ភ្នំពេញ៖ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP) នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង ស្ថិតនៅក្នុងខេត្តតាកែវ ត្បូងឃ្មុំ ក្រចេះ និងរតនគិរី ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង ដោយក្រុមការងារចំពោះកិច្ចនៃគម្រោង 3CEP, ស្វែងរកការឯកភាព និងសម្រេចរួមគ្នាមួយលើទីតាំង(បឋម)ទាំង៤កន្លែង និងធ្វើរបាយការណ៍រួម ស្ដីពីលទ្ធផលសិក្សាស្វែងរកទីតាំងបឋមនេះ ដើម្បីដាក់ស្នើសុំការពិនិត្យសម្រេចពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងត្រៀមជូនក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស(Consultant Firms) ចូលមកធ្វើការសិក្សាសមិទ្ធិលទ្ធភាព(FS) និងរៀបចំគំនូសប្លង់វិស្វកម្មលម្អិត(DEDs) សំដៅពន្លឿនការងារអនុវត្តបន្តរបស់គម្រោង 3CEP ក្នុងដំណាក់កាលរៀបចំគម្រោង ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា៖ គម្រោង 3CEP នេះនឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថាសមិទ្ធផលនៃគម្រោងនេះនឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាននិងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាពិសេស។
គម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងនូវស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ៖ ១-កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS),២-កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម ,៣-ចូលរួមចំណែកអនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន(ប៉ូលសេដ្ឋកិច្ចទី៥) និង៤-អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕







វិថីហិរញ្ញវត្ថុ


Account
Security
Favourite Content