបាននិរទេសខ្លួនដោយអាម៉េរិក ប៉ុន្តែផែនការទាំងនោះមិនបានជោគជ័យដោយសារតែឧបសគ្គ។ ជាការឆ្លើយតប Trump បានប្រកាសវិធានការសងសឹកជាបន្ទាន់នៅក្នុងការបង្ហោះលើ TruthSocial ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងហាមឃាត់ការធ្វើដំណើរ និងដកទិដ្ឋាការជាបន្ទាន់លើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី ក៏ដូចជាសម្ព័ន្ធមិត្ត និងអ្នកគាំទ្ររបស់កូឡុំប៊ី។ លើសពីនេះ ដោយឈរលើមូលដ្ឋានសន្តិសុខជាតិ Trump លើកឡើងថា អ្នកគាំទ្ររដ្ឋាភិបាលកូឡុំប៊ីនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មទិដ្ឋាការ ហើយពលរដ្ឋ និងទំនិញរបស់ប្រទេសកូឡុំប៊ីទាំងអស់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យគយ និងការការពារព្រំដែនឱ្យបានហ្មត់ចត់បន្ថែមទៀត។ Trump បានបន្ថែមថា វិធានការទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះនៅលើ X ដោយប្រកាសពីការដាក់ពន្ធ លើកឡើងអមជាមួយនឹងការអបអរសាទរបេតិកភណ្ឌ និងភាពធន់របស់ប្រទេសកូឡុំប៊ី។ Petro អះអាងថា ការរារាំងរបស់អាម៉េរិកមិនអាចបំភ័យគាត់ទេ ព្រោះក្រៅពីជាប្រទេសនៃភាពស្រស់ស្អាត កូឡុំប៊ីគឺជាបេះដូងនៃពិភពលោក។ លើសពីនេះ Petro បានផ្តល់យន្តហោះប្រធានាធិបតីរបស់គាត់ដើម្បីជួយសម្រួលដល់ការវិលត្រឡប់នៃជននិរទេសពីសហរដ្ឋអាមេរិកឲ្យបានសមរម្យ។ ប្រធានាធិបតីកូឡុំប៊ីរូបនេះ លើកឡើងថា ជនជាតិអាមេរិកច្រើនជាង ១៥ ៦៦៦ នាក់ក៏កំពុងរស់នៅក្នុងប្រទេសកូឡុំប៊ីដោយខុសច្បាប់ផងដែរ។ យ៉ាងណាមិញ មិនដូចទៅនឹងរដ្ឋបាល Trump នោះទេ គាត់នឹងមិនធ្វើសកម្មភាពអ្វីដែលត្រូវបានមើលឃើញថាធ្វើប្រតិបត្តិការវាយឆ្មក់ ដើម្បីបញ្ជូនជនចំណាកស្រុកអាម៉េរិកខុសច្បាប់ត្រឡប់ទៅវិញទេ។
គួរឲ្យបញ្ជាក់ដែរថា សហរដ្ឋអាម៉េរិកនាំចូលកាហ្វេប្រហែល ២០ ភាគរយដែលមានតម្លៃជិត ២ ពាន់លានដុល្លារពីកូឡុំប៊ី ហើយក៏មានទំនិញផ្សេងទៀតដូចជា ចេក ប្រេងឆៅ ផ្លែប័រ និងផ្កាផងដែរ។ ការដាក់ពន្ធគយលើកូឡុំប៊ីនឹងធ្វើឱ្យការនាំចូលទំនិញទាំងនេះមានតម្លៃថ្លៃជាងមុន ហើយការឆ្លងកាត់ទៅអ្នកប្រើប្រាស់ អាចមានន័យថាតម្លៃទំនិញទាំងនោះនឹងថ្លៃជាងមុន។ អាម៉េរិក ដែលជាអ្នកនាំចូលអាចផ្លាស់ប្តូរទៅប្រភពផ្សេងទៀតដើម្បីជៀសវាងបញ្ហានេះ ប៉ុន្តែវានឹងប៉ះពាល់ដល់អ្នកផលិតកូឡុំប៊ីដោយសារពួកគេបាត់បង់ទីផ្សារសំខាន់របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការដាក់ទណ្ឌកម្ម និងការហាមឃាត់ការធ្វើដំណើរលើរដ្ឋាភិបាលកូឡុំប៊ី និងអ្នកគាំទ្ររបស់ខ្លួន គឺជាសញ្ញានៃការបែកបាក់ទំនាក់ទំនងការទូត។ នេះមិនមែនគ្រាន់តែជាសង្រ្គាមពាណិជ្ជកម្មទេ ប៉ុន្តែជាសង្រ្គាមពាក្យសម្តី។ លើសពីនេះ ប្រធានាធិបតីកូឡុំប៊ី Gustavo Petro ក៏ធ្លាប់បានរិះគន់ទៅលើគោលនយោបាយរបស់ Trump ស្តីពីបញ្ហាការធ្វើចំណាកស្រុក និងបរិស្ថាននាផងដែរ។ Petro លើកឡើងថា Trump អាចបំផ្លាញជាតិសាសន៍របស់មនុស្សដោយសារតែភាពលោភលន់ ហើយបានចោទប្រកាន់ថា Trump បានចាត់ទុកជនជាតិកូឡុំប៊ីជាពូជសាសន៍អន់។ Petro បានបន្តនិយាយថា គាត់នឹងមានភាពមានៈរឹងរូស ខណៈដែល Trump ព្យាយាមគំរាមគំហែងជាមួយនឹងកម្លាំងសេដ្ឋកិច្ចដោយភាពក្រអឺតក្រទម។ ជារួមគឺ Petro នឹងប្រយុទ្ធទៅវិញ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content