បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី NBC News បានរាយការណ៍ថា ប្រជាជននៅប៉ែកអឺរ៉ុប ជាពិសេសនៅភាគខាងត្បូងនៃទ្វីបនេះកំពុងទទួលរងនូវផលលំបាកខ្លាំងក្នុងកំឡុងខែរដូវក្តៅ ដោយសារការប្រែប្រួលអាកាសធាតុបណ្តាលឱ្យមានអាកាសធាតុក្តៅនេះកាន់តែខ្លាំង និងមានរយៈពេលយូរ។
ក្រុមជំនាញខាងផ្នែកបម្រែបម្រួលអាកាសធាតុ Copernicus របស់អឺរ៉ុបបានលើកឡើងថា ការប្រៀបធៀបទិន្នន័យក្នុងរយៈពេលជាច្រើនទស្សវត្សរ៍បានបង្ហាញពីកំណត់ត្រាកំដៅកាលពីឆ្នាំមុននេះ ដែលបណ្តាលឱ្យមានលក្ខខណ្ឌគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ បច្ចុប្បន្ននេះដែរ អឺរ៉ុបខាងត្បូងបានជួបប្រទះនូវចំនួនថ្ងៃដែលមានភាពតានតឹងនឹងកំដៅខ្លាំងនៅចន្លោះសីតុណ្ហភាពពី ៣៨ ទៅ ៤៦ អង្សាសេ។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនថ្ងៃនៅរដូវក្តៅដែលមានសីតុណ្ហភាពក្តៅខ្លាំងកំពុងកើនឡើងនៅទូទាំងទ្វីប ជាពិសេសអឺរ៉ុបខាងត្បូង ដែលមានថ្ងៃខ្លះសីតុណ្ហភាពលើសពី ៤៦ អង្សាសេ។
យោងរបាយការណ៍ប្រចាំឆ្នាំ Copernicus ក៏បានបញ្ជាក់ដែរថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ទ្វីបនេះបានជួបប្រទះឆ្នាំក្តៅបំផុតជាលើកទីពីរក្នុងកំណត់ត្រាប្រចាំឆ្នាំ ដែលរដូវក្តៅឆ្នាំមុនបានកើនឡើងកំដៅសីតុណ្ហភាពបន្ថែម ១,៤ អង្សាសេ។ លើសពីនេះផងដែរ នៅតំបន់អាកទិចបានកើនឡើងកំដៅសីតុណ្ហភាពបន្ថែម ២,៥ អង្សាសេ ដែលខ្ពស់ជាងមធ្យមភាគ។ បញ្ហាមួយចំនួនដូចជា សីតុណ្ហភាពខ្ពស់ និងទឹកភ្លៀងទាបក៏បណ្តាលឱ្យមានគ្រោះរាំងស្ងួតរីករាលដាល ខណៈដែលភ្លើងឆេះព្រៃនៅរដូវក្តៅបណ្តាលឱ្យមានការបំភាយកាបូនខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំខាងមុខទៀត ហើយព្រមទាំងបណ្តាលឱ្យមានការរលាយនៃផ្ទាំងទឹកកកជាង ៥ គីឡូម៉ែត្រគូបទៀតផង។
ស្របពេលនេះដែរ ភាពតានតឹងនៃកំដៅខ្លាំងត្រូវបានចាត់ទុកថាជាបញ្ហាសំខាន់នៅទូទាំងពិភពលោក ពីព្រោះភពផែនដីឡើងកំដៅដោយសារតែការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស។ អ្នកជំនាញនិយាយថា កត្តានេះអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើនដូចជា ឡើងកន្ទួល ខ្សោះជាតិទឹក និងជំងឺដាច់សរសៃឈាមខួរក្បាល៕