ក្រសួងបរិស្ថានរបស់កម្ពុជា បានត្រៀមថវិកាជាង ៣២ ពាន់លានដុល្លារ សម្រាប់ការវិនិយោគបៃតង ក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីសម្រេចគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ រហូតដល់ឆ្នាំ ២០៣៥។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព ស្តង់ដាការលាតត្រដាងព័ត៌មានអំពីចីរភាព IFRS និងហានិភ័យអាកាសធាតុ» នៅភ្នំពេញ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការកៀរគរមូលនិធិពីប្រភពខាងក្រៅ ដើម្បីសម្រេចបាននូវមហិច្ឆតានៃមូលនិធិវិនិយោគបៃតងដែលមានតម្លៃជាង ៣២ ពាន់លានដុល្លារនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថានទៅជាឱកាស ដើម្បីសម្រេចបាននូវសសរស្តម្ភប្រកបដោយចីរភាពនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានអន្តរជាតិ ដោយប្តេជ្ញាចិត្តថានឹងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
បើតាមឯកឧត្តមរដ្ឋមន្រ្តី ដើម្បីសម្រេចបាននូវចីរភាពបរិស្ថាននៅកម្ពុជា រាជរដ្ឋាភិបាលបានរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ ២០៣០-២០៣៥ (NDC ៣.០) ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសតាមរយៈផែនការសកម្មភាពអាកាសធាតុដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ នៅឆ្នាំ ២០៣៥។
NDC ៣.០ របស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលជាក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នាជាសកល ដើម្បីផ្តល់មូលដ្ឋានគ្រឹះសម្រាប់សកម្មភាពពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាទៅលើមនុស្សជាតិ និងប្រព័ន្ធអេកូឡូស៊ី។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា រហូតមកដល់ពេលនេះ ដើមទុនសរុបដែលបានសន្យា និងកៀរគរក្រោមយន្តមូលនិធិអាកាសធាតុបៃតង មានលើសពី ៣០ ពាន់លានដុល្លារ៕ អត្ថបទ៖ ខន ណារី AMS




វិថីហិរញ្ញវត្ថុ

























Account
Security
Favourite Content