ភ្នំពេញ ៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អាងប្រព្រឹត្តិកម្មនៃប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលថ្មីនៃចំណងដៃចេញពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។
ក្នុងឱកាសនេះ តំណាងឱ្យប្រជាជននៅក្នុងទីក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជាថវិកា សម្ភារៈ និងបច្ចេកទេស ក្នុងដំណើរការកសាងផែនការមេដើម្បីគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបន្តថា៖
«នេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀរគរការចូលរួមគាំទ្រ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមុំាបន្ថែមទៀត»។
តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោយការអនុវត្តគម្រោងផែនការមេសម្រាប់ការពារទឹកជំន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញចំនួន ៤ជំហាន ដោយជោគជ័យរួចមក កម្ពុជាក៏នឹងទទួលបានជំនួយបច្ចេកទេសក្នុងការកសាងផែនការមេស្ដីពីការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកកខ្វក់ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០៣៥ផងដែរ។
នៅក្នុងផែនការមេខាងលើ មាននូវការកសាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ សម្រាប់សម្អាតទឹកកខ្វក់ចេញពីតំបន់កណ្ដាល រួចបង្ហូរចូលបឹងជើងឯកមុននឹងបង្ហូរចូលក្នុងទន្លេបាសាក់។

បើតាមឯកឧត្តមអភិបាលរាជធានី កន្លងមកជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ ២៧៧៧លានយេន ស្មើនឹងប្រមាណ ២៤លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដោយបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនេះផងដែរ ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខាលើលិខិតប្ដូរសារកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារចៃកា (JICA) បានចុះកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានឥតសំណងជាមួយនឹងក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៩៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content