CM​G ​អញ្ជើញ​អ្នក​សារព័ត៌មាន​កម្ពុជា​ ​និង​អាស៊ាន​ទៅ​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​ហៃ​ណាន

សាន​យ៉ា ​ប្រទេស​ចិន ​ថ្ងៃ​ទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​—  បណ្តាញសារព័ត៌មាន AMS ពីកម្ពុជា​ ​ស្ថិត​ក្នុង​ចំណោម​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ ​១៩ រូប ​មកពី​ប្រទេស​ចំនួន​ ៨ ​នៅ​អាស៊ី​អាគ្នេយ៍ ​បានចូលរួម​ក្នុង​សកម្មភាព​ទស្សនកិច្ច​ ​និង​សម្ភាសន៍ រៀបចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​(​CMG​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ជនបទ ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​រវាង​ខេត្ត​នេះ​ ​និង​​អាស៊ាន​​។​

​សកម្មភាព​ ​«​ទស្សនា​ប្រទេស​ចិន​-​ខេត្ត​ហៃ​ណាន​ដ៏​រស់រវើក ​ឆ្នាំ​២០២៦​» ​ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ទីក្រុង​សានយ៉ា ​នា​ថ្ងៃ​ទី​១៩ ​ខែ​តុលា ​ដោយ​មាន​អ្នក​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​មកពី​កម្ពុជា​ ​ឥណ្ឌូនេស៊ី ​វៀតណាម​ ​ថៃ​ មីយ៉ាន់ម៉ា​ ​ម៉ាឡេស៊ី ​ឡាវ ​និង​ទីម័រ​ខាង​កើត​ ចូលរួម ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​ខេត្ត​ហៃ​ណាន ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រព័ន្ធ​សារព័ត៌មាន​រវាង​ចិន ​និង​តំបន់​អាស៊ី​អាគ្នេយ៍​។

​លោក​ លី​ ​សៀន​លាំង ​(​Li X​uanliang​)​ ​អនុ​ប្រធាន​ផ្នែក​ឃោសនាការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​ខេត្ត​ហៃ​ណាន ​បាន​ស្វាគមន៍​អ្នក​សារព័ត៌មាន​ដែល​ចូលរួម ​និង​លើកឡើង​ពី​តួនាទី​របស់​ខេត្ត​ហៃ​ណាន ​ក្នុង​ការ​ជំរុញ​ការ​បើក​ទូលាយ​របស់​ចិន ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន​។

​ឆ្នាំ​នេះ​ ​គឺជា​ខួប​លើក​ទី​៣៥ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​សន្ទនា​ចិន​-​អាស៊ាន ​និង​ជា​ខួប​លើក​ទី​៥ ​នៃ​ការ​បង្កើត​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចិន​-​អាស៊ាន​។ ​លោក​ លី ​បាន​លើកឡើង​ថា​ ​ការ​ផ្លាស់ប្តូរ​កាន់តែ​ជិតស្និទ្ធ ​ការ​ពង្រឹង​ទំនុកចិត្ត​យុទ្ធសាស្ត្រ​ទៅ​វិញ​ទៅ​មក​ ​និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ ​បាន​បង្កើត​មូលដ្ឋាន​កាន់តែ​រឹងមាំ​សម្រាប់​ការ​កសាង​សហគមន៍​រួម​ជោគ​វាសនា​ចិន​-​អាស៊ាន​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​។

​សម្រាប់​កម្ពុជា​ ​និង​បណ្តា​ប្រទេស​អាស៊ាន​ដែល​ចូលរួម​ ​សកម្មភាព​នេះ​ផ្តល់​ឱកាស​ឱ្យ​អ្នក​សារព័ត៌មាន​ស្វែងយល់​ដោយ​ផ្ទាល់​ពី​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ជនបទ ​និង​ការ​ពង្រីក​ទំនាក់ទំនង​អន្តរជាតិ​របស់​ខេត្ត​ហៃ​ណាន​។​

​សកម្មភាព​នេះ​ក៏​ធ្វើឡើង​នៅពេល​ដែល​ខេត្ត​ហៃ​ណាន​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី​នៃ​ការ​អភិវឌ្ឍ​ ​បន្ទាប់ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រតិបត្តិការ​គយពិសេស​នៅ​ទូទាំង​កោះហៃ​ណាន ​កាលពី​ថ្ងៃ​ទី​១៨​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥​។

យោង​តាម​លោក​ លី ​ចាប់​ពី​ពេល​ចាប់ផ្តើម​ប្រតិបត្តិការ​គយ​ពិសេស​ ​រហូតដល់​ដំណាច់​ខែ​កក្កដា ​ឆ្នាំ​២០២៦ ការ​នាំចូល​ទំនិញ​ដែល​ស្ថិត​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​មាន​ទំហំ​ទឹកប្រាក់​សរុប​ ៣​,​៦២៤​ លាន​យន់ ​ដោយ​អាច​សន្សំ​សំចៃ​ពន្ធ​បាន​ចំនួន​ ​៥៩៨ លាន​យន់​។

​ចំណែក​ការ​លក់​ក្នុង​ស្រុក​នូវ​ទំនិញ​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការ​លើកលែង​ពន្ធ​ក្រោម​គោលនយោបាយ​កែច្នៃ​បន្ថែម​តម្លៃ ​មាន​ទំហំ​ទឹក​ប្រាក់​ ​៧៥៩​ លាន​យន់ ​ដោយ​អាច​សន្សំ​សំចៃ​ពន្ធ​គយ​បាន​ជាង​ ៤៤​,​៦​ លាន​យន់​។

​ខេត្ត​ហៃ​ណាន​ក៏​បាន​ពង្រីក​គោលនយោបាយ​ចូល​ប្រទេស​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ ​ដល់​ប្រទេស​ចំនួន​ ៨៨​។ ​ចំនួន​អ្នក​ដំណើរ​ឆ្លងកាត់​ព្រំដែន​សរុប​មាន​ ១​,​៨១៨ លាន​នាក់​ ​កើនឡើង​ ​២៧​,​១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ ​ក្នុង​នោះ​មាន​អ្នក​ចូល​មក​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ចំនួន​ ៤៧៣​.​០០០ ​នាក់​ ​កើនឡើង​ ​៤០​ ភាគរយ​។

​លោក​ លី ​បាន​មានប្រសាសន៍​ថា​ ​តួលេខ​ទាំងនេះ​បង្ហាញ​ពី​ការ​ប្រែក្លាយ​អត្ថប្រយោជន៍​នៃ​គោលនយោបាយ​របស់​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន ទៅ​ជា​លទ្ធផល​ជាក់ស្តែង​ ​ព្រមទាំង​ការ​ពង្រឹង​សមត្ថភាព​របស់​ខេត្ត​ក្នុង​ការ​បើក​ទូលាយ​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​។

អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខេត្ត​ហៃ​ណាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​។​ ​ពាណិជ្ជកម្ម ​និង​ទំនាក់ទំនង​ឧស្សាហកម្ម​រវាង​ខេត្ត​ហៃ​ណាន ​និង​ប្រទេស​អាស៊ាន​បាន​បន្ត​ពង្រីក​ ​ដោយ​មាន​ការ​គាំទ្រ​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ ​(​R​CEP) ​និង​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន ​៣​.​០​។

​ខេត្ត​ហៃ​ណាន​កំពុង​អភិវឌ្ឍ​ខ្សែ​ច្រវាក់​ឧស្សាហកម្ម​សំខាន់​ៗ​ចំនួន​ ៥ រួម​មាន​ ​បច្ចេកវិទ្យា​គ្រាប់​ពូជ ​ឧស្សាហកម្ម​សមុទ្រ​ អវកាស​ ការ​អភិវឌ្ឍ​បៃតង ​និង​សេដ្ឋកិច្ច​ឌីជីថល​។ ​ខេត្ត​នេះ​ក៏​កំពុង​សម្លឹង​មើល​ឧស្សាហកម្ម​ដែល​មាន​សក្តានុពល​នា​ពេល​អនាគត ​រួម​មាន​ ​ជីវកម្មន្តសាស្ត្រ​ ​ថាមពល​អ៊ីដ្រូសែន ​ចំណុច​ប្រទាក់​ខួរ​ក្បាល​-​កុំព្យូទ័រ ​និង​បញ្ញា​សិប្បនិម្មិត​ដែល​អាច​ធ្វើ​អន្តរកម្ម​តាម​រូប​រាងកាយ​។

​លោក​ លី ​បាន​ឱ្យ​ដឹង​ថា​ ​ខេត្ត​ហៃ​ណាន​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​ប្រទេស​អាស៊ាន ​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ ​ព្រមទាំង​ការ​ផ្លាស់ប្តូរ​វប្បធម៌ ​និង​ប្រជាជន​ ​តាមរយៈ​ផែនការ​សកម្មភាព​សម្រាប់​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចិន​-​អាស៊ាន ​ឆ្នាំ​២០២៦​-​២០៣០​។

​លោក​ស្រី ​ចាង ហួយ ​(​Zhang ​Hui​)​ ​នាយករង​នៃ​មជ្ឈមណ្ឌល​កម្មវិធី​ភាសា​តំបន់​អាស៊ី ​និង​អាហ្វ្រិក​ ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ​បាន​ឱ្យ​ដឹង​ថា​ ​CMG ​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជា​ប្រចាំ​ជាមួយ​អង្គភាព​សារព័ត៌មាន​អាស៊ាន​ជាង​ ​១០០​ ​ស្ថាប័ន​។ ​CM​G ​ក៏​បាន​សហការ​ផលិត ​និង​ផ្សាយ​កម្មវិធី​សោត​ទស្សន៍​ជាង​ ​១០​ ​កម្មវិធី​ ​ជាមួយ​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់​ៗ​នៅ​កម្ពុជា​ ​ឥណ្ឌូនេស៊ី ​ឡាវ ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា​ ​ថៃ​ វៀតណាម ​និង​ប្រទេស​ផ្សេង​ៗ​ទៀត​។

​លោក​ស្រី​ ​ចាង ​បាន​បញ្ជាក់​ថា​ ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៣ ​ជាប់​ៗ​គ្នា​ ​ដែល​ ​CM​G ​បាន​អញ្ជើញ​ដៃ​គូ​ប្រព័ន្ធ​សារព័ត៌មាន​អាស៊ាន​មក​ទស្សនា​ខេត្ត​ហៃ​ណាន​។ ​កម្មវិធី​ឆ្នាំ​នេះ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជនបទ​នៅក្នុង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី ​ដោយ​ផ្តល់​ឱកាស​ឱ្យ​អ្នក​សារព័ត៌មាន​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ពិសេស​ ការ​ការពារ​បរិស្ថាន​ ការ​លើកកម្ពស់​ជីវភាព​ប្រជាជន​ ​និង​ការ​ធ្វើ​ទំនើបកម្ម​អភិបាលកិច្ច​ជនបទ​។

​ក្នុង​អំឡុងពេល​ទស្សនកិច្ច​ ​អ្នក​សារព័ត៌មាន​នឹង​ទៅកាន់​សហគមន៍​ជនបទ​ ​ដី​កសិកម្ម​ ​និង​ភូមិ​នានា​ក្នុង​ទីក្រុង​សាន​យ៉ា ​ក្រុង​វូជឺ​សាន ​និង​តំបន់​លីង​ស៊ុយ ​ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ខេត្ត​ហៃ​ណាន​ប្រើប្រាស់​ធនធាន​តំបន់​ត្រូពិក​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​មូលដ្ឋាន​។

​កម្មវិធី​ក៏​រួម​មាន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីធ្លា​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​នៅ​សានយ៉ា ​ដើម្បី​ស្វែងយល់​ពី​កសិកម្ម​តំបន់​ត្រូពិក​ ​កោះ​ស៊ី​តាវ ​ដើម្បី​សិក្សា​ពី​ការ​ការពារ​ថ្ម​ប៉ប្រះ​ទឹក​ផ្កា​ថ្ម​ ​និង​អណ្តើក​សមុទ្រ​ ​ព្រមទាំង​ឧទ្យាន​ជាតិ​ព្រៃ​ត្រូពិក​នៅ​វូជឺ​សាន ​ដើម្បី​ស្វែងយល់​ពី​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​លី ​និង​មៀវ​។

​អ្នក​សារព័ត៌មាន​ក៏​នឹង​ទៅ​ទស្សនា​តំបន់​សាកល្បងន​វានុវត្តន៍​អប់រំ​អន្តរជាតិ​លី​អាន ​ក្នុង​ស្រុក​លីង​ស៊ុយ ​ដើម្បី​ស្វែងយល់​ពី​គំនិត​ផ្តួចផ្តើម​អប់រំ​អន្តរជាតិ​ ​និង​មន្ទីរពេទ្យ​ឱសថ​បុរាណ​ចិន​សានយ៉ា ​ដើម្បី​សិក្សា​ពី​តួនាទី​របស់​ឱសថ​បុរាណ​ចិន​ក្នុង​វិស័យ​សុខភាព ​និង​ទេសចរណ៍​សុខុមាលភាព​។

​អ្នក​រៀបចំ​កម្មវិធី​សង្ឃឹម​ថា​ ​អ្នក​សារព័ត៌មាន​ដែល​ចូលរួម ​រួមទាំង​អ្នក​សារព័ត៌មាន​កម្ពុជា​ ​នឹង​ចែក​រំលែក​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​ខេត្ត​ហៃ​ណាន​ទៅកាន់​ទស្សនិកជន​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​ ​ជំរុញ​ការ​ផ្លាស់ប្តូរ​វប្បធម៌ ​និង​ពង្រឹង​ការ​យល់ដឹង​ទៅវិញទៅមក​រវាង​ចិន ​និង​អាស៊ាន​។

​សកម្មភាព​នេះ​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​អង្គភាព​សារព័ត៌មាន​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​បន្ថែម ​និង​បង្ហាញ​ពី​ឱកាស​ដែល​កំពុង​កើតមាន​ឡើង​ពី​ការ​អភិវឌ្ឍ​ខេត្ត​ហៃ​ណាន ​ក្នុង​នាម​ជា​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​។

គួរបណ្តាក់ផងដែរថា អប្សរា មេឌា សឺវីស (AMS) គឺជាស្ថាប័នពហុព័ត៌មាន ដែលមានឯកទេសខ្ពស់ក្នុងការបង្កើតខ្លឹមមាតិកានានា ដើម្បីធ្វើប្រតិបត្តិការនៅលើបណ្ដាញទូរទស្សន៍ វិទ្យុ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ AMS បានខិតខំប្រឹងប្រែងដើម្បីក្លាយជា ម៉ាកយីហោផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយដែលគួរឱ្យទុកចិត្ត សម្រាប់ការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការផលិតមាតិកានៅកម្ពុជា។​

បណ្តាញផ្សព្វផ្សាយ AMS បានកសាងឡើង ដោយបំពាក់ជាមួយនឹងសម្ភារបច្ចេកទេសស្របតាមបរិបទនិងគោលគំនិតនុវានុវត្ត ដូចនៅតាមបណ្តាប្រទេសជឿនលឿននានា លើសកលលោក ដើម្បីបំពេញតាមតម្រូវការ រសជាតិថ្មី ដល់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CM​G ​អញ្ជើញ​អ្នក​សារព័ត៌មាន​កម្ពុជា​ ​និង​អាស៊ាន​ទៅ​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​ហៃ​ណាន

បទយកការណ៍, សេដ្ឋកិច្ច

• 19/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជា​ ​ស្ថិត​ក្នុង​ចំណោម​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ ​១៩ រូប ​មកពី​ប្រទេស​ចំនួន​ ៨ ​នៅ​អាស៊ី​អាគ្នេយ៍ ​បានចូលរួម​ក្នុង​សកម្មភាព​ទស្សនកិច្ច​ ​និង​សម្ភាសន៍ រៀបចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​(​CMG​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ជនបទ ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​រវាង​ខេត្ត​នេះ​ ​និង​​អាស៊ាន​​

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់