ភ្នំពេញ ៖ ក្រោយពីបានឮដំណឹងថា រដ្ឋាភិបាលនៃប្រទេសចិននឹងបើកប្រទេសឡើងវិញ ព្រមគ្នាជាមួយនឹងការអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរចេញចូលប្រទេសបានឡើងវិញ ហើយអ្នកដែលធ្លាប់ទទួលបានផលប្រយោជន៍ពីវត្តមានជនជាតិចិននៅកម្ពុជាហាក់មានក្ដីរំពឹងឡើងវិញបន្ទាប់ពួកគេបានរងផលប៉ះពាល់បាត់បង់ចំណូលក្រោយពីជនជាតិចិនចាកចេញពីកម្ពុជាតាំងពីអំឡុងឆ្នាំ២០១៩ ។
ពលរដ្ឋនៅខេត្តព្រះសីហនុ បណ្តាអាជីវករ និងអ្នកធ្លាប់ទទួលផលជាច្រើនពីជនជាតិចិនកាលពី ៣-៤ឆ្នាំមុន បានបង្ហាញក្ដីរំពឹងខ្ពស់ និងកំពុងត្រៀមខ្លួនក្នុងការកើបផលប្រយោជន៍ឡើងវិញ នៅពេលជនជាតិចិនត្រលប់ចូលមកកម្ពុជា ខណៈដែលគេដឹងថា គោលដៅធំចម្បងរបស់ជនជាតិចិនគឺក្រុងព្រះសីហនុ ។
លោក គង់ ម៉ៅ ម្ចាស់សិប្បកម្មផលិតទឹកស្អាតមួយកន្លែងនៅក្នុងក្រុងព្រះសីហនុបានឱ្យដឹងថា មុនពេលការចាកចេញរបស់ជនជាតិចិនពីក្រុងព្រះសីហនុ អាជីវករផ្សេងៗក៏ដូចជារូបលោកផងដែរ គឺមមាញឹកក្នុងការផ្គត់ផ្គង់សេវាកម្ម និងផលិតផលទៅកាន់ទីផ្សារ ពីព្រោះពេលនោះការងារក៏មានច្រើន សំណង់អគារនានាដំណើរការ កម្មករទាំងខ្មែរទាំងចិន នាំគ្នាមកបំពេញការងារនៅក្នុងក្រុងព្រះសីហនុ ដែលធ្វើឱ្យទីក្រុងមួយនេះមានមនុស្សអ៊ូរអរ ហើយអ្វីៗក៏មានតម្រូវការខ្ពស់ដែរ ។
លោកបន្តថា ៖
“បន្ទាប់ពីចិនបានចាកចេញទៅវិញសំណង់អគារមួយចំនួនក៏លែងដំណើរការសាងសង់ ធ្វើឱ្យកម្មករអត់ការងារធ្វើក៏ត្រលប់ទៅកាន់ស្រុកកំណើត ឬទៅកាន់ខេត្តក្រុងផ្សេងៗទៀតដើម្បីរកការងារធ្វើ ពេលនោះក្រុងព្រះសីហនុក៏បាត់មនុស្សមួយចំនួនធំផងដែរ ធ្វើឱ្យតម្រូវការនានាធ្លាក់ចុះ អ្នកផ្គត់ផ្គង់បាត់បង់ចំណូលជាបណ្ដើរៗ”
លោកបន្ថែមថា ៖
“ឆ្នាំ ២០២៣នេះ ខ្ញុំបានឮគេនិយាយថា ជនជាតិចិននឹងត្រលប់មកកាន់ប្រទេសកម្ពុជាឡើងវិញ ហើយបើសិនជាពួកគេត្រលប់មកមែននោះ ខ្ញុំគិតថាអាជីវករក្នុងខេត្តនេះ នឹងអាចរកប្រាក់ចំណូលបានច្រើនឡើងវិញ ហើយអគារដែលសល់ចោល អាចនឹងចាប់ផ្ដើមសាងសង់ឡើងវិញ ពេលនោះនឹងមានកម្មករសំណង់ជាច្រើននៅក្នុងការដ្ឋាន ហើយតម្រូវការអាហារហូបចុក ក៏នឹងកើនឡើងខ្ពស់ឡើងវិញផងដែរ ដែលទាំងអស់នេះជាឱកាសសម្រាប់ពួកយើងក្នុងការទទួលបានអត្ថប្រយោជន៍ និងការត្រៀមខ្លួនពង្រីកការផលិត ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ”
ដោយឡែកម្ចាស់សិប្បកម្មកញ្ចក់មួយរូបនៅក្នុងក្រុងព្រះសីហនុ ក៏បានបង្ហាញពីក្ដីរំពឹងដែរថា អាជីវកម្មរបស់ខ្លួននឹងអាចរីកចម្រើនបន្ថែមទៀត ហើយតម្រូវការផលិតផលកញ្ចក់ក៏នឹងកើនឡើង បើសិនជាចិនចូលមកវិញ ហើយអគារជាច្រើនចាប់ផ្ដើមសាងសង់ចាប់មានសកម្មភាពសាងសង់។
ក្រៅពីនេះ ម្ចាស់ហាងកាហ្វេមួយកន្លែង យីហោ បងម៉ាប់ នៅតំបន់អូរត្រេះ ក៏បានលើកឡើងថា អាជីវកម្មរបស់លោកហាក់ដូចជារីករួមៗ ក្រោយពីអវត្តមានជនជាតិចិន ពីព្រោះតែពេលចិននៅ ពលរដ្ឋខ្មែរមួយចំនួនដែលរកចំណូលដោយកម្លាំងកាយ ឬជាកម្មករសំណង់មានការងារធ្វើច្រើន ហើយពួកគេក៏ត្រូវហូបចុក ប៉ុន្តែពេលជនជាតិចិនចាកចេញទៅ ទាំងបុគ្គលិក ទាំងកម្មករសំណង់មួយចំនួនអត់មានការងារធ្វើ ហើយក៏ចាកចេញពីក្រុងព្រះសីហនុទៅតំបន់ផ្សេងដើម្បីរកការងារ ។
គួររំលឹកដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា ភ្ញៀវទេសចរ ចិននឹងចូលមកកម្ពុជាក្នុងចំនួនប្រមាណជាង២លាននាក់ ក្រោយពីប្រទេសចិនបើកទូលាយសម្រាប់ការចេញចូលប្រទេសឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជាជាគោលដៅសំខាន់មួយសម្រាប់ភ្ញៀវទេសចរចិន ហើយក្រោយពីប្រទេសចិនបើកទូលាយការធ្វើដំណើរ ប្រជាជនចិនជាច្រើននឹងចូលមកកម្ពុជា ដើម្បីទស្សនា និងការធ្វើមុខជំនួញជាដើម ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content