ភ្នំពេញ ៖ ធនាគារពិភពលោក កាលពីចុងសប្ដាហ៍កន្លងនេះ បានឱ្យដឹងថា គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោកបានសម្រេចអនុម័តឥណទានចំនួន៣៥លានដុល្លារអាមេរិកបន្ថែមសម្រាប់ឱ្យកម្ពុជាអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ក្នុងខេត្តចំនួន៣ក្នុងប្រទេសកម្ពុជា ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបានឱ្យដឹងថាខេត្តចំនួន៣ដែលធនាគារពិភពលោកបានផ្ដល់កម្ចីសម្រាប់អភិវឌ្ឍន៍ផ្លូវរួមមានខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលខេត្តទាំង៣នេះ មានចំនួនប្រជាជនរហូតដល់២លាននាក់ ក្នុងនោះ៨០ភាគរយរស់នៅតាមតំបន់ជនបទ ។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ការអភិឌ្ឍផ្លូវក្នុងខេត្តទាំងបីនេះ គឺដើម្បីសម្រួលដល់ពលរដ្ឋដែលរស់នៅតំបន់ជនបទ ងាយស្រួលធ្វើដំណើរទៅរកសេវាសុខាភិបាល ទៅសាលារៀននិងងាយស្រួលក្នុងការដឹកកសិផលពីស្រែចំការទៅកាន់ទីផ្សារជាដើម ។
ឥណទានបន្ថែមនេះ នឹងជួយបំពេញការទូទាត់ឱ្យចំណាយគម្រោងដែលបានឡើងថលៃខ្ពស់ជាងការគ្រោងទុក ជាពិសេសនៅក្នុងកិច្ចសន្យាធ្វើផ្លូវ ។
បើតាមលោកស្រីម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា លទ្ធភាពចូលទៅរកសេវាថែទាំសុខភាព និងសាលារៀននិងការដឹកជញ្ជូនទំនិញទៅកាន់ផ្សារ សុទ្ធតែជាបញ្ហាប្រឈមធំណាស់ សម្រាប់ពលរដ្ឋកម្ពុជារស់នៅតាមទីជនបទ ជាពិសេសនៅក្នុងរដូវវស្សា ។ មិនតែប៉ុណ្ណោះ ស្ថានភាពផ្លូវអន់ និងការកាត់ផ្ដាច់ដោយទឹកជំនន់ និងចំណាយខ្បស់លើការដឹកជញ្ជូនបង្កឧបសគ្គធំៗដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសង្គ្រោះបន្ទាន់ សម្រាប់ស្ត្រីមានផ្ទៃពោះ ។
គម្រោងនេះក៏ជួយផងដែរ ដល់ការអភិវឌ្ឍផ្នែកស្ថាប័នសំខាន់ៗ នៅក្រោមក្រសួងសាធារណ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍បទ ដែលទាំងពីរនេះ ជាភ្នាក់ងារអនុវត្តន៍គម្រោង ។ ការងារអភិវឌ្ឍស្ថាប័ននោះរួមមាន ការរៀបចំបង្កើតយុទ្ធសាស្ត្រហិរញ្ញសម្រាប់ទ្រទ្រង់ផ្លូវជនបទធន់អាកាសធាតុ ការគាំទ្រដល់ការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ និងការគ្រប់គ្រងកិច្ចសន្យាផ្អែកលើសមិទ្ធកម្មការងារ សម្រាប់ការកែលម្អ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឱ្យមានចីរភាពកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ បំណុលសាធារណៈរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារអាមេរិក ដោយភាគច្រើនលើសលុបជាកម្ចីពីដៃគូបរទេស ហើយកម្ចីដែលកម្ពុជា យកពីបរទេសមកនោះ គឺភាគច្រើនយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវថ្នល់ជាដើម ៕