សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

សមាគមគ្រាប់ស្វាយចន្ទីពេញចិត្តកំណើនទិន្នផល និងតម្លៃល្អ ខណៈឆ្នាំ២០២៥ អាចទទួលបានកំណើនតម្លៃបន្ថែមទៀត

ភ្នំពេញ៖ ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានសម្ដែងការពេញចិត្តចំពោះផលគ្រាប់ស្វាយចន្ទី ដែលទទួលបានមានការកើនផលល្អ និងទទួលបានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ហើយសម្រាប់ការបញ្ចប់ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុបប្រមាណ ៨៥ម៉ឺនតោន កើនឡើង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ និងបានរកចំណូល ១,១៥ ពាន់លានដុល្លារក្នុងការនាំចេញគ្រាប់ស្វាយចន្ទីចំនួន ៨១ម៉ឺន ៥ពាន់តោន។

លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ AMS ថា រហូតមកដល់ពេលនេះ សម្រាប់ការបញ្ចប់ទៅនៃឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៥០ ០០០ តោន កើនឡើង ២៦,៨ ភាគរយ និងបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៨១៥ ០០០ តោន ដែលអាចរកចំណូល ១,១៥០ លានដុល្លារកើនឡើង ៣១ភាគរយ ដោយក្នុងនោះការនាំចេញទៅប្រទេសវៀតណាមមានចំនួន ៧៩៣, ៤៥៣ តោន។

ជាមួយគ្នានេះលោកបានកត់សម្គាល់ថា តួលេខខាងលើអាចនឹងខុសពីតួលេខរបស់ក្រសួងបន្តិច ដោយសារក្រសួងប្រមូលតួលេខពីអ្នកដែលសុំវិញ្ញាបនបត្រនាំចេញ ។ ​រីឯសមាគម បានកត់ត្រាពីឃ្លាំងសមាជិកសមាគម និងបានយកទៅប្រៀបធៀបជាមួយគយវៀតណាម ព្រមទាំងសមាគមស្វាយចន្ទីវៀតណាម ដើម្បីឱ្យតួលេខកាន់តែមានភាពត្រឹមត្រូវ​។

បន្ថែមពីនេះ ដោយសារវិស័យស្វាយចន្ទីបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគក្នុងស្រុក និងបរទេសនោះ កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនធំៗចំនួន ៥ មកពីប្រទេស ជប៉ុន កូរ៉េខាងត្បូង បង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ សម្រាប់នាំចេញទៅក្រៅប្រទេស។ នេះបើតាមលោក​ អ៊ួន ស៊ីឡុត បានបញ្ជាក់។

លោកប្រធានសមាគមបានបន្ថែមថា នេះជាសញ្ញាវិជ្ជមានសម្រាប់វិស័យស្វាយចន្ទី ដោយសារតែគោលដៅដែលសមាគមព្យាយាមស្វែងរកទិន្នន័យផ្សេងៗ គឺដើម្បីទាក់ទាញវិនិយោគ ដោយផ្តល់ទិន្នន័យមួយឱ្យគាត់ធ្វើការត្រិះរិះពិចារណា ។ ក្នុងន័យនេះ មិនមែនមានន័យថា ទិន្នន័យរបស់សមាគមល្អឥតខ្ចោះនោះទេ គ្រាន់តែជាប្រទីបមួយសម្រាប់ការសិក្សាបន្ថែម។ ជាគោលដៅរបស់សមាគម ចង់ឱ្យអ្នកវិនិយោគបើករោងចក្រកែឆ្នៃនៅក្នុងស្រុក ព្រោះការកែឆ្នៃក្នុងស្រុកអាចបន្ថែមតម្លៃដល់កសិករផងដែរ ហើយក៏អាចផ្តល់ឱកាសការងារដល់ប្រជាជនក្នុងស្រុកផង។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសហគ្រាសផលិតកម្ម កែច្នៃគ្រាប់ស្វាយចន្ទីសរុបចំនួន ៥០ ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន ៦ ដែលសង្ឃឹមថាក្នុងឆ្នាំ២០២៥ខាងមុខ នឹងមានការកើនឡើងបន្ថែម ព្រោះចំនួន៤៤ខ្នាតសិប្បកម្មតូចៗលក្ខណៈគ្រួសារ មិនអាចដំណើរការពេញមួយឆ្នាំនោះទេដោយសារខ្វះទុនបង្វិលក្នុងការទិញគ្រាប់ស្តុកទុកកែឆ្នៃ។

លោក អួន ស៊ីឡុត បានឱ្យដឹងបន្ថែមថា ៖

«ចំពោះទុនបង្វិលសមាគមបានចុះអនុស្សរណៈជាមួយធនាគារ SME Bank ដោយទទួលបានកម្ចីប្រមាណ១០០លានដុល្លារ សម្រាប់សមាជិកសមាគម តែយើងទើបទទួលបាន ៤លានដុល្លារ ដោយសារលក្ខខណ្ឌកម្ចីច្រើន ហើយសហគ្រាសមិនអាចបំពេញតាមលក្ខខណ្ឌធនាគារបាន។ ខ្ញុំសង្ឃឹមថា​នៅក្នុងឆ្នាំ២០២៥ខាងមុខ​ ទិន្នផលគ្រាប់ស្វាយចន្ទីឆៅ នឹងកើនឡើង១០ភាគរយ ដោយសារផ្ទៃដីចន្ទីតូចៗ បានផ្តល់ផលជាបណ្តើរៗ បើសិនមិនមានការប្រែប្រួលអាកាសធាតុធំដុំទេនោះ ហើយខ្ញុំពេញចិត្តចំពោះទិន្នផលឆ្នាំនេះ ដែលមានការកើនឡើង និងមានតម្លៃល្អ»។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ចម្ការស្វាយចន្ទីគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥៨០.១១៧ ហិកតា នៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤។ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេប្រមាណ ១៤៧.៧០០ ហិកតា បន្ទាប់មកខេត្តក្រចេះមាន ១០២.៥០០ ហិកតា និងខេត្តរតនគិរី ៩៧,២០០ហិកតា។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ៦៥,៦០០តោន ទទួលបានចំណូលប្រមាណ ៨៣៧លានដុល្លារអាមេរិក ខណៈនៅឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦៧០,០០០តោន ដែលមានតម្លៃ ១,០៧៧ពាន់លានដុល្លារ៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *