ភ្នំពេញ ៖ កាលពីថ្ងៃទី១២ ខែឧសភា ក្រុមហ៊ុន Manulife Cambodia និង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត អ្នកជំនាញ និងសហគមន៍កាន់តែទូលំទូលាយ ដែលសង្កត់ធ្ងន់ទៅលើការផ្តល់ឱកាសក្នុងសិក្សាជាក់ស្តែងដល់និស្សិត ដែលធ្វើយ៉ាងណាប្រឹងប្រែងរួមគ្នាលើកកម្ពស់វិស័យអប់រំដែលប្រកបដោយសុខុមាលភាព។
តាមរយៈភាពជាដៃគូនេះ និស្សិតនៃសកលវិទ្យា័យ AUPP នឹងទទួលបានឱកាសចុះកម្មសិក្សានៅក្រុមហ៊ុន Manulife Cambodia និងនៅតាមការិយាល័យអន្តរជាតិរបស់ខ្លួន។ ក្រុមហ៊ុន Manulfie ក៏នឹងពិចារណាលើនិស្សិតដែលបញ្ចប់ការសិក្សារបស់ AUPP ក្នុងការជ្រើសរើសធ្វើជាបុគ្គលិករបស់ខ្លួន។ លើសពីនេះ និសិ្សតរបស់ AUPP ក៏មានឱកាសទទួលបានចំណេះដឹងបន្ថែម តាមរយៈការចែករំលែកនូវបទពិសោធន៍ក្នុងវិស័យការងារ ភាពជាអ្នកដឹកនាំ ជាពិសេស ការអភិវឌ្ឍន៍អាជីពឆ្ពោះទៅរកភាពជោគជ័យពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Manulife ផងដែរ។
តាមរយៈកិច្ចសហការគ្នានេះ Manulife និង AUPP ក៏មានបង្កើតសិក្ខាសាលាជាបន្តបន្ទាប់ផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងថវិកា ការវិនិយោគ និងអាជីពនៅក្នុងឧស្សាហកម្មធានារ៉ាប់រង ដែលកម្មវិធីទាំងនេះមានគោលបំណងបំពាក់ឱ្យនិស្សិតនូវជំនាញ និងចំណេះដឹងជាក់ស្តែង ដើម្បីជៀសផុតពីហានិភ័យ ទទួលបានស្ថិរភាពហិរញ្ញវត្ថុ ទាំងនៅក្នុងក្រុមគ្រួសារ ក៏ដូចជានៅក្នុងអាជីវកម្ម។
សូមជម្រាបដែរថា ក្រៅពីមានឱកាសទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្ដែងពីអ្នកជំនាញ ក៏ដូចជាថ្នាក់ដឹកនាំរបស់ Manulife ដូចបានលើកឡើងខាងលើនេះ បណ្តាសិស្ស-និស្សិតរបស់ AUPP ក៏នឹងមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ធំៗដូចជា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដែលរៀបចំដោយក្រុមហ៊ុន Manulife រួមនឹងក្រុមហ៊ុនដែលជាដៃគូសហការ ដើម្បីទទួលបានបទពិសោធន៍សង្គម និងព្រឹត្តិការណ៍សំខាន់ៗទាំងថ្នាក់ជាតិ និងអន្តរជាតិ។
Manulife Cambodia និង AUPP កំពុងរួមគ្នាលើកកម្ពស់ការអប់រំ កសាងអនាគតដ៏ល្អ ជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងអស់គ្នា…!