ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងភាពរីករាយនៅពេលឃើញផ្លែមៀនខ្មែរ ត្រូវបានដាក់លក់នៅលើវេបសាយទីផ្សារអនឡាញលំដាប់ពិភពលោក Alibaba ដោយចាត់ទុកថាជាគំនិតផ្តួចផ្កើមដ៏ល្អមួយ ខណៈក្រសួងនឹងខិតខំធ្វើការជាមួយកសិករដាំផ្លែមៀន ដើម្បីពង្រឹងគុណភាព និងអនាម័យបន្ថែមទៀត។

ការបង្ហាញចំណាប់អារម្មណ៍នេះ បន្ទាប់ពីផ្លែមៀនប៉ៃលិនរបស់កម្ពុជា ត្រូវបានសម្ពោធដាក់លក់លើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា សម្រាប់ក្រសួងកសិកម្ម ការយកផ្លែមៀនខ្មែរទៅដាក់លក់លើវេបសាយ Alibaba គឺជាការផ្ដួចផ្ដើមដ៏ល្អមួយ ដែលក្រសួងស្វាគមន៍។

កញ្ញាបញ្ជាក់ថា ៖
“ការចូលរួមនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញទីផ្សារផលិតផលមៀនកម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិន និងអន្ដរជាតិ”
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រសួងកសិកម្ម នឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រជាកសិករ និងក្រុមហ៊ុន ធ្វើយ៉ាងណាធានានូវការផលិតផ្លែមៀនសមស្របទៅនឹងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ តាមរយៈការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនអំពីលក្ខខណ្ឌតម្រូវដែលមានចែងក្នុងពិធីសារ។
កញ្ញាបន្តថា ៖
“ក្រសួងបាន និងកំពុងចាត់មន្ត្រីជំនាញចុះអង្កេតតាមដាន និងគ្រប់គ្រងសមាសភាពចង្រៃតាមចម្ការ បណ្ដុះបណ្ដាលដល់ម្ចាស់ចម្ការស្ដីពីការអនុវត្តកសិកម្ម ការគ្រប់គ្រងសមាសភាពចង្រៃ និងការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព បន្តជំរុញការចុះបញ្ជីចម្ការជាចម្ការអនុវត្តកសិកម្មល្អ និងបន្តជំរុញការចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន”
បើតាមកញ្ញា អ៊ឹម រចនា រហូតមកទល់ពេលនេះ មានចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ផ្លែមៀនចំនួន៨ ទទួលបានការចុះបញ្ជី និងទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន។
គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ផ្លែមៀនស្រស់កម្ពុជាចំនួន ២ ៥៩៦,១៧តោន បាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។ សម្រាប់ឆ្នាំ២០២៣ ក្រសួងកសិកម្ម រំពឹងថា កម្ពុជានឹងអាចនាំចេញមៀនប៉ៃលិនប្រមាណជា ៧ ០០០ ទៅ ៨ ០០០ តោន៕ អត្ថបទដោយ ៖ ឡាយ សាមាន




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content