ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

​ភ្នំពេញ​៖​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​។ ​រយៈពេល​ ១៥ ថ្ងៃ​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​ ​បាន​បង្កើត​ឱ្យ​មាន​ការ​ចំណាយ​លើ​សម្លៀកបំពាក់​ ​ម្ហូប​អាហារ​ ការ​ធ្វើ​បុណ្យ​ ​ចែក​ទាន និង​ការ​ធ្វើដំណើរ​កម្សាន្ត​។

​ចរន្ត​ប្រាក់​រៀល​ចេញ​ពី​គណនី​ធនាគារ​ ​និង​ហោប៉ៅ​ផ្ទាល់ខ្លួន​របស់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ប្រកប​ការងារ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សេដ្ឋកិច្ច​ធំ​ៗ​របស់​កម្ពុជា​ ​បាន​ហូរ​ទៅ​ដល់​ទីជនបទ​ ​នៅ​អំឡុង​ពេល​នេះ​។ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​មើល​ឃើញ​ថា​ ​ទោះ​បី​ប្រជា​ពលរដ្ឋ​មួយចំនួន​បន្ត​ចាយ​វាយត្បិត​ត្បៀត ​ក្នុង​កាលៈទេសៈ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ ​និង​ពិបាក​រក​ចំណូល​ក្តី ​ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​នៅតែ​ត្រៀម​លុយ​កាក់​សម្រាប់​ធ្វើ​បុណ្យ​ ​និង​ប្រណិប័តន៍​តាម​គន្លង​ប្រពៃណី​មិន​ដែល​អាក់​ខាន​ឡើយ​។

​អ្នក​ស្រី​ ​ឃីម​ ​សុខ​ហ៊ាង ​រស់នៅ​ខណ្ឌ​ឫស្សីកែវ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ ​អ្នក​ ​និង​កូន​ប្រុស​-​ស្រី​ចំនួន​ ២ នាក់​ ​នឹង​ទៅ​ស្រុក​កំណើត​នៅ​ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្ត​កណ្តាល​ ​ដើម្បី​ធ្វើ​បុណ្យ​ជុំ​គ្រួសារ​នៅ​វត្ត​សិរី​សាគរ​។

​ដោយសារ​ស្រុក​កំណើត​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំពេញ​ ​ហើយ​ធ្លាប់​ទៅ​លេង​បងប្អូន​ញឹកញាប់​ទៀត​នោះ​ ​អ្នក​ស្រី​គិត​ថា​ ​មិន​ត្រូវ​ចំណាយ​អ្វី​ច្រើន​ទៀត​ទេ ​ក្រៅ​ពី​ត្រៀម​លុយ​ ​១០​ ​ម៉ឺន​រៀល​ ​សម្រាប់​ធ្វើដំណើរ​ រៀប​ចំ​ចង្ហាន់ ​និង​លុយ​ថ្មី​ៗ​ដែល​បាន​ដូរ​ជា​ស្រេច​សម្រាប់​រាប់​បាត្រ ​និង​ពូន​ភ្នំ​ខ្សាច់​។

​ចំណែក​អ្នក​ស្រី​ ​ស៊ឹម​ រ៉ា ​បច្ចុប្បន្ន​រស់នៅ​បន្ទប់​ជួល​មួយ​កន្លែង​ ​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ ​និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ AMS ថា​ ​អ្នក​ស្រី​ ​និង​គ្រួសារ ​មិន​ដែល​អាក់ខាន​ធ្វើ​បុណ្យ​ ​និង​ចែក​ទាន​តិចតួច​តាម​សទ្ធា​ឡើយ​នៅ​រដូវ​បុណ្យ​ភ្ជុំ​ម្ដង​ៗ​។

​ជាក់ស្តែង​នៅ​ឆ្នាំ​ ​២០​២៦ ​នេះ​ បើ​ទោះបី​រូប​អ្នក​ស្រី​មិន​សូវ​មាន​លុយ​កាក់​ ​ប៉ុន្តែ​អ្នក​ស្រី​បាន​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ឃ្មួញ ​ស្ថិត​នៅ​ខណ្ឌ​សែនសុខ​ ​ម្តង​រួច​ហើយ​កាលពី​បិណ្ឌ​១ ​ហើយ​គ្រោង​ទៅ​វត្ត​ធ្វើ​បុណ្យ​ចំនួន​ ​២ ​ដង​ទៀត​ ​គឺ​នៅ​ថ្ងៃ​វេន​កាន់​បិណ្ឌ​ភូមិ ​និង​ថ្ងៃ​ភ្ជុំ​ធំ​។

​អ្នក​ស្រី​ ​ស៊ឹម រ៉ា ​បន្ត​ថា​ ​លុយ​ចំនួន​ ​១០០ ​ដុល្លារ ​ដែល​ប្តី​ទើប​បើក ​ត្រូវ​បាន​បំបែក​ទៅ​ជា​ប្រាក់​រៀល​តាំងពី​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ ​ដើម្បី​ទិញ​ម្ហូប​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ ​ចូល​បច្ច័យ​បង្សុកូល ​និង​បច្ច័យ​កសាង​ខ្លះ​។ ​លុយ​នោះ​នៅសល់​តែ​ ​២០​ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ​ទុក​គ្រាន់ចាយ​ត្បិត​ត្បៀត ​និង​ទៅ​វត្ត​ធ្វើ​បុណ្យ​រហូតដល់​ចប់​។ ​អ្នក​ស្រី​ ​និង​ប្តី​ក៏​បាន​ស្រុះស្រួល​គ្នា​ថា​ ​នឹង​មិន​ធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​ឡើយ​សម្រាប់​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​។

​ទាក់ទង​នឹង​ការ​ចរាចរប្រាក់​រៀល​ថ្មី​ៗ​នេះ​ដែរ​ ​អាជីវករ​ទិញ​-​លក់​មាស​ ​និង​ដូរ​ប្រាក់​ ​ជីវ រ៉ា ​នៅ​ផ្សារ​ដេប៉ូ ​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ AMS ​នៅ​ថ្ងៃ​ទី​៥​ ​ខែតុលា ​នេះ​ថា​ ​មិន​ខុសពី​រាល់​ឆ្នាំ​ដែរ​ ​នៅ​រដូវ​បុណ្យ​កាន់​បិណ្ឌ ​រយៈពេល​ ១ ​សប្តាហ៍​ដំបូង​ ​មាន​ប្រជា​ពលរដ្ឋ​ដូរ​លុយ​ថ្មី​ៗ​ច្រើន​ ប៉ុន្តែ​មក​ដល់​ពេលនេះ​បាន​ស្ងាត់​ទៅ​វិញ​ហើយ​។

​ក្រដាស​ប្រាក់​ថ្មី​ដែល​ដូរ​ភាគ​ច្រើន​ ​គឺ​មាន​ក្រដាស​ ១០០​ រៀល​ ​៥០០​ រៀល​ ​១​,​០០០​ រៀល ​និង​ ៥​,​០០០​ រៀល​។​ ​អ្នក​ស្រី​ ​ជីវ រ៉ា ​បាន​ឱ្យ​ដឹង​ថា​ ​មិន​ថា​តែ​តូប​របស់​អ្នក​ស្រី​ទេ​ តូប​នៅជិត​ៗ​នោះ​ក៏​មាន​ការ​ដូរ​ច្រើន​ដែរ​។ ​អ្នក​ស្រី​ ​«​សម្រាប់​តូប​របស់​ខ្ញុំ​ក្នុង​មួយ​រដូវ​ភ្ជុំ​ ​អាច​ដូរ​ ​ឬ​កាត់​ទឹក ​ក្នុង​ចន្លោះ​ពី​ ​២០០​លាន​ទៅ​ ​៣០០​លាន​រៀល​»​។​

​សេដ្ឋវិទូ ​លោក​បណ្ឌិត​ ឌុច ​ដារិន្ទ​ មើល​ឃើញ​ថា​ ​ការ​ចំណាយ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​ឆ្នាំ​ ​២០២៦ ​នេះ ​នៅតែ​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​រយៈពេល​ខ្លី ​និង​ស្រប​តាម​ប្រពៃណី​ ​ទំនៀមទម្លាប់​ខ្មែរ​។

​លោក​ថា​៖​«​ ​តម្រូវ​ការ​ចាំបាច់​មួយ​ចំនួន​ ដូចជា​ ​ម្ហូប​អាហារ​ ​សេវា​ដឹកជញ្ជូន ​និង​ការ​ធ្វើដំណើរ ​នឹង​ត្រូវ​បង្កើន​ការ​ចំណាយ ​ហើយ​ការ​ចំណាយ​ទាំងនេះ​ ​អាច​បន្ត​ទៅ​បង្កើត​ចំណូល​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ខ្នាត​តូច ​ជួយ​គាំទ្រ​តម្រូវការ​ក្នុង​ស្រុក​ ​និង​បំពេញ​បន្ថែម​លើ​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដែល​មាន​ស្រាប់​»​។

​ចំណែក​លោក​បណ្ឌិត​ គី ​សិរី​វឌ្ឍន៍​ ​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​មានប្រសាសន៍​ថា​ ការ​ចរាចរ​ប្រាក់​រៀល ​នៅ​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​មាន​ការ​កើនឡើង​ ​តាមរយៈ​ការ​ចាយវាយ​តិចតួច ​ប៉ុន្តែ​ច្រើន​ដង​ ​ទៅលើ​សេវាកម្ម ​ឬ​ទំនិញ​កំប៉ិក​កំប៉ុក​ដោយ​ប្រើ​សាច់​ប្រាក់​សុទ្ធ​។​

រី​ឯ​ការ​ចាយវាយ​តាម​បច្ចេកវិទ្យា​ទំនើប​ ​ឬ​ប្រើ​ ​QR ​វិញ​ ​មិន​ទាន់​ទូលំទូលាយ​នៅឡើយ​ ​ដោយ​លោក​សង្កេតឃើញ​ថា​ ​នៅ​តំបន់​ខ្លះ​អត់​មាន​សេវា​ទូរស័ព្ទ​ ​និង​អ្នក​ប្រើ​សេវា​ ​QR​។​

​ទោះជា​យ៉ាងណា ​ចរន្ត​ប្រាក់​រៀល​នៅ​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បច្ច័យ​ ​និង​ទេយ្យទាន​ដែល​បាន​បូជា​ដោយ​ប្រជា​ពុទ្ធ​បរិស័ទ​ ​មិន​នៅ​នៅ​ត្រឹម​វត្ត​អារាម​នោះ​ទេ​ ​គឺ​មាន​ចរន្ត​វិល​ជុំ​ឈាន​ទៅ​ពញ្ញាក់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ​ខណៈ​ដែល​ការ​ចំណាយ​លើ​ការ​ធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត ​ឬ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ផ្សេង​ៗ​ ​ក៏​បង្កើន​ចរន្ត​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ តែ​ក្នុង​រយៈពេល​ខ្លី​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ ​បាន​បង្ហាញ​ថា​ ​គិត​ត្រឹម​រយៈពេល​ ៣ ​ថ្ងៃ ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​ ​២០​២៥​ ​មាន​អ្នក​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ស្រុក​ដែល​ជា​ជនជាតិ​ខ្មែរ​ ​និង​បរទេស​សរុប​ជាង​ ២​លាន​នាក់​ ​ឬ​ ២​,​១៤៤​,​២២៤​នាក់​ ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ ​២​.​១២​លាន​នាក់​។​ ​តួលេខ​នេះ​បាន​កើន ២​១​.​២​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នកជំនាញ បង្ហាញវិធីចាយវាយកុំឱ្យក្រោយភ្ជុំលំបាកខ្លាំង

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន