ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋានក្នុងលក្ខខណ្ឌងាយស្រួល ឆាប់រហ័ស និងឯកសារមិនស្មុគស្មាញ ជាមួយអត្រាការប្រាក់សមរម្យបំផុត។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានត្រូវប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលធនាគារ ជីប ម៉ុង ស្ថិតនៅអគារ ជីប ម៉ុង ថៅវើរ ដែលជាអគារខ្ពស់បំផុតមួយក្នុងចំណោមអគារខ្ពស់ៗជាច្រើនបង្ហាញពីគ្រឹះដ៏រឹងមាំរបស់ធនាគារ និងការវិនិយោគយូរអង្វែង។

កិច្ចសហការនេះ មានគោលបំណងចម្បងដើម្បីជួយឱ្យប្រជាពលរដ្ឋខ្មែរអាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយផ្ដល់កម្ចីគេហដ្ឋានឆាប់រហ័សទាន់ពេលវេលា និងតម្រូវការអតិថិជន ជាពិសេសជាមួយរយៈពេលសងកម្ចីវែងរហូតដល់២០ឆ្នាំ និងមានច្រើនជម្រើសបត់បែនជូនអតិថិជននៅពេលសងកម្ចីត្រលប់។ ជាមួយកិច្ចសហការនេះផងដែរ បុរី ឡាក់ឃី វ័ន ទទួលបាននូវហិរញ្ញប្បទានក្នុងការបង្វិលសាច់ប្រាក់ ដើម្បីអភិវឌ្ឍបុរីបន្ថែមបានលឿនរហ័សស្របតាមតម្រូវការទីផ្សារ។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ៖
« គ្រប់គ្នាតែងមានគោលដៅ និងក្ដីស្រមៃចង់បានទីលំនៅមួយដ៏សមរម្យសម្រាប់រស់នៅជាកម្មសិទ្ធិរបស់ខ្លួន ដូច្នេះហើយក្នុងនាមជាធនាគារខ្មែរដែលវិនិយោគដោយកូនខ្មែរ១០០% ការជួយជ្រោមជ្រែងប្រជាជនខ្មែរ ជាកាតព្វកិច្ចរបស់យើងជាធនាគារ ជីប ម៉ុង ទើបនៅថ្ងៃនេះ យើងខ្ញុំ ជាមួយ បុរី ឡាក់ឃីវ័ន បានចុះអនុស្សរណៈយោគយល់លើភាពជាដៃគូក្នុងការផ្ដល់កម្ចីគេហដ្ឋានក្នុងលក្ខខណ្ឌពិសេស»។

អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងថា៖
«ធនាគារ ជីប ម៉ុង នៅតែបន្តស្វាគមន៍ក្នុងការសហការបន្តជាមួយម្ចាស់បុរីផ្សេងៗទៀតដើម្បីចាប់ជាដៃគូសហការផ្តល់កម្ចីគេហដ្ឋានជូនដល់អតិថិជន ហើយធនាគារបើកទ្វារកាន់តែធំសម្រាប់ប្រជាជនខ្មែរទាំងអស់ដែលមានគោលដៅ និងគម្រោងអាជីវកម្មច្បាស់លាស់។ ធនាគារជីប ម៉ុង បង្កើតឡើងដោយវិនិយោគិនខ្មែរ យល់ច្បាស់ពីខ្មែរ និងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ»។

លោក លី លឹមអាង អគ្គនាយកបុរី ឡាក់ឃី វ័ន បានមានប្រសាសន៍ថា៖
«នេះជាការបើកទំព័រថ្មី ក្នុងការចាប់ដៃគូយុទ្ធសាស្ត្រជាផ្លូវការរវាងបុរីយើងខ្ញុំ និងធនាគារ ជីប ម៉ុង។ ការចាប់ដៃគូជាមួយធនាគារ ជីប ម៉ុង ដែលជាធនាគារឈានមុខគេ បង្កើតដោយសហគ្រិនខ្មែរ ១០០% នេះ គឺជាការរួមចំណែកក្នុងការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិដ៏មានប្រសិទ្ធភាពបំផុត»។
នៅក្នុងឱកាសជាមួយគ្នានេះ ក្នុងនាមជាអ្នកអភិវឌ្ឍលើវិស័យអចលនទ្រព្យមួយរូប លោកពិតជាសប្បាយចិត្តណាស់ដែលធនាគារ ជីប ម៉ុង ជឿជាក់លើគម្រោងរបស់លោក ជាមួយនឹងគោលបំណងរួមគ្នា ស្វែងរកនូវដំណោះស្រាយដ៏ល្អជូនដល់អតិថិជន ហើយលោកនឹងបន្តខិតខំអភិវឌ្ឍគម្រោង ប្រកបដោយគុណភាព ប្រណីតភាព និងតម្លៃសមរម្យ ដើម្បីជួយទៅដល់ប្រជាជនខ្មែរទាំងអស់។

ធនាគារ ជីប ម៉ុង គឺជាធនាគារដែលមានគ្រឹះរឹងមាំ និងផ្តល់ទំនុកចិត្តខ្ពស់ ដោយបន្តដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២ ជាមួយប្រវត្តិច្បាស់ជាក់លាក់ និងយូរអង្វែង ហើយនៅតែបន្តថែមទៀតក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុទៅគ្រប់វិស័យ មិនថាវិស័យអចលនទ្រព្យ វិស័យកសិកម្ម ឬវិស័យឧស្សាហកម្មនោះទេ៕ ដោយៈញ៉ែម សុផល




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content