សៀមរាប៖ សហគមន៍កសិកម្មទំនើបសសី ក្នុងខេត្តសៀមរាប អាចប្រមូលផល និងផ្គត់ផ្គង់បន្លែសុវត្ថិភាពបានចន្លោះពី ៨០០ គីឡូក្រាម ទៅ ១ តោនក្នុង ១ ថ្ងៃ ទៅកាន់ផ្សារទំនើប និងទីផ្សារបោះដុំក្នុងខេត្ត ក្រោយពីអនុវត្តការដាំដុះតាមបច្ចេកទេសក្នុងផ្ទះសំណាញ់ ដែលជួយបង្កើនទិន្នផល និងធ្វើឱ្យបន្លែរបស់សហគមន៍លក់បានថ្លៃជាងបន្លែធម្មតា។
លោក ម៉ៅ វរលក្ខណ៍ ប្រធានសហគមន៍កសិកម្មទំនើបសសី ដែលមានទីតាំងនៅឃុំត្បែង ស្រុកបន្ទាយស្រី បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា កាលពីមុន ការដាំដុះដោយមិនប្រើផ្ទះសំណាញ់ទទួលបានផលតិចជាងការដាំដុះក្នុងផ្ទះសំណាញ់។ ប៉ុន្តែក្រោយអនុវត្តបច្ចេកទេសដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សហគមន៍អាចប្រមូលផល និងផ្គត់ផ្គង់បន្លែបានស្ទើររាល់ថ្ងៃ។
បន្លែដែលសហគមន៍ផលិតបានភាគច្រើនជាបន្លែស្លឹក ដូចជា ស្ពៃតឿ ស្ពៃក្រញ៉ាញ់ និងស្ពៃចង្កឹះ ដោយផ្គត់ផ្គង់ទៅផ្សារទំនើបឡាឡា ហ្គាឌិន ហាយវ៉េ និងលក់បោះដុំនៅផ្សារសាមគ្គី ក្នុងខេត្តសៀមរាប។ លោកបញ្ជាក់ថា ទោះបីជាលក់នៅស្តង់បន្លែទូទៅក៏ដោយ បន្លែសុវត្ថិភាពអាចលក់បានថ្លៃជាងបន្លែធម្មតា ឬបន្លែនាំចូលពីក្រៅប្រទេស ចន្លោះពី ២០០ ទៅ ៥០០រៀលក្នុងមួយគីឡូក្រាម។
លោក វរលក្ខណ៍ បន្តថា ការទទួលបានផ្ទះសំណាញ់ចំនួន ៥ ខ្នងបន្ថែមទៀត ពីគម្រោង «គុជ» នឹងជួយឱ្យសហគមន៍ដែលមានផ្ទះសំណាញ់កំពុងដំណើរការចំនួន ៥១ ខ្នង សម្រេចការប្រមូលផលបន្ថែមយ៉ាងតិច ៥ តោនក្នុងមួយខែ។ ទោះជាយ៉ាងណា ដើម្បីអាចរក្សាការផ្គត់ផ្គង់បន្លែស្លឹកក្នុងបរិមាណ ១ តោនជាប្រចាំថ្ងៃ និងមានផលិតផលបង្វិលផ្គត់ផ្គង់ទីផ្សារបានជាប់លាប់ សហគមន៍ត្រូវការផ្ទះសំណាញ់សរុបចំនួន ១០០ខ្នង។
ការលើកឡើងនេះធ្វើឡើងស្របពេលដែលសហគមន៍កសិកម្មទំនើបសសី បានទទួលផ្ទះសំណាញ់បន្ថែមក្នុងចំណោមផ្ទះសំណាញ់ចំនួន ៨៩ខ្នង ដែលត្រូវប្រគល់ជូនសហគមន៍កសិកម្មចំនួន ១៣ ក្នុងខេត្តសៀមរាប ក្រោមគម្រោង «គុជ»។
ពិធីប្រគល់ និងទទួលនេះធ្វើឡើង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសហគមន៍កសិកម្មទំនើបសសី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គុជ» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ការផ្តល់ផ្ទះសំណាញ់ជាការគាំទ្រដ៏សំខាន់ក្នុងការជំរុញផលិតកម្មបន្លែសុវត្ថិភាព បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពកសិករ។ ឯកឧត្តមបានណែនាំឱ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ផ្ទះសំណាញ់ឱ្យមានប្រសិទ្ធភាព អនុវត្តបច្ចេកទេសដាំដុះល្អ ព្រមទាំងពង្រឹងសាមគ្គីភាព ដើម្បីធានានិរន្តរភាពផលិតកម្ម។
ឯកឧត្តមក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តសៀមរាបក្នុងការផលិតបន្លែសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ជាពិសេសវិស័យទេសចរណ៍ ដោយជំរុញឱ្យសហគមន៍ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចសហការក្នុងការលើកកម្ពស់គុណភាពផលិតផល និងបង្កើតឱកាសសេដ្ឋកិច្ចជូនប្រជាកសិករ។
ជាមួយគ្នានេះ លោក គីម សុខ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តមានផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពចំនួន ៦០០ខ្នង និងកំពុងដំឡើងប្រមាណ ៦០០ខ្នងបន្ថែមទៀត ដែលនឹងធ្វើឱ្យចំនួនផ្ទះសំណាញ់កើនដល់ជាង ១ ០០០ខ្នង។
លោកបានណែនាំឱ្យសហគមន៍រៀបចំការដាំដុះបន្លែឆ្លាស់គ្នា តាមគោលការណ៍សុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភោជនីយដ្ឋាន ផ្សារទំនើប និងផ្សារបោះដុំទាំងក្នុង និងក្រៅខេត្ត។ លោកបញ្ជាក់ថា ខេត្តសៀមរាបទាំងមូលត្រូវការបន្លែចន្លោះពី ២០ ទៅ ៣០ តោនក្នុងមួយថ្ងៃ។
លោក គីម សុខ ក៏បានកោតសរសើរសហគមន៍កសិកម្មទំនើបសសី ចំពោះការអនុវត្តការដាំដុះបានល្អ ក្នុងចំណោមសហគមន៍កសិកម្មទំនើបចំនួន ៣ ដែលកំពុងមានវត្តមាននៅក្នុងខេត្ត។ លោកបានឱ្យដឹងទៀតថា សហគមន៍មួយចំនួនបានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅខេត្តព្រះសីហនុរួចហើយ ប៉ុន្តែក្នុងបរិមាណនៅមានកម្រិត។ លោករំពឹងថា នៅពេលសហគមន៍អាចពង្រីកផលិតកម្មលើសតម្រូវការក្នុងខេត្ត នឹងអាចផ្គត់ផ្គង់ទៅកាន់ខេត្ត-ក្រុងសំខាន់ៗផ្សេងទៀតបានកាន់តែច្រើន។
តាមមន្ត្រីជំនាញកសិកម្មក្នុងខេត្តសៀមរាប និងតំណាងសហគមន៍ ក្នុងចំណោមសហគមន៍កសិកម្មទាំង ៩០ មានសហគមន៍ចំនួន ១៧ កំពុងពង្រីកសកម្មភាពទៅជាសហគមន៍ដែលបង្កើតអត្តសញ្ញាណផលិតផលផ្ទាល់ខ្លួន ដូចជា សហគមន៍ស្វាយចន្ទីលើភ្នំ និងសហគមន៍ឃុនរាម ដែលផ្តោតលើដំណាំស្វាយចន្ទីនៅតំបន់ភ្នំគូលែន សហគមន៍សរសរស្ដម្ភ និងសហគមន៍សសី ដែលផ្តោតលើបន្លែសុវត្ថិភាព និងសហគមន៍ស្រូវនាងអំ នៅឃុំស្វាយលើ ដែលផ្តោតលើអង្ករសរីរាង្គ។
សូមជម្រាបថា ការគាំទ្រផ្ទះសំណាញ់ និងគ្រឿងយន្តកសិកម្មនេះ ជាផ្នែកមួយនៃគម្រោង PEARL ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការ FAO នៅខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប។ គម្រោងនេះមានគោលបំណងបង្កើនផលិតភាពកសិកម្ម កាត់បន្ថយថ្លៃដើមផលិត និងពង្រឹងភាពធន់នៃវិស័យកសិកម្ម ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕







វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content