ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កោះនរា នឹងក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច និងជួយបង្កើនជីវភាពប្រជាពលរដ្ឋឱ្យរីកចម្រើនកាន់តែលឿន ដោយការអភិវឌ្ឍនៅតំបន់កោះនរា គឺដើម្បីបែងចែកនូវផលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ហើយនឹងត្រូវអភិវឌ្ឍន៍មិនចាញ់តំបន់កោះពេជ្រនោះទេ ពោលនឹងបង្កើតទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ទៅតាមអ្វីដែលបានគ្រោងទុក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលបានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ហើយកោះនរានេះទៀតសោត ប្រៀបដូចជាការជប់ដីដែលត្រូវបានលុបបាត់ ហើយធ្វើឱ្យរីកឡើងវិញកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖
«ការប្រែក្លាយទីនេះ (កោះនរា) ទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ដែលមានគ្រោងដូចជា ទីផ្សារ កន្លែងធ្វើការ សួនកម្សាន្ដ សម្រាប់ប្រជាពលរដ្ឋ ។ ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ ទៅដល់ប្រជាពលរដ្ឋទូទៅ មិនមែនផ្ដល់តែសម្រាប់ OCIC ទេ មិនមែនអ្នកឧកញ៉ា ពុង ឃាវសែ ធ្វើផ្ទះហើយហាមគេចូលទេ ប៉ុន្ដែផ្ដល់ផលឱ្យប្រជាពលរដ្ឋទូទៅ នេះហើយជាការអភិវឌ្ឍពិតប្រាកដ គឺការចែកផលលាភទៅដល់ប្រជាពលរដ្ឋ»។

ស្ពានកោះនរា ជាសមិទ្ធផលថ្មីលើដីសន្តិភាព ប្រសិនបើគ្មានសន្តិភាពទេ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ សង្ឃឹមថាទៅថ្ងៃមុខរាជរដ្ឋាភិបាលបន្តការអភិវឌ្ឍបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋបានប្រសើរឡើង។ ប្រជាពលរដ្ឋរស់នៅតំបន់ច្បារអំពៅ បានសំដែងការសប្បាយចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត អភិបាលរាជធានី និងក្រុមហ៊ុន OCIC ដែលបានខិតខំសហការគ្នាសាងសង់ស្ពាននេះ ដែលជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។ ខណៈដែលស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងជួយដល់ការកាត់បន្ថយ ការកកស្ទះចរាចរណ៍បានមួយកម្រិតថែមទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ១ ។
ស្ពានកោះនរា គឺជាសមិទ្ធផលថ្មីមួយ ទៀត ដែលបានកើតជារូបរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្ពានបេតុងខ្សែកាបកោះនរា.កោះពេជ្រ សាងសង់ដោយក្រុមហ៊ុន OCIC មានប្រវែង៨២៤ម៉ែត្រ,ទទឹង ២៤ម៉ែត្រកន្លះ,ចែកចេញជា៤គន្លងគឺ២គន្លងសម្រាប់រថយន្ត,១គន្លងសម្រាប់ម៉ូតូនិងមួយគន្លងទៀតសម្រាប់អ្នកថ្មើជើងដែលបានបើកដំណើរការសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ដោយចំណាយលើការសាងសង់អស់ប្រមាណ៣៨លានដុល្លារ។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ថា ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូងរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង ៣០០លានដុល្លាររួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីឱ្យគម្រោងទីក្រុងរណបកោះនរានេះ អាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខ មិនរាប់បញ្ចូលការសាងសង់អគារ។
ដើម្បីរៀបចំទីក្រុងរណបកោះនរាឱ្យក្លាយជា Smart City, ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖
ក- ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា
ខ- សាងសង់បេតុងច្រាំងទន្លេ ប្រវែងសរុប៨,២០០ម៉ែត្រ
គ- ប្រព័ន្ធលូបង្ហូរក្រោមដី២ប្រភេទ គឺលូទឹកភ្លៀង និងលូទឹកកខ្វក់ ដែលជាប្រព័ន្ធលូទំនើប ហើយងាយស្រួលគ្រប់គ្រង និងមិនប៉ះពាល់ដល់បរិស្ថាន និងទន្លេ។

ឃ- ប្រព័ន្ធទឹកស្អាត៖ ប្រព័ន្ធបំពង់ក្រោមដី សម្រាប់អគ្គីសនី និងខ្សែកាបអុបទិក
ង- អំពូលភ្លើងបំភ្លឺផ្លូវប្រភេទសូឡា ចំនួន៥០០បង្គោល
ច- ប្រព័ន្ធ Camera សុវត្ថិភាព សម្រាប់គ្រប់គ្រងសណ្តាប់ធ្នាប់ និងសន្តិសុខ
ឆ- ស្ថានីយបូមទឹក ការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា តម្រូវឲ្យមានការប្តូរទីតាំងស្ថានីយ បូមទឹកនិរោធ របស់រដ្ឋាករទឹកស្វ័យតភ្នំពេញ។ ក្រុមហ៊ុន OCIC បានឯកភាពសាងសង់ ស្ថានីយបូមទឹកឆៅថ្មី ដោយបង្កើនទំហំពី ២៦ម៉ឺនm/ថ្ងៃ ទៅដល់ ៣៩ម៉ឺន m/ថ្ងៃ ដើម្បីឲ្យ ស្របតាមផែនការរបស់រដ្ឋាករទឹកស្វ័យតភ្នំពេញ ទៅថ្ងៃខាងមុខ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content