ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា៖គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាបានកើនឡើងជាង៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។

លោកបានគូសបញ្ជាក់ថា៖
« កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា ជាពិសេសបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិន មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់”។
បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា នៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ដែលជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។
គួរជម្រាបថា៖គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ក្នុងខែតុលា ឆ្នាំ២០២៥ បានអនុម័តគម្រោងវិនិយោគចំនួន២៩ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១,៤ប៊ីលានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង។
ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ប៊ីលានដុល្លារអាម៉េរិក កើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក៕







វិថីហិរញ្ញវត្ថុ



























Account
Security
Favourite Content