ជីប ម៉ុង អេកូសាយខលសហការជាមួយអគ្គនាយកដ្ឋានគយកម្ទេចទំនិញខូចគុណភាព ទំនិញល្មើសច្បាប់និងរំលោភសិទ្ធិបញ្ញាជាង៥០០តោន ដោយប្រើប្រាស់ម៉ាស៊ីនទំនើប
កំពត៖ ជីប ម៉ុង អេកូសាយខល ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ និងធំបំផុតមួយនៅកម្ពុជា បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលរួមកម្ទេចទំនិញដែលខូចគុណភាព ទំនិញល្មើសច្បាប់និងរំលោភកម្មសិទ្ធិបញ្ញា នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់ម៉ាស៊ីនទំនើបឲ្យប្រែក្លាយទៅជាថាមពលផ្គត់ផ្គង់ក្នុងចង្វាក់ផលិតកម្មផលិតស៊ីម៉ងត៍និងថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់នៅក្នុងរោងចក្រស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី។
កម្មវិធីនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកបន្ទាយមាស ខេត្តកំពត និងមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់វត្តមាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឺកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងប្រតិភូរាជរដ្ឋាភិបាល-ឯកជន ជាច្រើនរូបផ្សេងទៀតផងដែរ។
ជីប ម៉ុង អេកូសាយខល ជាទីតាំងបំប្លែងកាកសំណល់ ធំជាងគេ និងដំបូងគេនៅកម្ពុជា ដោយបានចូលរួមជួយគាំព៌ាបរិស្ថានឲ្យកាន់តែល្អប្រសើរកែប្រែពីការបោះចោលកាកសំណល់តាមបែបបុរាណដូចជាការចោលក្នុងរណ្តៅសំរាមឬការដុតបំផ្លិចបំផ្លាញផ្សេងៗ ឲ្យមកចេញជាថាមពល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប Co-Processing ដើម្បីបំប្លែង កាកសំណល់ទាំងនោះ ទៅជាថាមពលអាចប្រើប្រាស់ឡើងវិញបាន ដែលនេះបានជួយដោះស្រាយនូវបញ្ហាប្រឈមរបស់រោងចក្រសហគ្រាស ជាពិសេសរាជរដ្ឋាភិបាល ទៅលើផលប៉ះពាល់បរិស្ថាន ដែលនៅទូទាំងពិភពលោកកំពុងជួបប្រទះនាពេលសព្វថ្ងៃ។
ម្យ៉ាងវិញទៀត ចាប់តាំងពីបង្កើតឡើងតាំងពីឆ្នាំ២០១៩ មក ជីប ម៉ុង អេកូសាយខល បានបំប្លែងកាកសំណល់ប្រមាណ ១៥០តោនក្នុងមួយឆ្នាំៗឱ្យទៅជាថាមពលប្រើប្រាស់ឡើងវិញ និងទទួលបានប្រមាណ៣០% នៃថាមពលសរុបសម្រាប់ផ្គត់ផ្គង់ដល់ដំណើរការនៃចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ក្រៅពីមិនត្រឹមតែផលិតស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលមានគុណភាពខ្ពស់នោះទេថែមទាំង ចំណាយថរិកាដ៏ច្រើនសន្ធឹកនាំយកបច្ចេកវិទ្យាទំនើប Co-Processing ដែលមានតែមួយនៅកម្ពុជា និងតំឡើង នូវបច្ចេកវិទ្យាផ្ទាំងសូឡា ស្ទើរតែគ្មានចន្លោះនៅគ្រប់ទីតាំងក្នុងរោងចក្រផលិតស៊ីម៉ងត៍របស់ខ្លួន ដែលនេះបានសបញ្ចាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ទាំងមូល ក្នុងការយកចិត្តទុកដាក់ និងគិតគូពីបញ្ហាបរិស្ថាន ដែលជាកង្វល់របស់ពិភពលោកនាពេលសព្វថ្ងៃ។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា៖ ការរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព គឺជាការអនុវត្តបន្តនូវលទ្ធផលនៃការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។ ការដុតបំផ្លាញទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញគ្រោះថ្នាក់ ដែលគរពូនក្នុងបរិមាណច្រើន ហើយពិធីនេះត្រូវបានធ្វើឡើងជាលើកទីមួយក្នុងទ្រង់ទ្រាយធំបែបនេះ ដែលមិនធ្លាប់មានពីមុនមក។
ឯកឧត្តមបណ្ឌិត បានបន្តថា៖«អគ្គនាយកដ្ឋានគយបានជ្រើសយក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (ផ្នែកអេកូសាយខល) ដែលមានឡដុតបំពាក់នូវបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន និងសុវត្ថិភាពខ្ពស់ក្នុងការកម្ទេចទំនិញខាងលើ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ»។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា៖ក្នុងចំណោមទំនិញដែលអគ្គនាយដ្ឋានគយទទួលបានគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការកម្ទេចចោលនាពេលនេះ មានចំនួន ១០៧ មុខ និងមានទម្ងន់ប្រមាណ ៥០៧ តោន រួមមានទំនិញល្មើសកម្មសិទ្ធិបញ្ញា ទម្ងន់ ២ ៣១៥ គីឡូក្រាម ដែលត្រូវបានក្រុមហ៊ុនទទួលសិទ្ធិនាំចូលផ្តាច់មុខ បញ្ជាក់ថារំលោភសិទ្ធិនាំចូលរបស់ខ្លួន និងជាទំនិញក្លែងក្លាយ និងបានប្រគល់ជូន អគរ ធ្វើការកម្ទេចចោល។ទំនិញល្មើសច្បាប់ ចំនួន ៤៨ មុខ ទម្ងន់ ១៥១ តោន រួមមានក្រដាសវេចខ្ចប់បារី កន្ទុយស្នោបារី និងបារីចម្រុះម៉ាកដែលពុំមានបិទតែមប្រិ៍ ពុំមានសារព្រមានសុខភាព និងពុំមានឯកសារនាំចូល និងប្រភពច្បាស់លាស់។ ហើយក្នុងនេះ ក៏មានបារីអេឡិចត្រូនិក ដែលជាប្រភេទទំនិញហាមឃាត់ ចំនួន ៣៥ ៩៤៣ ដើម និងបារីចំម្រុះម៉ាក ចំនួន ៥៨ ០៤១ ២០០ ដើមផងដែរ។ទំនិញខូចគុណភាព ចំនួន ៣៣ មុខ ទម្ងន់ ៩៣ តោន ជាប្រភេទគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលត្រូវបានបង្ក្រាប និងភាគច្រើនជាទំនិញដែលត្រូវបានរក្សាទុកក្នុងសន្និធិគយបណ្តោះអាសន្នហួសរយៈពេលសំចតដែលបានក្លាយជាទំនិញខូចគុណភាព។សារធាតុគីមី និងសារធាតុគ្រោះថ្នាក់ ចំនួន ២៤ មុខ ទម្ងន់ ២៦១ តោន ។
សមិទ្ធផលនេះ កើតឡើងដោយការខិតខំប្រឹងប្រែង របស់មន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តការងារយ៉ាងសកម្មក្នុងការបង្ការបង្ក្រាបទំនិញខូចគុណភាព ទំនិញល្មើសកម្មសិទ្ធិបញ្ញាដែលជាការចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ប្រជាពលរដ្ឋ បរិស្ថាន និង សង្គមជាតិ។ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការពីមន្តី្រគយនិងរដ្ឋាករ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គទូត ដៃគូអភិវឌ្ឍន៍នានា និងសាធារណជន។
លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រុប បានថ្លែងថា៖គម្រោងរោងចក្រ ជីប ម៉ុង អេកូសាយខល ដែលស្ថិតនៅក្នុងរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និង ទទួលបានការគាំទ្រពីក្រសួងបរិស្ថាន អនុញ្ញាតឱ្យប្រមូល ដឹកជញ្ជូន ស្តុកទុក និង ដុតកម្ទេចសំណល់ឧស្សាហកម្ម នាខែមេសា ឆ្នាំ២០១៩ ព្រម ទាំងទទួលបានការសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តព្រះសីហនុ និង គ្រប់បណ្តារោងចក្រ សហគ្រាសទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានចំណាយ ទឹកប្រាក់វិនិយោគលើគម្រោងនេះអស់ប្រមាណជាង ៦លានដុល្លារអាមេរិក ។រោងចក្រ ជីប ម៉ុង អេកូសាយខល មានសមត្ថភាពដុតកម្ទេចសំណល់ឧស្សាហកម្មក្នុងបរិមាណ ៣០ តោនក្នុងមួយម៉ោង ស្មើនឹង ៦៨០ តោនក្នុង១ថ្ងៃ ឬជាង ២០,៥០០ តោនក្នុង១ខែ។ គម្រោងនេះមានតួនាទីសំខាន់ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសំណល់ដែលមានប្រសិទ្ធ ភាពខ្ពស់ និងគោរពតាមបរិបទស្តង់ដារបរិស្ថានជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយការ បញ្ចេញឧស្ម័នទៅបរិស្ថាន។ រោងចក្រ ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយជាបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង អិនស៊ី ស៊ីមេន ត្រូវបានប្រសូតចេញពីការវិនិយោគទុនរួមគ្នា ក្នុងទឹកប្រាក់ ២៦២ លានដុល្លារអាមេរិក ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនក្នុងប្រទេសកម្ពុជាដ៏ធំមួយ និងមានបទពិសោធន៍ជិត ៤០ឆ្នាំ ក្នុង វិស័យសំណង់ និង វិស័យចែកចាយលើទីផ្សារ និង ៤០% ទៀតបានមកពី ក្រុមហ៊ុន សាំម ស៊ីធី ស៊ីមេន (SCCC) នៃព្រះរាជាណាចក្រថៃ ដែលជាក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសថៃ មានបទពិសោធន៍ជាង ៥០ ឆ្នាំក្នុងការផលិតស៊ីម៉ងត៍។
លោកអ្នកឧកញ៉ា បានបន្តថា៖ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន បានផ្គត់ផ្គង់ស៊ីម៉ងត៍ចំនួនជាងពីរលានតោនក្នុងមួយឆ្នាំៗ ដែលមាន គុណភាពខ្ពស់ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលឈានមុខគេ និងធំជាងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងធានាចីរភាពវិស័យសំណង់នៅកម្ពុជា ព្រមទាំងបាន ផ្តល់ការងារជាច្រើនដល់ គណៈគ្រប់គ្រង បុគ្គលិក ជិត ៥០០នាក់ និងអ្នកម៉ៅការបន្តជាង ១០០០នាក់ ជាមួយគ្នានេះដែរក្រុមហ៊ុនក៏បានបង់ ពន្ធជូនរាជរដ្ឋាភិបាលជាង ១៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដើម្បីជួយលើកកម្ពស់ សេដ្ឋកិច្ចជាតិផងដែរ ។
សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រុប បានគូសបញ្ជាក់ថា៖បច្ចេកវិទ្យា Co-processing មានតួនាទីកម្ទេចសំណល់ឧស្សាហកម្មដោយប្រើប្រាស់ថាមពលកំដៅនិងមានការទទួលស្គាល់ពីគ្រប់ស្តង់ដារសវនកម្ម និងត្រូវបានអនុវត្តន៍ទទួលយកទូទាំងពិភពលោក សម្រាប់ការគ្រប់គ្រងសំណល់ឧស្សាហកម្ម។ វាត្រូវបានមើលឃើញថា ជាជំរើសដ៏ល្អដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថានជាងវិធីសាស្ត្របែបបុរាណ ដូចជា ការគរសំរាមទុក និងការដុតបំផ្លាញ ផ្ទុយទៅវិញ បច្ចេកវិទ្យា Co-processing នេះ បានផ្តល់នូវដំណោះស្រាយពេញលេញ និងគ្មានផលប៉ះពាល់ដល់បរិស្ថាន។ បច្ចេកវិទ្យា នេះត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិជាច្រើន ដូចជា អង្គការសុខភាពពិភព លោក ដោយប្រើប្រាស់ ជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ជប៉ុន អស់រយៈ ពេលជាង៤០ឆ្នាំកន្លងមកនេះ ។
លោកអ្នកឧកញ៉ាសង្ឃឹមថា៖សមិទ្ធផល របស់គម្រោងរោងចក្រ ជីប ម៉ុង អេកូសាយខល ក៏ដូច ជាបច្ចេកវិទ្យាCo-Processing នឹងក្លាយជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ការអភិវឌ្ឍ បច្ចេកវិទ្យានៅលើវិស័យសេដ្ឋកិច្ច និងបរិស្ថាននាពេលអនាគត៕