ពេលនេះ ប្រទេសឥណ្ឌា កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងត្រៀមលក្ខណៈជាស្រេចជាពិសេសសម្រាប់ការទប់ទល់នឹងសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការដាក់ពង្រាយក្បាលគ្រាប់មួយចំនួនយ៉ាងស្ងៀមស្ងាត់បំផុត និងអាចប្រើប្រាស់ក្នុងការវាយប្រហារបានគ្រប់ពេលទាំងអស់។
កាសែតរុស្ស៊ី RT ដោយបានដកស្រង់របាយការណ៍ស្រាវជ្រាវចេញពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុង Stockholm ឬSIPRI បានពន្យល់ថា ឈរក្នុងទីតាំងភូមិសាស្ត្រដែលប្រឈមមុខនឹងប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរទាំង ២ គឺប៉ាគីស្ថាន និងចិន បូករួមទាំងបញ្ហាតុល្យភាពអំណាច ដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីផង ទើបធ្វើឱ្យរដ្ឋាភិបាលទីក្រុងញូវដែលីសម្រេចចិត្ត ក្នុងការដាក់ពង្រាយអាវុធប្រល័យជាលើកដំបូងបែបនេះ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទីក្រុងញូដេលីបានព្យាយាមទុកដាក់ក្បាលគ្រាប់នុយក្លេអ៊ែរចេញពីប្រព័ន្ធប្រតិបត្តិការរបស់ពួកគេយ៉ាងហ្មត់ចត់ ដើម្បីបង្ការការកើនឡើងកម្ដៅយោធាដោយចៃដន្យ។
ទោះជាយ៉ាងណាក៏ដោយចុងក្រោយនេះ ទិន្នន័យបានបង្ហាញពីការដាក់ពង្រាយប្រតិបត្តិការជាលើកដំបូងនៃក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២ គ្រាប់ក្នុងចំណោមក្បាលគ្រាប់ជិត ២០០ដែលមាននៅក្នុងស្តុក។
ប្រភពដដែលជឿជាក់ថា ក្បាលគ្រាប់ដែលទើបដាក់ពង្រាយនេះ ត្រូវបានដាក់បញ្ឈរត្រៀមរួចរាល់នៅក្នុងនាវាមុជទឹកនុយក្លេអ៊ែរមួយចំនួន និងនៅទីតាំងបាញ់មីស៊ីលក្រោមដី ដែលមានសក្ដានុពលបំផុត ដើម្បីអាចធ្វើការវាយប្រហារបានយ៉ាងឆាប់រហ័សបំផុត។
ការវាយតម្លៃចុងក្រោយបានគូសបញ្ជាក់ថា ឃ្លាំងស្តុកនុយក្លេអ៊ែរសរុបរបស់ប្រទេសឥណ្ឌាបានកើនឡើងពី ១៨០ ក្បាលគ្រាប់កាលពីឆ្នាំ ២០២៥ ទៅដល់ ១៩០ គ្រាប់ហើយនាពេលបច្ចុប្បន្ន។
ក្នុងនោះ SIPRI បានប៉ាន់ប្រមាណថា ប្រទេសចិនដែលជាអ្នកជិតខាងដ៏គួរឱ្យបារម្ភជាងគេបំផុតរបស់ឥណ្ឌានោះបច្ចុប្បន្នជាប់ឈ្មោះជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរធំជាងគេទី៣របស់ពិភពលោក ដោយមានស្តុកទុកក្បាលគ្រាប់ជាង ៦២០ គ្រាប់។ គេសង្ស័យថាប្រទេសចិនអាចមានមីស៊ីលបំពាក់ក្បាលនុយក្លេអ៊ែរឆ្លងទ្វីបឬ ICBM ច្រើនប្រហែលនឹងរុស្ស៊ី ឬសហរដ្ឋអាមេរិកនៅឆ្នាំ ២០៣០។
ងាកទៅប្រទេសប៉ាគីស្ថានដែលជាអ្នកជិតខាងម្នាក់ទៀតរបស់ឥណ្ឌានោះក៏ជាមហាអំណាចនុយក្លេអ៊ែរដូចគ្នាដែរ។ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដមាននុយក្លេអ៊ែរយ៉ាងហោចណាស់ ១៧០ គ្រាប់ជាប់ឈ្មោះជាប្រទេសដែលមានក្បាលនុយក្លេអ៊ែរធំបំផុតទី៦របស់ពិភពលោក។
ដូច្នេះប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ស្រៀវស្រើបមួយ ដោយឈរនៅជាប់នឹងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ។ រដ្ឋាភិបាលទីក្រុងញូវដែលីក៏តែងតែមានជម្លោះទឹកដី និងប្រវត្តិនៃសង្គ្រាមជាមួយប្រទេសទាំងពីរផង។ ដូច្នេះវាគឺជាភាពចាំបាច់ខ្លាំងណាស់ក្នុងការយល់ដឹងពីរបៀបដែលការដាក់ពង្រាយនុយក្លេអ៊ែររបស់ខ្លួនប្រៀបធៀបជាមួយនឹងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ចិន និងប៉ាគីស្ថាន៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content