សមាគមវារីវប្បករអះអាងថា បរិមាណត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារមានរាប់ម៉ឺនតោន ប៉ុន្តែមានឧបសគ្គក្នុងការដឹកជញ្ជូន

ខុសពីការលើកឡើងរបស់ឈ្មួញមួយចំនួនតូចថា ការផ្គត់ផ្គង់ត្រីនៅក្នុងទីផ្សារកំពុងមានការខ្វះខាតជំរុញឱ្យតម្លៃឡើងថ្លៃ និងទាមទារឱ្យមានការ​នាំចូលបន្ថែមពី​ក្រៅ​ប្រទេសនោះ ប្រធានសមាគមវារីវប្បករកម្ពុជាបានអះអាងថា បរិមាណត្រីសាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជានៅពេលបច្ចុប្បន្នមានរហូត​ដល់​រាប់ម៉ឺនតោននៅក្នុងស្រះ ប៉ុន្តែអ្វីដែលជាឧបសគ្គនៅពេលនេះគឺការដឹកជញ្ជូនចូលទីផ្សារគោលដៅធំៗសម្រាប់ចែកចាយ ដែលភាគច្រើនស្ថិតនៅក្នុងរាជធានីភ្នំពេញ​កំពុងបិទខ្ទប់។

ប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែត បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី20 ខែមេសា ឆ្នាំ2021នេះថា បច្ចុប្បន្ន​សមាជិក​ពេញ​សិទ្ធិ​នៅក្នុង​សមាគមវារីវប្បករកម្ពុជាមានជាង270គ្រួសារ ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មក្នុងការចិញ្ចឹមត្រីជាច្រើនប្រភេទស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការធ្វើពិពិធកម្មវិស័យកសិកម្ម ធានាដល់សន្ដិសុខស្បៀងនៅក្នុងប្រទេស ព្រមទាំងអាចបន្តឈានដល់ការនាំចេញនៅពេលអនាគត។

លោកបានបន្តថា ស្ថិតនៅក្នុងកាលៈទេសៈដែលកំពុងជួបវិបត្តិជំងឺឆ្លងនៃព្រឹត្តិការណ៍២០កុម្ភៈនេះ ការនាំយកទិន្នផលត្រីចូលទីផ្សារគោលដៅសំខាន់ៗ ជាពិសេស​នៅក្នុង​រាជធានីភ្នំពេញ បានជួបឧបសគ្គទៅលើការដឹកជញ្ជូនជាខ្លាំង។

លោក សុខ រ៉ាដែត បានមានប្រសាសន៍បញ្ជាក់ថា ៖

“ការលើកឡើងរបស់មនុស្សមួយចំនួនតូច ជាពិសេសឈ្មួញឆ្លៀតឱកាសថា ទីផ្សារខ្វះការផ្គត់ផ្គង់ត្រី និងមាន​តម្លៃ​ថ្លៃ​រហូត​ស្នើសុំរាជរដ្ឋាភិបាលឱ្យមានការនាំត្រីចូលពីក្រៅប្រទេសនោះគឺមិនមែនជាការពិតនោះទេ។ គ្រាន់តែទិន្នផលត្រីស្ថិតនៅក្នុងសមាគមវារីវប្បករកម្ពុជា​ដែល​មាន​​សមាជិក​ជាអ្នកចិញ្ចឹមជាង​២៧០គ្រួសារ មានត្រីរាប់ម៉ឺនតោននៅក្នុងស្រះ លើសពីតម្រូវការទីផ្សារទៅទៀត ហើយតម្លៃក៏មិនឡើងថ្លៃនោះដែរ។ ប៉ុន្តែអ្វី​ដែល​ជា​ឧបសគ្គនៅពេលនេះគឺយើងមានផលលំបាកក្នុងដឹកជញ្ជូនទិន្នផលត្រីទាំងនោះចូលទៅកាន់ទីផ្សារគោលដៅសំខាន់ៗសម្រាប់បែងចែក​ទៅ​កាន់ទីផ្សារតូចៗបន្ត”

លោកបានបញ្ជាក់ឱ្យដឹងថា ជាធម្មតាសម្រាប់ការចែកចាយត្រីដែលត្រូវបានដឹកជញ្ជូនដោយរថយន្តធំចេញពីស្រះរហូតដល់ទីផ្សារគោលដៅ ត្រូវមានកម្លាំងលើកដាក់ មានបណ្តាញចែកចាយទៅកាន់ទីផ្សារតំបន់តូចៗតាមរយៈម៉ូតូ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រាល់​ការ​ចរាចរណ៍របស់បណ្តាញចែកចាយតូចៗតាមរយៈម៉ូតូត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុង ហើយការដឹកជញ្ជូនត្រីរបស់រថយន្តធំទៀតសោតមានពេលខ្លះក៏ជួបការហាមឃាត់​នៅ​តាមគោលដៅមួយចំនួន។ ដូច្នេះក្នុងនាមលោកជាប្រធានសមាគមវារីវប្បករកម្ពុជាសូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ចនៅតាមគោលដៅមេត្តា​ជួយសម្រួល​ដល់ការដឹកជញ្ជូន​ទិន្នផល​ត្រីឱ្យ​ចូលដល់គោលដៅចែកចាយបន្ត ដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែងប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទូទៅនាពេល​បច្ចុប្បន្ន។

ជាមួយនឹងការលើកឡើងពីផលលំបាក និងឧបសគ្គក្នុងការចែកចាយត្រីនៅតាមទីផ្សារគោលដៅធំៗ ក៏ដូចជានៅទូទាំងប្រទេស សមាគមវារីវប្បករកម្ពុជាក៏បានចេញ​សេចក្តី​ប្រកាសព័ត៌មានឆ្លើយតបទៅនឹងការលើកឡើងពីសំណាក់ឈ្នួញឆ្លៀតឱកាសមួយចំនួនដែលអះអាងថាទីផ្សារកម្ពុជាកំពុងខ្វះខាតការផ្គត់ផ្គង់ត្រី និងមានការឡើងថ្លៃខ្ពស់រហូតស្នើសុំឱ្យមានការនាំចូលត្រីពីក្រៅប្រទេស។ សេចក្ដីលម្អិតមាននៅក្នុងលិខិតផ្លូវការដូចខាងក្រោម ៖