កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើកកម្ពស់វិស័យកសិកម្ម។
សារព័ត៌មាន Bernama របស់ម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បង្ហាញថាដំឡូងមីកម្ពុជា មានផ្ទុកម្សៅខ្ពស់ ងាយស្រួលដាំដុះ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់។
នៅទូទាំងពិភពលោកមានតម្រូវការកាកសំណល់ដំឡូងមីខ្ពស់ សម្រាប់ធ្វើជាចំណីសត្វ ជី ផលិតផលជីវបច្ចេកវិទ្យា និងជីវឧស្ម័ន ដែលអាចធ្វើឲ្យឧស្សាហកម្មដំឡូងមីរបស់កម្ពុជា កាន់តែរីកចម្រើន និងមានសក្ដានុពល។
ទោះជាយ៉ាងណា កាសែតដដែល ព្រមានថា ឧស្សាហកម្មដំឡូងមីរបស់កម្ពុជា កំពុងតែប្រឈមនូវការប្រកួតប្រជែង ជាមួយប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី។
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ថា វិស័យដំឡូវមីកម្ពុជា ប្រឈមការប្រកួតប្រជែងជាមួយប្រទេសថៃ ហើយកំពុងប្រឈមលើតម្លៃដឹកជញ្ជូនកើនឡើងដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ ប៉ុន្តែ ដំឡូងមីកម្ពុជា នៅតែមានទីផ្សារល្អ ពិសេសទីផ្សារវៀតណាម និងចិន។
ឯកឧត្តម វ៉ា រុតសាន បានថ្លែងថា៖
“ទីផ្សារដំឡូងមីរបស់យើងមាន។ មានប៉ុន្មានគេទិញយក និយាយរឿងទីផ្សារមិនខ្វះទីផ្សារទេ ហើយទីផ្សារសំខាន់គឺនៅវៀតណាម និងចិន។”
លោក ស៊ីន វុទ្ធី អ្នកនាំពាក្យសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ឲ្យដឹងថា គិតត្រឹមដើមខែឧសភា ឆ្នាំ ២០២៦ សមាគមបាននាំចេញដំឡូងមីស្ងួតទៅទីផ្សារចិន ប្រមាណជាង ១០ម៉ឺនតោន។ សមាគមមានផែនការពង្រីកការនាំចេញដំឡូងទៅកាន់ទីផ្សារចិនបន្ថែមទៀត។
លោក ស៊ីន វុទ្ធី បាននិយាយថា៖
“គិតត្រឹមថ្ងៃនេះសមាគមបានផ្គត់ផ្គង់ដំឡូងមីស្ងួតទៅចិនជាង ១០ ម៉ឺនតោនហើយ។ ជាគោលការណ៍ត្រៀមផ្គត់ផ្គង់ទៅចិនឲ្យបាន ២៥ ម៉ឺនតោន។”
កម្ពុជា បានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមី ធំជាងគេទី ៤ នៅអាស៊ី និងចំណាត់ថ្នាក់ទី ១០ នៅលើពិភពលោក ដែលអាចផលិតដំឡូងមី បានប្រហែល ១៦ លានតោន និងអាចរកប្រាក់ចំណូលបាន ៦៩០ លានដុល្លារ នៅឆ្នាំ ២០២៥។
ដំឡូងមី បានជាប់ចំណាត់ថ្នាក់ជាដំណាំនាំចេញដ៏សំខាន់បំផុតទីពីររបស់កម្ពុជា បន្ទាប់ពីផលិតផលស្រូវ។ ដំណាំលេចធ្លោផ្សេងទៀត ដែលដាំដុះក្នុងទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា មាន ស្វាយចន្ទី ស្ករត្នោត កៅស៊ូ ម្រេច ស្វាយ និងចេក។
កម្ពុជា មានគោលបំណងជំរុញការនាំចេញដំឡូងមី ឱ្យកើនឡើងដល់ ១,២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅត្រីមាសទី ១ ឆ្នាំ ២០២៦ កម្ពុជា រកចំណូលបានជាង ៣៧៦ លានដុល្លារ ពីការនាំចេញដំឡូងមី កើនឡើងជាង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥៕ អត្ថបទ៖ ខន ណារី AMS




វិថីហិរញ្ញវត្ថុ


Account
Security
Favourite Content