បរទេស ៖ រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា ខណៈពេលដែលខ្លួនទើបតែបានបដិសេធមិនលក់កម្មវិធី Manus ឲ្យទៅក្រុមហ៊ុនអាម៉េរិក Meta កាលពីខែមុននេះ ។
វិធានការនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីរបៀបដែលទីក្រុងប៉េកាំង បានចាត់ទុកអ្នកជំនាញទាំងនេះថាជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួនក្នុងឧស្សាហកម្មដ៏មានសក្តានុពល នេះបើយោងតាមការចេញផ្សាយដោយកាសែតរុស្ស៊ី RT នាពេលថ្មីៗនេះ។
បច្ចុប្បន្ន ស្ថាប័នរដ្ឋាភិបាលចិនបានតម្រូវឱ្យស្ថាបនិកក្រុមហ៊ុន អ្នកជំនាញ និងអ្នកស្រាវជ្រាវ AI ឈានមុខគេនៅក្នុងក្រុមហ៊ុនឯកជនធំៗ ដូចជា Alibaba និង DeepSeek ជាដើម ត្រូវតែសុំការអនុញ្ញាតជាផ្លូវការមុននឹងធ្វើដំណើរទៅក្រៅប្រទេស ឬត្រូវប្រគល់លិខិតឆ្លងដែនឱ្យរដ្ឋាភិបាលរក្សាទុក ដើម្បីការពារកុំឱ្យលេចធ្លាយការសម្ងាត់ពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាតិណាមួយ។ ចំណាត់កាលនេះត្រូវបានធ្វើឡើងត្រឹមតែ១ខែប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលចិនបានចេញមុខរារាំងមិនឲ្យក្រុមហ៊ុន Manus ដែលជាក្រុមហ៊ុនកើតថ្មីរបស់ចិន និងទើបតែបានផ្លាស់ប្តូរមូលដ្ឋានទៅកាន់ប្រទេសសិង្ហបុរីកាលពីឆ្នាំ២០២៥ ក្នុងការចរចាទិញលក់ទៅឲ្យក្រុមហ៊ុន Meta របស់អាមេរិកក្នុងតម្លៃប្រមាណជា២ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះប្រធានផ្នែកសំខាន់ៗចំនួន២រូប បច្ចុប្បន្នមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសចិននោះទេ។
ការរឹតបន្តឹងដ៏តឹងរ៉ឹងលើធនធានមនុស្សផ្នែកបច្ចេកវិទ្យានេះ គឺស្របគ្នាទៅនឹងផែនការ៥ឆ្នាំរបស់ប្រទេសចិន ដែលបានកំណត់គោលដៅអភិវឌ្ឍន៍ជាតិរហូតដល់ឆ្នាំ២០៣០។ ផែនការនេះបានអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការពិសេស (extraordinary measures) ដើម្បីកសាង និងពង្រឹងសមត្ថភាពពឹងផ្អែកលើខ្លួនឯងឱ្យបានទាំងស្រុងលើវិស័យយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖ បន្ទះឈីប (Semiconductors), បញ្ញាសិប្បនិម្មិត (AI) និងការផលិតកម្រិតខ្ពស់ (Advanced manufacturing)។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគទីផ្សារបានព្រមានថា គោលនយោបាយបិទខ្ទប់ការធ្វើដំណើរនេះអាចក្លាយជាអាវុធមុខពីរសម្រាប់ប្រទេសចិនខ្លួនឯងទៅវិញ ខណៈពេលដែលវាអាចជួយចិនក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងទប់ស្កាត់ការហូរហៀរខួរក្បាលទៅកាន់ប្រទេសលោកខាងលិច ហើយវាក៏អាចធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនជួបផលលំបាកក្នុងការទាក់ទាញអ្នកជំនាញលំដាប់ពិភពលោក និងអាចរារាំងដល់ការច្នៃប្រឌិតថ្មីៗ ដែលធ្លាប់តែពឹងផ្អែកលើកិច្ចសហការអន្តរជាតិដោយសេរីផងដែរ៕




វិថីហិរញ្ញវត្ថុ



























Account
Security
Favourite Content