សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Financial Times បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចក្រភពអង់គ្លេស។

នៅក្រោមកិច្ចព្រមព្រៀងអាម៉េរិក-ចក្រភពអង់គ្លេសនេះ  Trump បានយល់ព្រមកាត់បន្ថយពន្ធ ២៧,៥% មកត្រឹម ១០%  សម្រាប់រថយន្ត ១ម៉ឺនគ្រឿងដំបូងដែលនាំចូលពីអង់គ្លេសជារៀងរាល់ឆ្នាំ។ កិច្ចព្រមព្រៀងនេះក៏នឹងធានាថា ការនាំចេញម៉ាស៊ីនយន្តហោះ និងសមាសធាតុអវកាសផ្សេងទៀតរបស់របស់អង់គ្លេសទៅកាន់អាម៉េរិកនឹងត្រូវបានរួចផុតពីពន្ធគយ។ ការលើកលែងពន្ធលើវិស័យអវកាសគឺជាការបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងត្រូវបានលើកលែងពីការយកពន្ធណាមួយដែលកើតចេញពីការស៊ើបអង្កេតសន្តិសុខជាតិរបស់អាម៉េរិក។

កាលពីថ្ងៃទី ៨ ខែឧសភា Trump បានសន្យាថា ចក្រភពអង់គ្លេសនឹងរួចផុតពីពន្ធសន្តិសុខជាតិមួយចំនួនប្រសិនបើពួកគេបំពេញតាមតម្រូវការរបស់ទីក្រុងវ៉ាស៊ីនតោន ដោយដកប្រទេសចិនចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់។ គួរបញ្ជាក់ដែរថា ចក្រភពអង់គ្លេសគឺជាប្រទេសតែមួយគត់ដែលបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកចាប់តាំងពី Trump ប្រកាសពន្ធឆ្លើយតបឲ្យមានភាពស្មើគ្នាលើប្រទេសជាច្រើន។ ស្របពេលដែលកំពុងនៅក្រោមសម្ពាធនយោបាយនៅក្នុងអង់គ្លេស នាយករដ្ឋមន្ត្រី Keir Starmer ត្រូវអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ជាពិសេសលើឧស្សាហកម្មដែលរងផលប៉ះពាល់ដោយពន្ធគយ។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 លោក Trump បានបញ្ជាក់ភ្លាមៗថា អាម៉េរិក និងចក្រភពអង់គ្លេសទើបតែចុះហត្ថលេខារួចរាល់លើបទបញ្ជាប្រតិបត្តិ ដែលនឹងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ជាថ្នូរនឹងការកាត់បន្ថយពន្ធរបស់ Trump ចក្រភពអង់គ្លេសបានផ្តល់សិទ្ធិឱ្យអាម៉េរិកចូលក្នុងទីផ្សារកាន់តែធំជាងមុនសម្រាប់សាច់គោ អេតាណុល និងផលិតផលឧស្សាហកម្ម។ រដ្ឋាភិបាលចក្រភពអង់គ្លេសរំពឹងថា ការផ្តល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលជួយសម្រួលដល់ឧស្សាហកម្មរថយន្ត និងយានអវកាសរបស់ខ្លួននឹងចូលជាធរមាននៅចុងខែនេះ។

កាលពីដំបូង កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសមានគោលបំណងកាត់បន្ថយពន្ធរបស់អាម៉េរិកលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អង់គ្លេសមកត្រឹមសូន្យ ប៉ុន្តែការចរចានេះត្រូវបានអូសបន្លាយ។ ទន្ទឹមនឹងនេះ កិច្ចពិភាក្សារវាងចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិកលើការនាំចេញដែកថែប និងអាលុយមីញ៉ូមកំពុងបន្តនៅឡើយ។ អ្នកផលិតដែកនៅទូទាំងពិភពលោកកំពុងជួបផលលំបាកជាមួយនឹងការយកពន្ធ ៥០ ភាគរយលើការនាំចេញរបស់ពួកគេទៅកាន់អាម៉េរិក បន្ទាប់ពី Trump ដំឡើងលើពន្ធ ២៥ ភាគរយបន្ថែមពីលើពន្ធដែលមានស្រាប់ ប៉ុន្តែគាត់បានផ្តល់ឱ្យចក្រភពអង់គ្លេសនូវការលើកលែងមួយដើម្បីទុកពេលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *