កន្ត្រកខ្សែកាប (Cable Car) គឺជាមធ្យោបាយដែលអាចជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ និងមានជាច្រើនកន្លែងនៅតាមបណ្ដាប្រទេសក្នុងប៉ែកអឺរ៉ុប ហើយមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី ខណៈដែលគេប្រើប្រាស់សម្រាប់ឆ្លងពីភ្នំមួយ ទៅភ្នំមួយទៀត ឬពីកោះមួយ ទៅកាន់កោះមួយទៀត។

ដោយឡែកសម្រាប់តែនៅប្រទេសកម្ពុជា ការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅកាន់តំបន់មួយទៀតហាក់មិនមានឧបសគ្គនោះទេ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅពាស់ពេញផ្ទៃប្រទេស។ យ៉ាងណាក៏ដោយ គម្រោងវិនិយោគទៅលើកន្ត្រកខ្សែកាបកម្ពស់ខ្ពស់ និងចម្ងាយនេះ នឹងបង្ហាញវត្តមានលើកដំបូងនៅកម្ពុជាក្នុងទឹកដីខេត្តព្រះសីហនុ បម្រើដល់វិស័យទេសចរណ៍។

លោក កែ ប៊ិនសូរស្មី នាយកប្រតិបត្តិក្រុមហ៊ុន ខនភ្លូអិនស៍ អាស៊ី ឯ.ក (Confluence) ដែលជាក្រុមហ៊ុនសម្របសម្រួលលើដំណើរការគម្រោងកន្ត្រកខ្សែកាបនៅកម្ពុជានេះ បានឲ្យដឹងថា៖
“កម្ពុជាមានទេសភាពស្រស់ស្អាតច្រើន មានវប្បធម៌ដ៏ល្អផូរផង់ និងមានប្រាសាទបុរាណជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនា ក៏ប៉ុន្តែបើក្រឡែកមើលផលិតផលថ្មីនៃវិស័យទេសចរណ៍វិញហាក់នៅមិនទាន់មានភាពគ្រប់ជ្រុងជ្រោយនៅឡើយ ដូច្នេះយើងគិតថា គម្រោងនេះនឹងនាំមកនូវគុណតម្លៃបន្ថែម ដល់គោលដៅទេសចរណ៍នីមួយៗ”
លោកបានបន្តថា ៖
“កន្ត្រកខ្សែកាបនេះនឹងលេចរូបរាងឡើងដំបូងបង្អស់នៅខេត្តព្រះសីហនុ ដោយឆ្លងកាត់ ឆ្នេររាម ក្រោមគម្រោង Bay of Light ដែលអាចទាក់ទាញភ្ញៀវទេចរណ៍មកទស្សនាទេសភាព ដ៏ស្រស់ស្អាតនៃនេះផងដែរ។ យើងសង្ឃឹមថា កន្រ្កកខ្សែកាបនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ទេសភាពស្រស់ស្អាតជំវិញឆ្នេរសមុត្ររាម ដែលជាកត្តាដ៏ប្រសើរសម្រាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា”

ជាមួយគ្នានេះផងដែរ លោក កែ ប៊ិនសូរស្មី ក៏បានលើកឡើងពីអត្ថប្រយោជន៍របស់កន្ត្រកខ្សែកាបក្នុងការជួយសម្រួលក្នុងវិស័យធ្វើដំណើរផងដែរ ជាពិសេសនៅតំបន់អឺរ៉ុប ដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ធ្វើឱ្យការធ្វើដំណើរតាមផ្លូវគោក ឬផ្លូវទឹកមានភាពលំបាក ដូច្នេះហើយការធ្វើមធ្យោបាយដោយកន្ត្រកខ្សែកាប គឺផ្ដល់ភាពងាយស្រួល ជាមួយនឹងការធានានូវសុវត្ថិភាពខ្អស់ផងដែរ។
លោកបានបន្តថា សម្រាប់ប្រទេសកម្ពុជា វត្តមានគម្រោងកន្ត្រកខ្សែកាបក្រៅពីអាចបម្រើក្នុងវិស័យទេសចរណ៍ ក៏អាចចូលរួមក្នុងការសម្រួលដល់ការធ្វើដំណើរផងដែរ ត្បិតថា ក្រៅអំពីការធ្វើដំណើរដោយមធ្យោបាយរថភ្លើងក្រោមដី ឬផ្លូវអាកាសនោះ កន្ត្រកខ្សែកាបក៏អាច ជាជម្រើសនៃមធ្យោបាយសាធារណៈដ៏ល្អមួយសម្រាប់ក្រុងភ្នំពេញផងដែរ ព្រោះថាចំពោះមធ្យោបាយនេះថវិកាដែលត្រូវចំណាយ ព្រមទាំងពេលវេលាក្នុងការសាងសង់គឺតិចជាងមធ្យោបាយសាធារណៈផ្សេងៗ។
គួរបញ្ជាក់ថា សម្រាប់គម្រោងកន្ត្រកខ្សែកាបនៅប្រទេសកម្ពុជានេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអូទ្រីស Doppelmayr Gruppe និងត្រូវបានវិនិយោគដោយក្រុមហ៊ុន Canopy Sands Development ខណៈដែលក្រុមហ៊ុនទាំងពីរនេះ បានចុះហត្ថលេខារួមគ្នាក្នុងការព្រមព្រៀងនាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេមកកាន់ប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ ក្រោមការសម្រប សម្រួលរបស់ក្រុមហ៊ុន Confluences ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content