បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។
យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។
បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)
និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។ បញ្ហាកង្វះខាតបន្ទះឈីបនៅលើពិភពលោកកាលពីអំឡុងពេលមានជំងឺកូវីដ-១៩ បានបង្ហាញ
ឲ្យគ្រប់គ្នាមើលឃើញអំពីហានិភ័យធ្ងន់ធ្ងរនៃការប្រមូលផ្តុំរោងចក្រផលិតនៅតែតំបន់អាស៊ីខាងកើត។ កត្តានេះហើយដែលជំរុញ
ឲ្យឥណ្ឌាត្រូវតែបង្កើតប្រព័ន្ធផលិតកម្មផ្ទាល់ខ្លួនឲ្យបានរឹងមាំជាងនេះដើម្បីទាញប្រយោជន៍បានច្រើនបំផុត។

ចំណុចសំខាន់នៃផែនការនេះ គឺការផ្លាស់ប្តូរទស្សនៈវិស័យដែលមិនត្រឹមតែ Make in India នោះទេ ប៉ុន្តែទៅជាការបង្កើតគំនិតច្នៃប្រឌិត
និងការរចនាប្លង់ «Designed and Engineered in India»។ ជាមួយគ្នានេះ ដោយសារឥណ្ឌាមានអ្នកជំនាញ និងវិស្វករផ្នែកបច្ចេកវិទ្យាយ៉ាងច្រើនលើសលប់ ប្រទេសនេះអាចចាប់យកការងារដែលមានតម្លៃបន្ថែមខ្ពស់ជាងមុននៅក្នុងឧស្សាហកម្មឈីប។
ប្រភពដដែលបានសរសេរទៀតថា ដើម្បីគាំទ្រផែនការនេះបាន រដ្ឋាភិបាលបានដាក់ការបណ្តុះបណ្តាលធនធានមនុស្សជាអាទិភាពចម្បង។ កម្មវិធីសិក្សាពិសេសៗកំពុងត្រូវបង្កើតឡើងជាមួយគ្រឹះស្ថានសិក្សា ដើម្បីបណ្តុះបណ្តាលពលករជំនាញលើគ្រប់ដំណាក់កាល ចាប់ពីការរចនាការផលិត រហូតដល់ការសាកល្បង និងការទាញបញ្ចូលគ្នា។ ជាមួយគ្នានេះ ឥណ្ឌាក៏ជំរុញឲ្យមានការផលិតវត្ថុធាតុដើម និងគ្រឿងបន្លាស់នៅក្នុងស្រុកផងដែរ។
គួរឲ្យដឹងដែរថា បច្ចុប្បន្ន គម្រោងធំៗជាច្រើនកំពុងចាប់ផ្តើមចេញជារូបរាងបង្កើតឡើងដោយក្រុមហ៊ុនធំៗក្នុងស្រុក ដូចជា Tata, Electronics បាន និងកំពុងវិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់លើការសាងសង់រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផលិតឈីប។ តាមរយៈការផ្សារភ្ជាប់ការបណ្តុះបណ្តាលធនធានមនុស្ស ការរចនា និងការផលិតបញ្ចូលគ្នា ឥណ្ឌាកំពុងបោះជំហានយ៉ាងរឹងមាំដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់មួយរបស់ពិភពលោក៕





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content