កាណាដា និងអេមីរ៉ាតអារ៉ាប់រួមបានពិភាក្សាជំរុញផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីលើវិស័យសំខាន់ៗ។
ការពិភាក្សានេះធ្វើឡើងរវាងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងរដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសអេមីរ៉ាតអារ៉ាប់រួម លោកបណ្ឌិត Thani bin Ahmed Al Zeyoudi ក្នុងកិច្ចប្រជុំវិនិយោគ Canada Investment Summit 2026 នៅទីក្រុងតូរ៉ុនតូ កាលពីពេលថ្មីៗនេះ។
យោងតាមការចេញផ្សាយរបស់ Novinata ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្រែក្លាយក្របខ័ណ្ឌវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ទៅជាគម្រោងជាក់ស្តែង ដោយផ្តោតលើវិស័យថាមពលស្អាត រ៉ែ បញ្ញាសិប្បនិម្មិត (AI) ម្ហូបអាហារ អាកាសចរណ៍ បច្ចេកវិទ្យាអវកាស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
ផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារនេះ ត្រូវបានព្រមព្រៀងគ្នាកាលពីចុងឆ្នាំ ២០២៥ ក្នុងអំឡុងទស្សនកិច្ចរបស់លោក Carney ទៅកាន់អេមីរ៉ាតអារ៉ាប់រួម។
ក្នុងជំនួបសាជាថ្មីនេះ ភាគីទាំងពីរបានចាត់ទុកការអនុវត្តផែនការនេះជាអាទិភាពធំ ព្រមទាំងបានពិនិត្យមើលផលសម្រេចនៃកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ឬ CEPA ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម និងបើកឱកាសថ្មីៗសម្រាប់ក្រុមហ៊ុននៃប្រទេសទាំងពីរ។
ក្រៅពីជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Al Zeyoudi ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីសំខាន់ៗរបស់កាណាដា ដូចជា រដ្ឋមន្ត្រីពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា AI ព្រមទាំងអតីតនាយករដ្ឋមន្ត្រី លោក Stephen Harper ផងដែរ។
លោកក៏បានជួបជាមួយអភិបាលខេត្តធំៗនៅកាណាដា និងក្រុមអ្នកវិនិយោគ ដើម្បីស្វែងរកឱកាសធ្វើធុរកិច្ចរួមគ្នាបន្ថែមទៀត។
ការពិភាក្សានេះធ្វើឡើងនៅពេលដែលការផ្លាស់ប្តូរពាណិជ្ជកម្មមិនមែនប្រេងរវាងប្រទេសទាំងពីរកំពុងកើនឡើង។ នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មបានកើនឡើង ២១ ភាគរយ ដល់ ៤,២ ពាន់លានដុល្លារ ហើយនៅតែបន្តកើនឡើងនៅដើមឆ្នាំ ២០២៦។
ការកើនឡើងនេះបានធ្វើឱ្យកាណាដាក្លាយជាដៃគូពាណិជ្ជកម្មធំទីបីរបស់អេមីរ៉ាតអារ៉ាប់រួមនៅទ្វីបអាមេរិក។ ចំណែកអេមីរ៉ាតអារ៉ាប់រួមវិញ គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងចំណោមប្រទេសក្នុងពិភពអារ៉ាប់៕





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content