រាជធានីភ្នំពេញ៖ កសិករស្ដ្រី វ័យ ៤២ឆ្នាំម្នាក់មកពីខេត្ដសៀមរាប ត្រូវបានចាត់ទុកជាវីរៈជនតំណាងឱ្យកសិករស្ដ្រីខ្មែរ និងបានប្រកាសជាឱឡារឹកនៅចំពោះមុខភ្ញៀវជាតិ-អន្ដរជាតិរាប់រយនាក់ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងនាមជាស្ដ្រីខ្មែរម្នាក់ដំបូងគេ ទើបក្លាយខ្លួនជាវីរៈនារីក្នុងវិស័យកសិកម្មតាមរយៈកម្មវិធីមួយរបស់អង្គការ FAO អ្នកស្រី សែត ហាច បានប្រែក្លាយសហគមន៍កសិកម្មតូចមួយរបស់ខ្លួននៅខេត្ដសៀមរាប ឱ្យពិភពលោកបានស្គាល់ និងស្ងប់ស្ញែងបំផុត។

ក្នុងទឹកមុខសប្បាយរីក ក្រោយចុះពីលើវេទិកា CAFE 26 អ្នកស្រី សែត ហាច បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា នេះជាការឡើងបង្ហាញខ្លួនលើឆាកកិត្ដិយសលើកទី២ ក្នុងនាមជាម្ចាស់ជ័យលាភីម្នាក់ក្នុងចំណោមម្ចាស់ជ័យលាភី ១០០នាក់ដំបូងគេនៅលើពិភពលោកដែលទទួលបានពានរង្វាន់នៅទីក្រុងរ៉ូម នៃប្រទេសអុីតាលី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០៦កន្លងទៅថ្មីៗនេះ។
អ្នកស្រី បានមានប្រសាសន៍ថា នេះជាផ្នែកមួយជួយលើកទឹកចិត្ដរូបអ្នកស្រីផ្ទាល់ ក៏ដូចជាសមាជិកសហគមន៍ “ស្ដ្រីភោគផលមានជ័យ” ផ្សេងទៀត ដែលកំពុងដំណើរការដាំបន្លែ និងចិញ្ចឹមមាន់ស្រែទៅតាមបច្ចេកទេសទំនើប មានកម្លាំងចិត្ដដឹកនាំ និងពង្រីកខ្លួនកាន់តែធំទៅថ្ងៃអនាគត។

បើតាមអ្នកស្រី សែត ហាច ក្នុងចំណោមបេក្ខនារី ៦០៩នាក់ ដែលបានផ្ញើប្រវត្ដិរូប និងសកម្មភាពការងារក្នុងវិស័យកសិកម្មរបស់ខ្លួនទៅគណៈកម្មការប្រកួតយកពាននៃកម្មវិធីរបស់អង្គការ FAO ក៏មានបេក្ខនារីពីប្រទេសកម្ពុជាចំនួន ៩នាក់ផ្សេងទៀតដែរ។ ប៉ុន្ដែមានតែអ្នកស្រីម្នាក់គត់ ត្រូវបានគណៈកម្មការសម្រេចផ្ដល់ពានរង្វាន់ ដោយអ្នកស្រីខ្លួនឯងផ្ទាល់យល់ថា វាកើតចេញពីការតស៊ូ លះបង់ការងារគ្រួសារច្រើនទៅពង្រឹងសហគមន៍រហូតទទួលបានលទ្ធផលជោគជ័យជាក់ស្ដែង។
សហគមន៍ “ស្ដ្រីភោគផលមានជ័យ” ចាប់ផ្ដើមបង្កើតនៅឆ្នាំ២០១៨ ដោយមានសមាជិកចំនួន ៨២ គ្រួសារ ហើយបច្ចុប្បន្នបានកើនរហូតដល់ ៥៤០គ្រួសារ។ បើគិតជាហ៊ុនរួមលើអាជីវកម្មដាំបន្លែង និងចិញ្ចឹមមាន់លក់សព្វថ្ងៃ គឺមានទឹកប្រាក់បង្វិលប្រចាំខែប្រមាណ ៧លានរៀល។
ភាពជោគជ័យ និងទទួលបានការកោតសរសើរពេលនេះ ត្រូវបានអ្នកស្រី រំលឹកអគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម អង្គការ FAO អង្គការគជ់ និងមន្ដ្រីពាក់ព័ន្ធដែលបានជួយជ្រោមជ្រែងទាំងបច្ចេកទេស លើកទឹកចិត្ដ និងបានពង្រឹងសមត្ថភាពគ្រប់គ្រងសហគមន៍ប្រកបដោយតម្លាភាព ខណៈដែលអ្នកស្រីរៀនសូត្របានតិចតួច ហើយធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើនមុននឹងមានថ្ងៃនេះ។

ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ ហៅកាត់ថា FAO ប្រចាំកម្ពុជា អ្នកស្រី Rebekah Bell ឱ្យដឹងថា បេក្ខភាពកសិករស្ដ្រីដែលទទួលបានពានរង្វាន់ទាំង ១០០នាក់ ត្រូវបានជ្រើសរើសពីបណ្ដាប្រទេសចំនួន ១៣០ នៅជុំវិញពិភពលោក។ សមិទ្ធផលរបស់អ្នកស្រី សែត ហាច នេះ បានក្លាយជានិម្មិតរូបរបស់កសិករស្ដ្រីនៅកម្ពុជា រួមចំណែកដល់កម្មវិធីសន្ដិសុខស្បៀងអាហារពិភពលោករបស់កម្ពុជា។
អ្នកស្រី Rebekah Bell បានភ្ជាប់សមិទ្ធផលនេះទៅនឹងទិវាអន្ដរជាតិ នៃកសិករស្ដ្រីឆ្នាំ២០២៦ ដែលអ្នកស្រីចាត់ទុកថា ស្ដ្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិចំណីអាហារ និងកសិកម្ម ដើម្បីឈានទៅសម្រេចបាននូវការផលិតកសិស្បៀងដ៏មានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យនៅលើទីផ្សារ។ ទន្ទឹមគ្នានេះ សកម្មភាពចូលរួមរបស់ស្ដ្រីក្នុងកម្មវិធី Cafe2026 ក៏បានបង្កើតឱកាសឱ្យពួកគេមើលឃើញពីសក្ដានុពលកសិកម្ម ហើយបង្កើតឱកាសធុរកិច្ចកសិកម្ម តភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់តម្លៃជាក់ស្ដែងនៅលើទីផ្សារជាតិ និងអន្ដរជាតិ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content