សំណង់អច្ឆរិយៈ The Hotel Haegumgang គឺជាសណ្ឋាគារបណ្តែតទឹកដ៏ធំស្កឹមស្កៃជាមួយនឹងកំពស់ដល់ទៅ៧ជាន់ និងត្រូវបានចាត់ទុកថាជាសណ្ឋាគារបែបបណ្តែតទឹកដំបូងគេបំផុតរបស់សកលលោក ហើយវាត្រូវបានបើកដំណើរការរាប់សិបឆ្នាំគិតចាប់តាំងពីឆ្នាំ១៩៨៨មកប៉ុន្តែបច្ចុប្បន្នកំពុងទុកចោលនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើងទៅវិញ ហើយមានប្រភពខ្លះបានអះអាងថា វាប្រហែលជាត្រូវបានបំផ្លាញចោលបាត់ទៅហើយតាំងតែពីឆ្នាំ២០២២។

រូបរាងនៃសំណង់សណ្ឋាគារដ៏អស្ចារ្យនេះត្រូវបានកើតចេញដំបូងពីការកែច្នៃរបស់អ្នកអភិវឌ្ឍន៍ជនជាតិអូស្ត្រាលីម្នាក់ គឺលោក Doug Tarca និងកូនប្រុសដែលមានឈ្មោះថា Peter ហើយវាត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងប្រទេសសិង្ហបុរី និងដាក់ឲ្យដំណើរការដំបូងកាលពីឆ្នាំ១៩៨៨ ជាមួយនឹងឈ្មោះដើមថា John Brewer Floating Hotel ។
កំពស់ដល់ទៅ៧ជាន់ ជាសណ្ឋាគារដែលបានបំពាក់មកជាមួយនឹងបន្ទប់សម្រាប់ស្នាក់នៅដល់ទៅជិត២០០បន្ទប់ ព្រមទាំងបន្ទប់ផ្តល់សេវាកម្មក្លឹបរាត្រី, បារ, ភោជនីយដ្ឋាន, កន្លែងចុះចតឧទ្ធម្ភាគចក្រ និងកន្លែងវាយតេន្នីសផងដែរ។ ក្នុងកិច្ចដំណើរការមិនបានមួយឆ្នាំផងវាក៏ត្រូវបានផ្លាស់ប្តូរទីតាំងចេញពីតំបន់ក្បែរសមុទ្រនៃប្រទេសអូស្ត្រាលីទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងបានប្តូរឈ្មោះទៅជា Saigon Floating Hotel ក្នុងឆ្នាំ១៩៨៩។

Saigon Floating Hotel បានដំណើរការនៅក្នុងទន្លេ Saigon ចាប់តាំងតែពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៧ មុនពេលដែលវាបានជួបបញ្ហាហិរញ្ញវត្ថុសាជាថ្មីម្ដងទៀត ទើបបន្តលក់វាទៅឲ្យប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ១៩៩៨ ហើយបានប្តូរឈ្មោះទៅជា The Hotel Haegumgang និងត្រូវបានយកទៅរក្សាទុកនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ Mount Kumgang ក្បែរព្រំដែននៃប្រទេសកូរ៉េខាងត្បូង។
ក្នុងឆ្នាំ២០០៨ រមណីយដ្ឋានទាំងមូលត្រូវបានបិទទ្វារដោយសារហេតុការណ៍បាញ់សម្លាប់ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ដោយយោធាកូរ៉េខាងជើង ហើយរហូតដល់ទៅ ១០ឆ្នាំក្រោយ ពោលគឺនៅក្នុងឆ្នាំ២០១៨ ទើបមេដឹកនាំនៃប្រទេសទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងបើកដំណើរការវាឡើងវិញ ប៉ុន្តែសណ្ឋាគារមួយនេះទាមទារត្រូវការជួសជុលបន្ថែម ដូច្នេះវាក៏បានត្រូវគេទុកចោលរហូតមកដល់ពេលបច្ចុប្បន្នដោយសារតែបញ្ហាកូវីដផង និងបញ្ហាហិរញ្ញវត្ថុរបស់កូរ៉េខាងជើងផង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content